Taylor Swift ឧបត្ថម្ភ ២៥ម៉ឺនដុល្លារជួយ Kesha ក្រោយចាញ់ក្ដីទាំងទឹកភ្នែក
- 2016-02-22 22:15:46
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Taylor Swift ឧបត្ថម្ភ ២៥ម៉ឺនដុល្លារជួយ Kesha ក្រោយចាញ់ក្ដីទាំងទឹកភ្នែក
ចន្លោះមិនឃើញ
ប៉ុន្មានថ្ងៃក្រោយម្ចាស់បទ "Tik Tok” ចាញ់ក្ដីជាមួយម្ចាស់ផលិតកម្ម Dr. Luke តារាចម្រៀងលំដាប់ A Taylor Swift បានចូលរួមជួយមិត្តរួមអាជីពរបស់ខ្លួន តាមរយៈការបរិច្ចាគប្រាក់ចំនួន ២៥ម៉ឺនដុល្លារ។
អ្នកនាំពាក្យរបស់ Taylor បានប្រាប់សារព័ត៌មាន E!News ថា៖ "ដើម្បីបង្ហាញពីការគាំទ្រ Taylor Swift បានឧបត្ថម្ភប្រាក់ដល់ Kesha ដើម្បីជួយសម្រួលដល់ការចំណាយផ្សេងៗរបស់នាងកំឡុងពេលដោះស្រាយបញ្ហានេះ"។
ម្ដាយរបស់ Kesha ក៏បានបញ្ជាក់ព័ត៌មាននេះតាមរយៈបណ្ដាញ Twitter ដែរថា៖ "Taylor Swift ទើបតែឧបត្ថម្ភប្រាក់ ២៥ម៉ឺនដុល្លារដល់ Kesha ដើម្បីបង្ហាញពីការចូលរួមគាំទ្រនាងក្នុងពេលដ៏លំបាកនេះ។ ពិតជាគួរឲ្យកោតសរសើរ!”។
ការឧបត្ថម្ភនេះកើតមាន ក្រោយពីតារាចម្រៀងល្បីៗជាច្រើនរួមមាន Kelly Clarkson, Ariana Grande, Lorde បានផ្ញើសារលើកទឹកចិត្តដល់ Kesha តាមរយៈបណ្ដាញសង្គម។ តារាចម្រៀង Lady Gaga ថែមទាំងបានសរសើរពីភាពក្លាហានរបស់ Kesha ទៀតផង ដែលបានបើកចំហពីរឿងក្ដីនេះជាសាធារណ។
Kesha បានដាក់ពាក្យប្ដឹង Dr. Luke ដែលជាផលិតករចម្រៀងរបស់ខ្លួនកាលពីខែតុលា ឆ្នាំ២០១៤ ដោយចោទប្រកាន់ថាអ្នកគ្រប់គ្រងរូបនេះបានបៀតបៀនផ្លូវភេទនាង ទាំងតាមរយៈរាងកាយ ពាក្យសម្ដី និងអារម្មណ៍ អំឡុងពេលជាងមួយទសវត្សដែលពួកគេមានទំនាក់ទំនងជាមួយគ្នា និងបានស្នើសុំបញ្ចប់កុងត្រា។ Dr. Luke បានច្រានចោលរាល់ការចោទប្រកាន់ទាំងអស់ និងបានប្ដឹងបក តារាចម្រៀងវ័យ ២៨ឆ្នាំនិងម្ដាយរបស់នាងវិញ ពីបទគំរាមកំហែង និងបំពានកិច្ចសន្យា។
រហូតមកដល់ថ្ងៃទី១៩ ខែកុម្ភៈ តុលាការកំពូលក្រុងញីវយ៉ក បានសម្រេចថា Kesha មិនអាចបញ្ចប់កុងត្រាជាមួយផលិតកម្ម Sony Music ឡើយ ព្រោះកុងត្រានេះត្រូវបានធ្វើឡើងដោយមានការចរចាត្រឹមត្រូវ និងស្របច្បាប់ ៕
Kesha ស្រក់ទឹកភ្នែកពេលឮការសម្រេចរបស់តុលាការ
Dr. Luke
ចុចអាន៖រូបភាពប្លែកៗ និងកម្រឃើញ របស់តារាល្បីៗ ពីក្រោយឆាក Grammy ២០១៦
ប្រែសម្រួល៖ វ៉ាន់ថន ប្រភព៖eonline