១០ចំណុចគួរដឹងពីដាណឺម៉ាក ប្រទេសលេខ១ផ្នែកសុខសាន្តបំផុតលើលោកឆ្នាំ២០១៦
- 2016-03-19 13:05:39
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
១០ចំណុចគួរដឹងពីដាណឺម៉ាក ប្រទេសលេខ១ផ្នែកសុខសាន្តបំផុតលើលោកឆ្នាំ២០១៦
ចន្លោះមិនឃើញ
ប្រទេសដាណឺម៉ាក ត្រូវបានចាត់ចំណាត់ថ្នាក់លេខ១ជាប្រទេសសុខសាន្តបំផុតលើពិភពលោកប្រចាំឆ្នាំ ២០១៦កាលពីពេលថ្មីៗ។ នេះដោយយោងតាមរបាយការណ៍ World Happiness។ ចំពោះប្រទេសស្ថិតក្នុងទ្វីបអឺរ៉ុបដែលត្រូវចាត់ទុកជាប្រទេសមានសន្តិភាពបំផុតលើលោកមួយនេះ មានទម្លាប់រស់នៅប្លែកៗមួយចំនួនដែលមនុស្សជាច្រើនចង់ដឹង ជាពិសេសអ្នកទេសចរ។ តើមានរឿងប្លែកៗអ្វីខ្លះទៅ? តាមរយៈគេហទំព័រ Visit Denmark បានបង្ហាញពីចំណុចគួរដឹងមួយចំនួនពីប្រទេសដាណឺម៉ាកដូចខាងក្រោម៖
១. គោរពច្បាប់
ជាចំណុចមួយដែលជនជាតិបរទេសជាច្រើនកោតសរសើរប្រជាជនដាណឺម៉ាក។ ជាធម្មតា អ្នករស់នៅទីនោះជាមនុស្សគោរពច្បាប់ទម្លាប់ប្រទេស។ ជាឧទាហរណ៍ជាក់ស្ដែងមួយនៅប្រទេសដាណឺម៉ាក ប្រជាជនមិនឆ្លងផ្លូវស្តុបនោះទេបើទោះជាមិនមានឡានឬកង់ឆ្លងកាត់ក៏ដោយ។
២. ជិះកង់
ប្រជាជនដាណឺម៉ាកចូលចិត្តជិះកង់។ ទោះបីជាពេលខ្លះត្រូវពាក់អាវធំទៅធ្វើការ ឬស្លៀកសំលៀកបំពាក់ម៉ូដប្លែកៗ ទៅធ្វើការឬទៅរៀន ពួកគេតែងជិះកង់។ នៅក្នុងរដ្ឋធានី Copenhagen ប្រជាពលរដ្ឋ៥០ភាគរយប្រើប្រាសកង់ជាមធ្យោបាយធ្វើដំណើរជារៀងរាល់ថ្ងៃ។
៣. ពាក្យមិនសូវគួរសមតែអត្តចរិតសុភាពរាបសារ
"មេត្តា" “សូមអភ័យទោស" “ពាក្យអរគុណ" ពាក្យទាំងនេះពុំមានប្រើប្រាស់នៅប្រទេសដាណឺម៉ាកទេ។ ប្រជាជនដាណឺម៉ាកជាមនុស្សសុភាពរាបសារនិងគួរសមគួរឲ្យគោរព ប៉ុន្តែសូមកុំភ្ញាក់ផ្អើលនៅពេលពួកគេនិយាយខ្លីៗកំបុតៗដូចជា "ឲ្យបៀខ្ញុំមួយ" នៅក្នុងភោជនីយដ្ឋាន ដោយសារពាក្យគួរសមពុំមានក្នុងភាសារបស់ពួកគេទេ។
៤. ស្រា
ស្រាបៀជាចំណែកមួយនៃវប្បធម៌ដាណឺម៉ាកជាង៥ពាន់ឆ្នាំមកហើយ។ នាពេលបច្ចុប្បន្ននេះមានរោងចក្របិតស្រាជាង១០០កន្លែងក្នុងប្រទេសដាណឺម៉ាក។ ជាធម្មតាក្មេងៗក្នុងប្រទេសនោះចាប់ផ្ដើមផឹកស្រាបៀនៅអាយុ១៤ឆ្នាំ។ ចំណែកសិស្សសាលាវ័យជំទង់ប្រសិនបើមានកម្មវិធីជប់លៀងនៅសាលាអាចញ៉ាំស្រាបានប៉ុន្តែដោយមានការទទួលខុសត្រូវខ្លួនឯង។
៥. ទង់ជាតិ
ទង់ជាតិតំណាងប្រទេសដាណឺម៉ាក ជាវត្ថុដែលគេប្រទះឃើញគ្រប់ទីកន្លែងនៅក្នុងប្រទេសនោះ។ តាំងពីនៅផ្ទះ សួនច្បារ សាលារៀន។ ទង់ជាតិតំណាងប្រទេសជានិមិត្តសញ្ញាសំខាន់មួយរបស់ប្រជាជនដាណឺម៉ាកដែលបង្ហាញពីតំណាងពីក្ដីស្រលាញ់និងទំនាក់ទំនងពួកគេ។
៦.ប្រជាជនចូលចិត្តដើមឈើអែម
ប្រជាជនដាណឺម៉ាកចូលចិត្តអាហារធ្វើពីដើមឈើអែម( Licorice ) គ្រប់ប្រភេទ។ មានរបស់ញ៉ាំដូចជា ភេសជ្ជៈ ការ៉េម រសជាតិដូចឈើអែមជាច្រើនជាពិសេសថ្ងៃបុណ្យ ដែលប្រជាជនចូលចិត្តធ្វើបរិភោគ។
៧. ភាពស្មើសិទ្ធិគ្នា
វប្បធម៌នៅក្នុងប្រទេសដាណឺម៉ាកបង្ហាញពីភាពស្មើសិទ្ធគ្នា មតិរួម ភាពទុកចិត្តគ្នា គោរពគ្នាសមត្ថភាពធ្វើការ និងការមានគ្រួសារ។ អ្នកទៅលេងប្រទេសដាណឺម៉ាកជាលើកដំបូងអាចមានការភាន់ច្រឡំថាប្រជាជនប្រទេសនោះមានភាពគំរោះគំរើយពេលនិយាយរកគ្នា ប៉ុន្តែនោះជារបៀបនិយាយរបស់ពួកគេ ហើយប្រជាជនដាណឺម៉ាកតែងគោរពគ្នាទៅវិញទៅមក។
៨. ភាពឯកជន
ប្រជាជនដាណឺម៉ាកឲ្យតម្លៃខ្ពស់លើភាពឯកជនរបស់មនុស្សម្នាក់ៗ ដែលជាហេតុផលប្លែកមួយនៅពេលពួកគេមិននិយាយ "សួស្ដី តើអ្នកសុខសប្បាយជាទេ?” ជាមួយអ្នកទេសចរ។ នេះមិនមែនពួកមិនរាក់ទាក់នោះទេ ប៉ុន្តែជារបៀបមួយដែលពួកគេគិតថាមិនបំពានលើភាពឯកជនរបស់អ្នក។
៩. កូនង៉ែត
អ្នកប្រាកដជាមានការភ្ញាក់ផ្អើលពេលឃើញប្រជាជនដាណឺម៉ាកទុកកូនង៉ែតក្នុងរទេះឲ្យគេងនៅខាងក្រៅ ដូចជាទីសាធារណៈ ទោះជាមានភ្លៀង ព្រិល ដរាបណាពួកគេពាក់សំលៀកបំពាក់កក់ក្ដៅដល់កូនៗពួកគេដោយវាជារឿងធម្មតា។ ដោយសារដាណឺម៉ាក ជាប្រទេសសុខសាន្តមួយ អ្នកអាចឃើញប្រជាជនប្រទេសនោះទុកកូនៗនៅខាងក្រៅដោយមិនភ័យខ្លាចមានអ្នកលួច។
១០. Hygge
ពាក្យ "Hygge” គឺមកពីភាសាដាណឺម៉ាក ដែលមានន័យថាជាវេលាដែលប្រជាជនដាណឺម៉ាកសប្បាយរីករាយ ដោយញ៉ាំអាហារ ជួបជុំគ្រួសារ មិត្តភ័ក្ដិ មនុស្សដែលខ្លួនស្រលាញ់ ក្នុងបរិយាកាសលំហែកាយដ៏កក់ក្ដៅ ដែលប្រជាជនចាត់ទុកថាជារឿងសំខាន់មួយរបស់ពួកគេ៕
ចុចអាន៖ ឃើញ ៩សន្លឹកនេះ អ្នកនឹងដឹងថាប្រទេសស្វីសគួរឲ្យចង់រស់នៅប៉ុណ្ណា
ប្រែសម្រួល៖ មាន រតនា ប្រភព៖ whenonearth, visitdenmark