វីរីយ៉ា ត្រៀមសម្ពោធហាង ម៉ាស្សា ប្រើទុនជាង២ម៉ឺនដុល្លារ
- 2016-02-15 18:26:52
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
វីរីយ៉ា ត្រៀមសម្ពោធហាង ម៉ាស្សា ប្រើទុនជាង២ម៉ឺនដុល្លារ
ចន្លោះមិនឃើញ
តារាសម្ដែងសិចស៊ី ពៅ វីរីយ៉ា បានបង្ហើបឲ្យ Sabayដឹងថា ឆាប់ៗខាងមុខនេះ នាងត្រៀមសម្ពោធហាង ម៉ាស្សា មួយកន្លែង ដោយហាងមួយនោះខ្លួនបានប្រើទុនជាង២ម៉ឺនដុល្លារ។
ហាងម៉ាស្សា ដែលតារាស្រីខាងលើគ្រោងសម្ពោធនោះ មានទីតាំងជិតម៉ុងឌីយ៉ាល់ ដោយបច្ចុប្បន្នកំពុងតែឲ្យជាងសម្រុកធ្វើបង្ហើយ តាមផែនការ។ " ជាងធ្វើជិតរួចហើយ ខ្ញុំបើកម៉ាស្សា ស្ទីម សូណា ១កំប្លេតែម្ដង អស់ជាង២ម៉ឺន ដែរហ្នឹង" វីរីយ៉ាលើកឡើង។
មុនឈានមកបើកជំនួញ ហាងម៉ាស្សា តារាសិចស៊ីមានកំណើតមកពីខេត្ត ព្រៃវែង ម្នាក់នេះ ធ្លាប់បានបើកកាហ្វេម្ដងរួចមកហើយ នៅតំបន់វត្តភ្នំ តែក្រោយមក ក៏បិទទៅវិញ ព្រោះផុតកុងត្រាផ្ទះ។ ការងាកមកបើកមុខរបរធ្វើឲ្យមនុស្សស្រួលខ្លួននេះ ត្រូវបាន វីរីយ៉ា បញ្ជាក់ថា ព្រោះខ្លួនគិតថា បច្ចុប្បន្នរបរនេះកំពុងពេញនិយម ជាពិសេសទៅលើក្រុមបុរសៗ ហើយងាយស្រួលរកលុយថែមទៀតផង។
"ម៉ាស្សា ស្ទឹម សូណា ឥឡូវគេពេញនិយមខ្លាំងណាស់ ប្រុសៗឲ្យតែស្រវឹង មិនស្រួលខ្លួន ដឹងតែទៅរកកន្លែងហ្នឹងហើយ អីចឹងខ្ញុំគិតថា វានឹងជោគជ័យពេលដាក់ឲ្យដំណើរការ" តារាសម្ដែង ក្នុងរឿង ជំនួញអាគម រៀបរាប់។ ហាងម៉ាស្សាដែលគ្រោងបើក ត្រូវបានតារាស្រីរូបនេះ សម្រេចដាក់ឈ្មោះថា"វីរីយ៉ា ស្ប៉ា សាឡន " ដោយគ្រោងសម្ពោធនៅ ដើមខែ មេសា ខាងមុខនេះ។
កញ្ញា ពៅ វីរីយ៉ា បានចូលសិល្បៈនៅចុងឆ្នាំ ២០១៤ តាមរយៈការសម្ដែងរឿងខ្លីៗ របស់ស្ថានីយទូរទស្សន៍ប៉ុស្តិ៍លេខ ៥ ហើយក្រោយមក ក៏មានឱកាស ថតរឿងថ្មីជាច្រើន ដោយមកទល់ពេលនេះ ថតបានជិត ១០ រឿង មកហើយ។ ខ្សែភាពយន្តនាងធ្លាប់ថតមានដូចជា រឿង គំនុំស្នេហ៍អតីតជាតិ, ជីវិតនាងរក្សា, ទឹកភ្នែកកុលាបបាត់ដំបង, អូនទុំបងទាវ, ជាដើម។ បច្ចុប្បន្ននាងកំពុងតែចុះក្រុងត្រាថតរឿងថ្មីមួយទៀតឲ្យផលិតកម្ម Rock គឺរឿង" ជំនួញអាគម"៕
អត្ថបទ៖ ខុត សីហា រូបថត៖ ផ្ដល់ឲ្យ