ប្រិមប្រិយ ទទួលស្នេហ៍ នៅអាមេរិក
- 2016-03-24 17:12:25
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ប្រិមប្រិយ ទទួលស្នេហ៍ នៅអាមេរិក
ចន្លោះមិនឃើញ
តារាកំប្លែង ប្រិមប្រិយ ដែលបច្ចុប្បន្ននេះកំពុងតែសម្ដែងនៅលើទឹកដីសហរដ្ឋអាមេរិក ជាមួយ នាយ ក្រិន បាននិយាយរឿងស្នេហារបស់ខ្លួន ប្រាប់ Sabayថា ខ្លួនកំពុងតែមានទំនាក់ទំនងស្នេហាយ៉ាងស្អិតល្មួតជាមួយបុរសម្នាក់ជាអាណិកជនខ្មែររស់នៅទីនោះ។
ឆ្លើយឆ្លងជាមួយ Sabay ពីសហរដ្ឋអាមេរិកតាម Facebookដោយមិនលាក់លៀម ប្រិមប្រិយ ប្រាប់ថា បុរសម្នាក់នោះមានឈ្មោះថា សៅ រ៉ានីត ជាអតីតតារាចម្រៀងជយលាភីលេខ៥របស់ស្ថានីយទូរទស្សន៍បាយ័នតែនាងមិនចាំឆ្នាំ ហើយបានមករស់នៅសហរដ្ឋអាមេរិកជិត១០ឆ្នាំមកហើយ បច្ចុប្បន្នគឺធ្វើជាអ្នកភ្លេង និងជាតារាចម្រៀងនៅសហរដ្ឋអាមេរិក។
ប្រិមប្រិយបានបន្តឲ្យដឹងទៀតថា អ្នកទាំង២បានស្គាល់គ្នា ក្នុងអំឡុងខែ ឧសភា ឆ្នាំ ២០១១ គ្រាដែលលោកសៅ រ៉ានីត មកលេងស្រុកកំណើត ប៉ុន្តែគ្រាន់តែទំនាក់ទំនងអំឡុងពេលនោះមានលក្ខណៈធម្មតាប៉ុណ្ណោះ។ អ្នកទាំង២ចាប់ផ្ដើមមានមានទំនាក់ទំនងហើយឈានដល់មានស្នេហា ជាមួយគ្នា បន្ទាប់ពី ប្រិមប្រិយ ឡើងទៅច្រៀងនៅសហរដ្ឋអាមេរិកតែម្ដង។
ប្រិមប្រិយប្រាប់ថា ពេលដែលនាងទំនេរពីការច្រៀង សង្សាររបស់ខ្លួនតែងតែនាំ ដើរលេងកម្សាន្តជាញឹកញាប់ ហើយបច្ចុប្បន្ននាងកំពុងតែមានក្ដីសុខខ្លាំងណាស់ជាមួយ សេចក្ដីស្រលាញ់មួយនេះ។
បន្ថែមលើនេះទំនាក់ទំនងស្នេហ៍ឆ្លងទ្វីបខាងលើ ប្រិមប្រិយប្រាប់ថា ក្រុមគ្រួសារទាំងសងខាង ក៏បានដឹងលឺ ហើយមិនបានហាមឃាត់អ្វីឡើយ។ ទោះជាបានបង្កើតភ្លើងស្នេហ៍យ៉ាងស្អិតល្មួតជាមួយគ្នាយ៉ាងនេះក្ដី អ្នកទាំង២មិនទាន់មានផែនការរៀបការជាមួយគ្នាឡើយ ដោយ ប្រិមប្រិយប្រាប់ថា រង់ចាំមើលភាគីខាងប្រុសសិន។
ប្រសិនបើអ្នកទាំង២បានរៀបការមែននេះ ប្រិមប្រិយ បញ្ជាក់ប្រាប់ថា មិនមានគម្រោងឡើងទៅរស់នៅសហរដ្ឋអាមេរិកឡើយ ដោយនាងគិតថា នៅស្រុកខ្មែរការងារសិល្បៈរបស់ខ្លួនរកប្រាក់បានច្រើនជាងនៅ សហរដ្ឋអាមេរិក។
មុនឈានប្រកាសទទួលយកស្នេហ៍ជាថ្មីនេះ ប្រិមប្រិយ ធ្លាប់មានស្វាមីម្ដងរួចមកហើយ ដែលស្វាមីរបស់នាងត្រូវបានគេស្គាល់ថា ជាអតីតថៅកែភោជនីយដ្ឋានបុប្ផាជាយដែន ប៉ុន្តែបានចែកផ្លូវគ្នាកាលជាង៤ឆ្នាំមុន ដោយបន្សល់ទុកកូនស្រីម្នាក់មានវ័យ៦ឆ្នាំ ។
ប្រិមប្រិយ និង នាយក្រិន នឹងត្រឡប់មកប្រទេសកម្ពុជាវិញនៅ ដើមខែ ឧសភា ឆ្នាំ ២០១៦ខាងមុខនេះ ហើយចំពោះលោក សៅ រ៉ានីត ដែលជាម្ចាស់ចិត្តនោះ ទំនងអាចត្រឡប់មកជាមួយគ្នាក៏ថាបាន៕
អត្ថបទ៖ ខុត សីហា