នាយកដ្ឋាន​សិល្បៈ​ភាពយន្ត ហៅ​ផលិតកម្ម​ប្រជុំ ក្រោយ​មាន​ការ​រិះគន់​លើ​បទ​ចម្រៀង

  • 2016-03-24 22:43:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នាយកដ្ឋាន​សិល្បៈ​ភាពយន្ត និង​ផ្សព្វផ្សាយ​វប្បធម៌ នឹង​ហៅ​អ្នក​និពន្ធ ក៏​ដូច​ជា​អ្នក​ដឹក​នាំ​សម្ដែង​តាម​ផលិតកម្ម​ចម្រៀង​នានា ដើម្បី​ចូលរួម​ប្រជុំ​នៅ​ថ្ងៃ​ស្អែក​នេះ ក្រោយ​វីដេអូ​ចម្រៀង​ខារ៉ាអូខេ​កន្លង​មក​រង​ការ​រិះគន់។

 

លោក ស៊ិន ច័ន្ទសាយ៉ា ប្រធាន​នាយកដ្ឋាន​ខាង​លើ​បាន​លើក​ឡើង​ថា ខ្លឹម​សារ និង​រូបភាព​ចម្រៀង​ខារ៉ាអូខេ​សុទ្ធសឹងតែ​ធ្លាប់​រង​ការ​រិះគន់ ព្រោះ​ការ​តែង​និពន្ធ​របស់​អ្នក​ជំនាន់​ក្រោយ​មាន​បញ្ហា​ច្រើន។

 

 

“អ្វី​ដែល​ជា​ការ​រិះគន់​ខ្លាំង បទ​យើង​ឥឡូវ​ខ្វះ​ការ​អប់​រំ​ច្រើន មិន​សូវ​បាន​បញ្ចូល​គំនិត​អប់រំ គាត់​គិត​ធ្វើ​ម៉េច​ទាក់ទាញ ប៉ុន្តែ​ខ្លឹម​សារ​អត់​សូវ​បាន​យក​ចិត្ត​ទុក​ដាក់​ទេ"។ លោក ស៊ិន ច័ន្ទសាយ៉ា ថ្លែង​មក​កាន់ Sabay។ លោក​បន្ត​ថា បញ្ហា​សំខាន់​នាំ​ឱ្យ​មាន​ការ​រិះគន់​កាន់​ម្ដង​ហើយ​ម្ដង​ទៀត​នោះ គឺ​ការ​ចម្លង​បទ​ចម្រៀង​របស់​គេ​មក​ផលិត​បន្ត ហើយ​ដល់​ពេល​ត្រូវ​និយាយ​គ្នា​ពី​បញ្ហា​នេះ​ហើយ។

 

ប្រធាន​នាយកដ្ឋាន​រូប​នេះ​បន្ត​ថា លោក​ក៏​នឹង​ជំរុញ​ដល់​ផលិតករ​ទាំង​អស់ ដើម្បី​យក​ស្នាដៃ​របស់​ពួក​គេ​ទៅ​ដាក់​ការពារ​នៅ​ក្នុង​ផ្លូវ​ច្បាប់ ព្រោះ​កន្លង​មក​មាន​ផលិតករ​មួយ​ចំនួន​មិន​បាន​ធ្វើ​រឿង​នេះ​ទេ នាំ​ឱ្យ​មាន​ការ​លួច​ចម្លង​តៗ​គ្នា។ លោក​បន្ត​ថា ក្នុង​នាម​ក្រសួង​វប្បធម៌ និង​នាយកដ្ឋាន​មិន​អាច​ការពារ​ផលិតផល​ចម្រៀង​ទាំង​អស់​នោះ​បាន​ទេ បើ​សូម្បី​តែ​សាមី​ខ្លួន​ម្ចាស់​ស្នាដៃ​មិន​ការពារ​ផង។

 

“ខ្លួន​គាត់​អត់​ការពារ​ផង​ហ្នឹង! ចេះ​តែ​នាំ​គ្នា​និយាយ​ថា ច្បាប់​មិន​ការពារ​ឱ្យ ជួន​កាល​គាត់​អត់​ហ៊ាន​ទេ ព្រោះ​ចម្លង​តៗ​គ្នា​ដែរ"។ លោក ស៊ិន ច័ន្ទសាយ៉ា បន្ថែម​យ៉ាង​ដូច្នេះ។ លោក​បន្ត​​ថា បើ​ចង់​ការពារ​បទ​ចម្រៀង​ទាំង​នោះ​ជា​រឿង​លំបាក ហើយ​ត្រូវ​ការ​ពេល​វេលា​ច្រើន ដើម្បី​ជជែក​រក​ដំណោះ​ស្រាយ ធ្វើ​យ៉ាង​ណា​ឱ្យ​ផលិតកម្ម​ហ៊ាន​ចេញ​មុខ​ការពារ​ផលិតផល​របស់​ខ្លួន​តាម​ផ្លូវ​ច្បាប់៕

 

អត្ថបទ៖ សំ ជំនាញ

អត្ថបទពេញនិយម