ទន្លេមួយនៅព្រៃអាម៉ាហ្សូនមានទឹកពុះក្ដៅ ហ៊ានតែធ្លាក់ រលាកស្លាប់ ឆ្អិន
- 2016-02-18 16:26:53
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទន្លេមួយនៅព្រៃអាម៉ាហ្សូនមានទឹកពុះក្ដៅ ហ៊ានតែធ្លាក់ រលាកស្លាប់ ឆ្អិន
ចន្លោះមិនឃើញ
ទន្លេប្រវែង ៤ ម៉ាយ (ជាង៦ គីឡូម៉ែត្រ) ស្ថិតនៅក្នុងទីជ្រៅនៃព្រៃអាម៉ាហ្សូន ក្លាយជាកន្លែងធ្វើឲ្យមនុស្សជាច្រើនចាប់អារម្មណ៍ចង់ដឹង ដោយសារតែកម្ដៅក្ដៅរបស់វា ធ្វើឲ្យទឹកទន្លេពុះ។
ទន្លេ Mayantuyacu ដែលមានកម្ដៅក្ដៅដូចទឹកពុះខាងលើ ស្ថិតនៅក្នុងប្រទេសប៉េរូ ត្រូវបានគេនិយាយរៀបរាប់តៗគ្នារយៈពេលយូរមកហើយ។ ក្រោយមក អ្នកភូគព្ភសាស្ត្រម្នាក់(សិក្សាពីផែនដី) មកពីសាកលវិទ្យាល័យ Southern Methodist សហរដ្ឋអាមេរិក ឈ្មោះ Andrés Ruzo ដែលបានឮពីរឿងនោះ បានគិតថា វាគឺជាបាតុភូត ដែលមិនអាចកើតឡើងបាន។
Ruzo ជឿថា វាត្រូវការថាមពលកម្ដៅខ្លាំងក្នុងផែនដីទើបអាចកម្ដៅទឹកទន្លេតូចមួយឲ្យពុះបាន ជាមួយគ្នានោះ ប្រភពទឹកនៅព្រៃអាម៉ាហ្សូន គឺនៅឆ្ងាយពីភ្នំភ្លើងសកម្ម។
យ៉ាងណាក្ដី ក្នុងឆ្នាំ២០១១ Ruzoបានឃើញទឹកទន្លេពុះក្ដៅហ៊ុយៗដោយផ្ទាល់ភ្នែក និងបានចំណាយពេលសិក្សាពី ទន្លេនោះ។ Ruzo បានឲ្យដឹងថា គាត់បានរលាកដោយបានប៉ះទឹកទន្លេ និងអាចស្លាប់តែម្ដងប្រសិនបើធ្លាក់ចូលទឹកទន្លេនោះ។ វាមានកម្ដៅក្ដៅអាចឆុងតែបាន ហើយទឹកទន្លេមានកម្តៅក្តៅផ្សេងពីគ្នាតាមកន្លែង។ Ruzo ក៏បានសង្កេតឃើញថា មានសត្វដែលធ្លាក់ទន្លេ Mayantuyacu គឺត្រូវងាប់និងស្រុះសាច់ឆ្អិនតែម្ដង។
ក្រោយមក Ruzo ក៏បានសរសេរសៀវភៅមួយក្បាលរៀបរាប់អំពី ទន្លេ Mayantuyacu។ យោងទៅតាមការស្រាវជ្រាវក្នុងសៀវភៅនោះបានសរសេរពីដំណើរនៃការធ្វើឲ្យទឹកទន្លេ Mayantuyacu ក្ដៅពុះ គឺដោយសារកម្ដៅសំបកផែនដី ធ្វើឲ្យទឹកផុសក្នុងដីក្ដៅ។ នៅពេលភ្លៀងធ្លាក់ នៅតំបន់នោះ ទឹកបានជ្រាបផ្ដុំគ្នាក្នុងគន្លាក់រន្ធថ្ម ពេលទឹកហូរចេញមក ផ្សំនឹងកម្ដៅផែនដី ធ្វើឲ្យក្ដៅបែកស្រទាប់ថ្ម ក្លាយជាទឹកទន្លេក្ដៅ៕
ចុចអាន៖ ទន្លេណាខ្លះ ស្អាតជាងគេបំផុតទាំង៥ក្នុងលោក?
ប្រែសម្រួល៖ មាន រតនា ប្រភព៖ dailymail