កីឡាការិនី កម្ពុជា អង្វរកអ្នកគាំទ្រកម្ពុជាពីកូរ៉េសូមកុំឲ្យរិះគន់
- 2014-09-17 23:47:23
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កីឡាការិនី កម្ពុជា អង្វរកអ្នកគាំទ្រកម្ពុជាពីកូរ៉េសូមកុំឲ្យរិះគន់
ចន្លោះមិនឃើញ
កីឡាការិនីហែលទឹកជម្រើសជាតិកម្ពុជាកញ្ញា ហែមថុន វិទីនី បានទទូចសុំដល់អ្នកគាំទ្រកម្ពុជាកុំឲ្យរិះគន់ដល់ក្រុមកីឡាជម្រើសជាតិកម្ពុជាដែលមិនទទួលបានលទ្ធផលសម្រាប់ការចេញទៅប្រកួតនៅក្រៅប្រទេស។ ការអង្វរករបស់ស្រីស្រស់រីបស្អាតម្នាក់បានកើតឡើង បន្ទាប់ពីនាង និងក្រុមកីឡាកម្ពុជាទៅចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ធំប្រចាំទ្វីបអាស៊ី Asian Games លើកទី១៧ នៅប្រទេសកូរ៉េខាងត្បូង។
វិទីនីបានសរសេរលើFacebook ពីប្រទេសកូរ៉េខាងត្បូងថា ៖«មានមនុស្សមួយចំនួនមកថាក្រុមកីឡាកម្ពុជាទៅដឹងតែចាញ់ ហើយបញ្ជូនទៅធ្វើអី ខ្ញុំពិតជាចង់ណាស់អោយអ្នកដែរ ថាអោយគេនឹងមកសាកខ្លួនឯងទៅបានដឹងថាវាពិបាកប៉ុណ្ណា»។
«គេនឹងអត់ចង់ឈ្នះទេហី? គេនឹងអត់ចង់ល្អទេហ គ្រាន់បើហើយដែរប្រទេសយើងបានមកចូលរួម បានយកទង់ជាតិមកដោតលើវេទិកាឲ្យគេដឹង ឲ្យគេស្គាល់ ចុះបើអត់បានចូលរួម វាម៉េចវិញ? គួរគិតពិចារណាផង មុននឹងថាឲ្យគេ ពួកខ្ញុំសុទ្ធតែចង់ឈ្នះចង់បានមេដាយយកទៅវិញ តែវាពិតជាពិបាកណាស់មិនមែនស្រួលដូចការនិយាយទេ មើលតែប្រទេសជិតខាងយើង ថៃ វៀតណមកីឡាករគេមកចូលរួម ៤០០ទៅ៥០០នាក់ ហើយកីឡាករយើងតែជិត៣០នាក់ទេ តែពួកខ្ញុំសប្បាយនឹងធ្វើការងារនេះទោះបីប្រតិភូចូលរួមប្រកួតមានគ្នាតិចក៏ដោយ»។
ចំណែកកីឡាការិនី ស៊ន ដាវីន បានសរសេរថា ៖«អ្នកខ្លះប្រហែលជាគិតថា អ្នកកីឡាចេញប្រកួតម្ដងៗបានលុយរាប់ពាន់ដុល្លាហើយមើល ពួកខ្ញុំក៏ចេះហត់ដែរ ម៉េចបានចាំតែរិះគន់ចឹង ដឹងអត់ថារដ្ឋខ្មែរក្រណាស់ គ្មានលុយឲ្យកីឡាករ ចេញប្រកួតច្រើនទេ ពួកខ្ញុំខំប្រឹងប៉ុនហ្នឹងហើយនៅរិះគន់ទៀត តិចទៀតកីឡាស្រុកខ្មែរប្រហែលគ្មានកីឡាករលេងទេ។ ហើយក៏គ្មានថ្ងៃរីកចំរើនដែរ ព្រោះពេលខ្លះចំណាយខ្លួនឯងហើយ ពេលចាញ់ថាឲ្យដូចឯងហ្នឹងចិញ្ចឹមគេចឹង»។
អត្ថបទ៖ ជាន ចាន់រ៉ា