Bibimbap (ប្រភេទបាយច្របល់លាយបន្លែសាច់និងទឹកជ្រលក់) ជាអាហារពេញនិយមមួយរបស់ប្រជាជនកូរ៉េតែងធ្វើញ៉ាំ ជាពិសេសនៅតាមបណ្ដាហាងអាហារបែបកូរ៉េតែងមានវានៅក្នុងបញ្ជីមុខម្ហូប។ ជាមួយបាយក្ដៅៗ និងគ្រឿងផ្សំងាយស្រួលរក និងចំណាយពេលតិចក្នុងការធ្វើ អ្នកអាចធ្វើវាញ៉ាំបានតាមវិធីខាងក្រោម៖
*គ្រឿងផ្សំសាច់និងបន្លែ
- សាច់គោចិញ្ច្រាំ ១០០ក្រាម
- ទឹកស៊ីអ៊ីវ ១ស្លាបព្រាបាយ
- ប្រេងល្ង ១ស្លាបព្រាបាយ
- ស្ករស (ឬស្ករត្នោត) ១ស្លាបព្រាបាយ
- ខ្ទឹមចិញ្ច្រាំ ១ភាគ៤ ស្លាបព្រាបាយ
- ស្ពៃអេពីណារ (អ្នកអាចប្រើស្ពៃផ្សេងៗជំនួសដូចជាស្ពៃតឿ ចំហុយឲ្យឆ្អិនរួចលាយទឹកប្រេងល្ង អំបិល និងគ្រាប់ល្ងបន្តិច) ២៥០ក្រាម
- សណ្ដែកបណ្ដុះ (ស្រុះរួច) ៣៥០ក្រាម
- ផ្សិត (អ្នកអាចរើសបន្លែផ្សិតតាមដែលអ្នកចូលចិត្ត) ១០០ក្រាម
- ការ៉ុត ១២០ក្រាម
- សារាយក្រៀម (បើមាន)
- អំបិល កន្លះស្លាបព្រាបាយ (ប្រើសម្រាប់ប្រឡាក់ផ្សិតនិងការ៉ុត)
- ស៊ុត ១គ្រាប់
- ប្រេងឆា
*គ្រឿងផ្សំសម្រាប់ធ្វើទឹកជ្រលក់៖
- ប្រេងល្ង ១ស្លាបព្រាបាយ
- ស្ករស (ឬស្ករត្នោត) ១ស្លាបព្រាបាយ
- ទឹក មួយស្លាបព្រាបាយ
- គ្រាប់ល្ង ១ស្លាបព្រាបាយ
- ទឹកខ្មេះ ១ស្លាបព្រាបាយ
- ខ្ទឹមសចិញ្ច្រាំ ១ស្លាបព្រាបាយ
- ទឹកម្ទេសខាប់កូរ៉េ (អាចរកទិញបាននៅផ្សារទំនើប)
វិធីធ្វើទឹកជ្រលក់៖ យកទឹកម្ទេសខាប់កូរ៉េ លាយប្រេងល្ង ស្ករត្នោត ទឹក គ្រាប់ល្ង ទឹកខ្មេះ ខ្ទឹមចិញ្ច្រាំ កូរលាយចូលគ្នាឲ្យសព្វ។
Bibimbap៖
- យកសាច់គោចិញ្ច្រាំប្រឡាក់លាយទឹកស៊ីអ៊ីវ ប្រេងល្ង ស្ករត្នោត និងខ្ទឹមចិញ្ច្រាំចូលគ្នា ទុកដោយឡែក។
- ហាន់ការ៉ុត និងផ្សិត រួចដាក់ឆាត្រឡប់ប្រេងឆា ផ្សេងគ្នាទុកដោយឡែក។ ឆាសាច់គោចិញ្ច្រាំប្រឡាក់រួច ចៀនស៊ុតឲ្យឆ្អិន។
- យកបាយមក រួចដាក់ បន្លែផ្សិតឆារួច ការ៉ុត ស្ពៃតឿ សណ្ដែកបណ្ដុះ សារាយ សាច់គោ ទឹកជ្រលក់ និងស៊ុតចៀន លាយចូលគ្នានោះអ្នកនឹងបាន Bibimbap មួយចាន។ ទស្សនាវីដេអូខាងក្រោម៖
ចុចអាន៖ របៀបធ្វើគាវ អាហារពិសេសនាំលាភសម្រាប់ចូលឆ្នាំចិន
ប្រែសម្រួល៖ មាន រតនា
ប្រភព៖ My Korean Kitchen