តារា​​​ជើង​ចាស់​ម្នាក់​មាន​ជំងឺ​ធ្ងន់ធ្ងរ គ្មាន​​ប្រាក់​ព្យាបាល រៀប​រាប់​ទាំង​ទឹក​ភ្នែក

  • 2016-02-18 18:56:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​សម្ដែង​ជើង​ចាស់​អ្នក​ស្រី ឈុន ណារី បច្ចុប្បន្ន​កំពុងតែ​មាន​ជំងឺ​យ៉ាង​ធ្ងន់ធ្ងរ ដោយ​មិន​មាន​ប្រាក់​ព្យាបាល​​ខ្លួន​ឡើយ តារា​រូប​នេះ​បាន​រៀប​រាប់​​ពី​ទុក​លំបាក​របស់​ខ្លួន​ទាំង​ទឹក​ភ្នែក។

 

 

ក្នុង​ជំនួប​ជា​មួយ Sabay កាល​ពី​ម្សិល​មិញ​នៅ​កុដិ​លេខ២៤ វត្ត នាគវ័ន្ត រាជធានី​ភ្នំពេញ គ្រា​ដែល​​តារា​រូប​នេះ​មក​ទទួល​អំណោយ​ពី សមាគម​សិល្បករ​​ខ្មែរ អ្នក​ស្រី ឈុន ណារី បាន​រៀប​រាប់​ទាំង​ទឹក​ភ្នែក​ថា អ្នក​ស្រី​បាន​កើត​ជំងឺ​ទាច​​ទឹក​ជា​ច្រើន​ឆ្នាំ​មក​ហើយ ដែល​​ដំបូង​ឡើយ មាន​សភាព​ធូរ​ស្រាល​ទេ ប៉ុន្តែ​​ដោយ​មិន​មាន​ប្រាក់​គ្រប់គ្រាន់​​ព្យាបាល​ជំងឺ​របស់​ខ្លួន ​ក៏​​ចាប់​​ផ្ដើម​ធ្ងន់ធ្ងរ​ឡើងៗ។

 

 

អ្នក​ស្រី​បាន​បន្ត​ឲ្យ​ដឹង​ទៀត​ថា ជំងឺ​របស់​ខ្លួន​ បាន​ចាប់​​ផ្ដើម​ធ្វើ​ទុក​ខ្លាំង​ជិត១ឆ្នាំ​​មក​នេះ ជាមួយ​នោះ​​ អ្នក​ស្រី​បាន​ទៅ​ព្យាបាល​ពេទ្យ​ជា​ច្រើន​កន្លែង តែ​ពេទ្យ​ប្រាប់​ថា មិន​មាន​សង្ឃឹម​​ឡើយ ត្បិត​អី​ជំងឺ​នេះ បាន​ចូល​ដល់​ដំណាក់​ការ​ធ្ងន់ធ្ងរ​​ហើយ ព្យាបាល​ត្រូវ​ការ​ប្រាក់​ច្រើន។

 

ដោយ​មិន​​មាន​ប្រាក់​ទិញ​ថ្នាំ​ពេទ្យ បច្ចុប្បន្ន អ្នក​ស្រី ឈុន ណារី ពឹង​ទៅ​លើ​ថ្នាំ​​ខ្មែរ ក្នុង​​ការ​ព្យាបាល។ តារា​សម្ដែង ដែល​មាន​ស្រុក​កំណើត មក​ពី​ស្រុក ប្រសូត ខេត្ត ស្វាយរៀង ម្នាក់​នេះ មិន​មាន​សង្ឃឹម​ថា ជំងឺ​​ដែល​កំពុង​តែ​យាយី​ខ្លួន​ប្រាណ​នេះ ​អាច​ព្យាបាល​ជា​ឡើយ ដោយ​បច្ចុប្បន្ន​នេះ​រស់​ក្នុង​ក្ដី​អស់​សង្ឃឹម​ខ្លាំង​ណាស់។

 

 

 

ងាក​មក​ក្រុម​គ្រួសារ​​វិញ អ្នក​ស្រី ឈុន ណារី មាន​ស្វាមី​ជា យោធិន​ពិការ មាន​កូន​ស្រី​ម្នាក់ កំពុង​សិក្សា នៅ​សាកលវិទ្យាល័យ​មួយ។ ដោយសារតែ អ្នក​ស្រី​ធ្លាក់​ខ្លួន​ឈឺ បច្ចុប្បន្ន​ក្រុម​គ្រួសារ ត្រូវ​ពឹង​ផ្អែក​ទាំង​ស្រុង លើ​ប្រាក់​សោធន​និវត្តន៍៣០ម៉ឺន​រៀល​ក្នុង​មួយ​ខែ។

 

ជិត២០ ឆ្នាំ​ដែល អ្នក​ស្រី ឈុន ណារី បាន​ចូល​សិល្បៈ​នេះ អ្នក​ស្រី​ថ្លែង​ទាំង​​ទឹក​ភ្នែក​ថា មិន​មាន​អ្វី​សល់​ឡើយ កម្រៃ​បាន​មក​​ពី​ការ​ថត បាន​ត្រឹម​តែ​ដោះ​ស្រាយ​ជីវភាព​ប្រចាំ​ថ្ងៃ​ និង​ជួយ​ឲ្យ​កូន​ស្រី​បាន​រៀន​ប៉ុណ្ណោះ។

 

 

បច្ចុប្បន្ន អ្នក​ស្រី ឈុន ណារី រស់​នៅ​ជា​មួយ ស្វាមី ក្នុង​ខេត្ត សៀមរាប ប្រសិន​បើ​សប្បុរសជន​ដែល​មាន​បំណង​ចង់​ជួយ​ដល់​តារា​សម្ដែង​ជើង​ចាស់​ម្នាក់​នេះ អាច​ទាក់​ទងទៅ​លេខ​​ទូរសព្ទ​អ្នក​ស្រី​ផ្ទាល់ 097 600 9297 / 096 933 55 26៕

 

អត្ថបទ៖ ខុត សីហា