​យុវជន​​មួយ​ចំនួនប្រែក្លាយ​​​ថ្ងៃ​​ ១៤ កុម្ភៈ​ ​ទៅ​​ជា​សកម្មភាព​​ដ៏​​មាន​ប្រយោជន៍​បំផុត​សម្រាប់​សង្គម

  • 2015-02-14 18:27:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទិវា​នៃ​ក្តី​ស្រលាញ់​​​បាន​​មក​ដល់​នៅ​​​ថ្ងៃ​នេះ​ យុវជន​​មួយ​​​ចំនួន​បាន​ឆ្លៀត​យក​ឱកាស​​ដ៏​វិសេសវិសាល​​​នេះ​បង្ហាញ​សេចក្តី​​ស្រលាញ់​​ចំពោះ​លោក​គ្រូ​-អ្នក​​គ្រូ​ ​​កិច្ច​ការងារ​សង្គម​ និង​ផ្នែក​មនុស្ស​ធម៌​។ ខាង​ក្រោម​នេះ​គឺ​ជា​សកម្មភាពបី​​ ដែល​​យុវជន​ បង្ហាញ​ព្រម​គ្នា​នៅ​ថ្ងៃ​នេះ​៖

 

  • យុវជន​​​យ៉ាង​ច្រើន​​កុះករ ​​បាន​​​ចូល​រួម​ការ​បរិច្ចាគ​ឈាម​កាល​ពី​ព្រឹក​មិញ​​ នៅ​ទីលាន​ប្រជាធិបតេយ្យ​​។ កម្មវិធី​នេះ​រៀប​ចំ​ឡើង​ដោយ​មជ្ឈមណ្ឌល​​​ជាតិ​ផ្តល់​ឈាម​​ ដោយ​​ចាប់​ផ្តើម​​តាំង​ពី​ម៉ោង​ ៨ ព្រឹក ​រហូត​​ដល់​ម៉ោង​ ៤​ រសៀល។ មជ្ឈមណ្ឌល​ជាតិ​ផ្តល់​ឈាម​​បាន​​ឲ្យ​ដឹង​​ ក្នុង​សេចក្តី​​ផ្សព្វផ្សាយ​របស់​ខ្លួន​ថា​ ការ​អញ្ជើញ​ចូល​រួម​បរិច្ចាគ​ឈាម​ក្នុង​ថ្ងៃ​ពិសេស​នេះ ​គឺ​ជា​ពេល​វេលា ​ដ៏​ល្អ​ឥត​ខ្ចោះ​ ដើម្បី​បង្ហាញ​ពី​ ​សេចក្ដី​ស្រលាញ់​ របស់​អ្នក​ចំពោះ ​មនុស្ស​ជា​ទី​ស្រលាញ់​ និង​ជន​រង​គ្រោះ​។​ ជា​ការ​ពិត​ណាស់ ​ការ​ផ្តល់​ឈាម​ ​គឺ​ជា​កាយ​វិការ​មនុស្សធម៌​ ដែល​សាមញ្ញ​បំផុត​ ​ដើម្បី​ជួយ​ជន​រង​គ្រោះ​។​ អ្នក​គ្រាន់​តែ​ចំណាយ​ពេល​ ​តិច​ជាង​ ​មួយ​ម៉ោង ​និង​មិន​ចំណាយ​អ្វី​ទាំង​អស់​ហើយ​ ​ក្រោយ​មក​ អ្នក​នឹង​រីករាយ​ជាមួយ​បទពិសោធន៍​ ​ដែល​មិន​អាច​បំភ្លេច​បាន​ ​ជាមួយ​នឹង​មិត្តភក្ដិ​របស់​អ្នក​ និង​ ទទួល​បាន​អាហារ ​ភេសជ្ជៈ ​និង ​ការដូរ​​អនុស្សាវរីយ៍ ​ដូច​ជា​ផ្កា​កុលាប ​និង​អាវ​យឺត​មួយ​។

 

 

-និស្សិត​សាកលវិទ្យាល័យភូមិន្ទ​​ភ្នំពេញ​ បាន​បង្កើត​​កម្មវិធី​​សប្បុរសធម៌​​របស់​​ខ្លួន​​នៅ​ព្រឹក​មិញ​នេះ ដោយ​មាន​​និស្សិត​ និង​សាស្ត្រាចារ្យ​ ចូល​រួម​​​​​ប្រមាណ ១​ម៉ឺន​នាក់​។  ​លោក​ ងន់ ម័រ​ អនុប្រធាន​​មជ្ឈមណ្ឌល​បច្ចេកវិទ្យា​ព័ត៌មាន ​នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​បាន​ប្រាប់​ Sabay ថា​ នេះ​គឺ​ជា​​សកម្មភាព​មនុស្សធម៌​លើក​ទី​៦ ដែល​​សាកលវិទ្យាល័យ​រៀប​ចំ​ឡើង​​ ដោយ​មាន​រៀប​ចំ​ស្តង់​លក់​វត្ថុ​អនុស្សាវរីយ៍​​ចំនួន ២០០ ​​​និង​សកម្មភាព​​​ដាំ​ដើម​ឈើដោយ​ក្រុម​និស្សិត​​​​។

 

លោក​បាន​​បន្ថែម​​ថា សាកលវិទ្យាល័យ​​នឹង​​យក​ថវិកា​ ដែល​ទទួល​បាន​​ពី​ការ​​លក់​វត្ថុ​អនុស្សាវរីយ៍​ ការ​​ចូល​​រួម​​ពី​សប្បុរសធម៌ជន​ ​ព្រម​​ទាំង​ការ​​លក់​អាវ​យឺត​ ទៅ​​ជួយ​​ទៅ​មន្ទីរ​ពេទ្យ​ និង​អង្គការ​មនុស្សធម៌​មួយ​ចំនួន។

​​​​​

​​​​-​ចាប់​តាំង​ពី​ម្សិល​មិញ​មក​និស្សិត​ និង​សាស្ដាចារ្យ​សាកលវិទ្យាល័យ​បញ្ញា​សាស្រ្ត​ បាន​​ចូល​រួម​​​​ចែក​រំលែក​សេចក្តី ស្រលាញ់​របស់​ខ្លួន​ ទៅ​កាន់​លោក​​គ្រូ​-អ្នក​គ្រូ​ និង​ការ​ផ្សព្វផ្សាយ​​សិល្បៈ ​វប្បធម៌​ខ្មែរ​។ នេះ​បើ​តាម​យុវជន​ ម៉េង ពុទ្ធី​ អនុប្រធាន​សភា​និស្សិត​ប្រចាំ​នៅ​សាកលវិទ្យាល័យ​។ ពុទ្ធី​ បាន​រៀប​រាប់​ថា ​​កម្មវិធី​ម្សិល​មិញ​មាន​ការ​​បង្ហាញ​របាំ​ និង​សិល្បៈ​ខ្មែរ ដោយ​មាន​​ការ​ចូល​រួម​​ពី​និស្សិត​យ៉ាង​ច្រើន​កុះ​ករ​ ហើយ​នៅ​ថ្ងៃ​ទី​​១៤ នេះ​ សាកលវិទ្យាល័យ​ក៏​មាន​​ចំ​កម្ម​វិធី​​សប្បុរសធម៌​ ដើម្បី​យក​​ថវិកា​​ជូន​ដល់​មន្ទីរពេទ្យ​គន្ធបុប្ផា​ផង​ដែរ នៅ​ពេល​​រសៀល​នេះ​៕

 

អត្ថបទ៖មៃ សុខលីម

អត្ថបទថ្មី