អង្គុយលក់ផ្កាឈូក១ថ្ងៃ ១៥ ម៉ោង រកចំណូលចិញ្ចឹមជីវិតកំព្រា
- 2016-03-28 14:41:17
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អង្គុយលក់ផ្កាឈូក១ថ្ងៃ ១៥ ម៉ោង រកចំណូលចិញ្ចឹមជីវិតកំព្រា
ចន្លោះមិនឃើញ
“ចេះតែលក់ៗទៅ! ឈឺផងអីផង ធ្វើម៉េចមិនដឹងពឹងនរណាបើប្ដី-កូនអីគេស្លាប់ចោលអស់ហើយ សព្វថ្ងៃរស់នៅតែឯងក្រោមឆត្រតើក្មួយ"។ នេះជាការលើករបស់ស្ត្រីវ័យ ៧០ ឆ្នាំឈ្មោះ គង់ ចម្រើន មានរបរជាអ្នកលក់ផ្កាឈូកនៅក្បែរព្រះអង្គដងកើ។
ស្ត្រីចំណាស់ខាងលើបានបន្តថា មានរយៈពេល ២០ ឆ្នាំហើយនៃការប្រកបមុខរបរនេះ ដោយចំណាយពេលអង្គុយលក់ចាប់ពីម៉ោង ៧ ព្រឹករហូតដល់ម៉ោង ១០ យប់ឬអាចលើសអាស្រ័យលើស្ថានភាពជាក់ស្ដែង។ និយាយពីប្រាក់ចំណូលវិញ បានត្រឹមតែដោះស្រាយការហូបចុកប៉ុណ្ណោះ លើកលែងតែថ្ងៃសីលមួយទេ ទើបអាចមានគេមកទិញច្រើន។
ស្ត្រីដដែលបន្ថែមថា ជាទូទៅគាត់អាចសល់ប្រាក់ជាមធ្យមពី ៨ ម៉ឺនរៀល ទៅ ១០ ម៉ឺនរៀលក្នុង ១ ខែ បានពីការលក់ផ្កាឈូក អមដោយធូប ទៀន បន្តិចបន្តួច។ ចំណូលនៅសល់ ត្រូវត្រៀមសម្រាប់ព្យាបាលពេលជំងឺហឺតពេលធ្វើទុក្ខម្ដងៗ ព្រោះមិនអាចព្យាបាលបាន ហើយត្រូវប្រើប្រាស់ថ្នាំបាញ់ជារៀងរាល់ថ្ងៃយ៉ាងណាក្ដី។ "ខ្ញុំគ្រាន់តែអស់កម្លាំងក៏សន្លប់ដែរ ជាពិសេសខែរងាត្រជាក់ ធ្វើអីមិនកើតទេក្មួយ ឥឡូវក្បាលជង្គង់ហើមដើរមិនចង់កើតទៀត"។
ទោះបីជាយ៉ាងណា ក៏ស្ត្រីចំណាស់រូបនេះអះអាងថា នៅបន្តការតស៊ូរបស់ខ្លួន ដើម្បីជីវិតរស់ ព្រោះគ្មាននរណាទីពឹងក្រៅពីខ្លួនឯងនោះទេ។ ម្យ៉ាងទៀត ក៏នៅមានស្ត្រីវ័យចំណាស់មួយចំនួនទៀតកំពុងប្រកបរបរដូចគ្នាដែរ និងមានជីវភាពរស់នៅមិនខុសគ្នាទេ៕
អត្ថបទ & រូបថត៖ សំ ជំនាញ