ទៅស្ដាប់មើលអ្នកធ្វើការនៅភ្នំពេញមួយចំនួនបានអ្វីខ្លះញ៉ាំជាអាហារពេលព្រឹកព្រលឹម?
- 2016-03-30 13:24:06
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទៅស្ដាប់មើលអ្នកធ្វើការនៅភ្នំពេញមួយចំនួនបានអ្វីខ្លះញ៉ាំជាអាហារពេលព្រឹកព្រលឹម?
ចន្លោះមិនឃើញ
អាហារពេលព្រឹកជារបបញ៉ាំសំខាន់មួយ មិនថាសិស្សសាលា អ្នកធ្វើការ អ្នករកស៊ី ជាពិសេសអ្នកដែលត្រូវបំពេញការងារច្រើនទម្រាំដល់ម៉ោងបាយថ្ងៃត្រង់។ សម្រាប់អាហារនាពេលនោះ គេអាចក្រោកធ្វើវាពីព្រលឹមទុកញ៉ាំដោយខ្លួនឯងឬទិញស្រាប់តាមផ្លូវឬតាមហាងអាហារបើកលក់នានា។ ដោយឡែក ទៅស្ដាប់មើលអ្នកធ្វើការនៅភ្នំពេញមួយចំនួន ជាទម្លាប់តើពួកគេមានអ្វីញ៉ាំជាអាហារពេលព្រឹក?
“ ខ្ញុំព្រឹកៗឡើងដឹងតែបាយស្រូបឬគុយទាវម៉ាចានហើយ ព្រោះអីកន្លែងធ្វើការឆ្ងាយពីផ្ទះ ណាមួយអត់មានពេលធ្វើខ្លួនឯងទេ"។ នេះជាការលើកឡើងរបស់លោក កែវ តួ បុគ្គលិកធ្វើការនៅគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រាសាក់។ ចំណែក អ្នកនាង ចាន់ ដានី គ្រូបង្រៀននៅសាលារៀនសុវណ្ណភូមិសាខាជិតស្តុបផ្សារស៊ិនជូរីបានឲ្យដឹងថា រាល់ថ្ងៃអ្នកគ្រូតែងធ្វើអាហារពេលព្រឹកទុកញ៉ាំដោយខ្លួនឯង "រាល់ងៃជួនកាលខ្ញុំធ្វើត្រីប្រឡាក់ទុកហូប បើមិនអ៊ីចឹងទេ ចៀនសាច់ជ្រូកហូបមួយបាយសឹងរាល់ព្រឹក"។ នេះតាមការឲ្យដឹងពីអ្នកគ្រូដានី។
ទៅស្ដាប់មើលកញ្ញាគី សែនស្រស់ បុគ្គលិកក្រុមហ៊ុនឯកជនមួយកន្លែងនៅម្ដុំផ្សារដើមថ្កូវ បានឲ្យដឹងថាកញ្ញារវល់នៅកន្លែងធ្វើការច្រើននៅពេលព្រឹក ដូចនេះមិនមានពេលធ្វើអាហារពេលព្រឹកខ្លួនឯងទេ។ "អត់សូវមានពេលធ្វើអីញ៉ាំខ្លួនឯងព្រឹកៗទេ ណាមួយខ្ជិលផង ទិញគេស្រាប់ ព្រឹកមីស៊ុប គុយទាវអីហ្នឹង"។ ចំណែកយុវជន ចាន់ វណ្ណដា បុគ្គលិកក្រុមហ៊ុនឯកជនមួយដែរនៅម្តុំទួលគោក បានឲ្យដឹងថា លោកមានបងស្រីធ្វើបាយម្ហូបទុកឲ្យញ៉ាំនាពេលព្រឹក ប៉ុន្តែ" ប៉ុន្តែពេលខ្លះបងគាត់រវល់ចឹងទៅ មានតែទិញគេស្រាប់ៗហ្នឹង ជួនកាលខ្ញុំទិញបបរឬបាយសាច់ជ្រូកហូបក្បែរៗកន្លែងធ្វើការហ្នឹង"។
យ៉ាងណាក្ដី ខាងលើនេះជាការលើកឡើងរបស់អ្នកធ្វើការតាមស្ថាប័នឯកជនខ្លះៗប៉ុណ្ណោះ ចុះប្រិយមិត្តវិញបានអ្វីខ្លះញ៉ាំជាអាហារពេលព្រឹករាល់ថ្ងៃ និងសម្រាប់ព្រឹកនេះ?
អត្ថបទ៖ មាន រតនា
រូបថត៖ ទូរសព្ទដៃ