​​អ្នក​ឧកញ៉ា​ គិត​ ម៉េង ត្រៀម​សម្ពោធ​​វិទ្យុ​ចុងឆ្នាំនេះ

  • 2014-09-13 14:00:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

 

អ្នក​វិនិយោគ​ដ៏​មាន​កេរ្តិ៍ឈ្មោះ​ក្នុង​ប្រទេស​កម្ពុជា អ្នក​ឧកញ៉ា​ គិត ​ម៉េង ​ដែល​បាន​កាន់កាប់​ក្បាល​ម៉ាស៊ីន​ឃោសនា​សំខាន់ៗ​ក្នុង​ប្រទេស​ជាច្រើន​រួច​មក​ហើយ​នោះ​ កំពុង​ត្រៀម​ដាក់​ចេញ​អោយ​ដំណើរ​ការ​នូវ​ស្ថានីយ​វិទ្យុ​ដំបូង​ របស់​លោក​ ដែល​ជា​ចំណាត់​ការ​ថ្មី​ក្នុង​ការ​ធ្វើ​អោយ​​សេដ្ឋី​រូប​នេះ នៅ​ឈរ​យ៉ាង​រឹងមាំ​លើ​តំណែង​កំពូល ជា​ធុរកិច្ច​ជន​ខ្មែរ​ ​មាន​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុង​ដៃ​ច្រើន​បំផុត។

សូមចុចអាន៖ មែន​ក៏​អី!​ ធ្វើ​បុណ្យ​ជា​មួយ​គ្នា ស្រលាញ់​គ្នា​?​

រូបតំណាង (ប្រភព៖ បរទេស)

 

ប្រភព​ស្និទ្ធជិត​នឹង​សេដ្ឋី​ខ្មែរ​រូប​នះ​បង្ហើប​អោយ​ដឹង​ថា កម្មវិធី​វិទ្យុ​ដ៏​ថ្មី​ជា​ច្រើន​ត្រូវ​បាន​គេ​រចនា​ឡើង ហើយ និង ​ប្រតិបត្តិការ ដោយ​ក្រុម​​អ្នក​ជំនាញ ​ដែល​ប្រមូល​មក​ពី​ស្ថានីយ​សំខាន់ៗ​ក្នុងស្រុក​ដោយ​ រំពឹង​ថា​នឹង​ទទួល​បាន​ប្រជាប្រិយ​ភាព​កំពូល ដូច​លំនាំ​ទូរទស្សន៍​ CTNដូច្នោះ​ដែរ។

 

«នេះ​គ្រាន់​តែ​ជា​វិទ្យុ​ដំបូង​ប៉ុណ្ណោះ! ខ្ញុំ ​មិន​អាច​ប្រាប់​ថា ​វា​គ្រប​ដណ្ដប់​ប៉ុន្មាន​ខេត្ត​ក្រុង​ទេ ​ប៉ុន្តែ​តាម​លឺ ​គឺ​ប្រព័ន្ធ​បច្ចេកវិទ្យា​កម្រិត​នាំ​មុខ​ក្នុង​តំបន់​​»។ ប្រភព​និយាយ​ខ្លីៗ​ប្រាប់ Sabay កាល​ពី​ម្សិលមិញ​នេះ​។

 

សូមចុចអាន៖  ​​​​​​​​អ្នក​​មគ្គុទ្ទេសក៍​តូច​ៗ​​រំលេច​​​​​ឆោម​សម្រស់​​​​លើ​ដែន​​សម្បត្តិ​វប្បធម៌​​​​ដូន​តា

 

បន្ថែម​លើ​នេះ លោក ហ៊ុយ វណ្ណៈ អគ្គ​នាយក​រង​ស្ថានីយ​ទូរទស្សន៍ CNC បាន​ទទួល​ស្គាល់​ថា អ្នក​ឧកញ៉ា គិត ម៉េង ពិត​ជា​ត្រៀម​សម្ពោធ​​វិទ្យុ​ថ្មី គឺ ឈ្មោះ វិទ្យុ​កម្ពុជា ដែល​ជា​ផ្នែក​មួយ​បន្ថែម​​លើ​ស្ថានីយ​ទូរទស្សន៍​ចំនួន​ ៥ ដែល​កំពុង​ដំណើរ​ការ​សព្វថ្ងៃ​នេះ។ "ខ្ញុំ​មិន​ច្បាស់​ថា ថ្ងៃ​សម្ពោធ​ច្បាស់​នៅ​ថ្ងៃ​ណា​នោះ​ទេ ប៉ុន្តែ ទំនង​​អាច​ជា​ឆាប់ៗ​ខាង​មុខ"។

 

អ្នក​ឧកញ៉ា គិត ម៉េង បច្ចុប្បន្ន​កំពុង​​គ្រប់គ្រង​ស្ថានីយ​ទូរទស្សន៍​ ៥ ក្នុង​នោះ​រួមមាន CTN, CTN international, CNC, MYTV, និង ទូរទស្សន៍ ឌីជីថល One TV។ វិទ្យុ​កម្ពុជា គឺជា ផ្នែក​មួយ​ទៀត​បន្ថែម​លើ​ការ​ផ្សព្វផ្សាយ​ផ្នែក​រលក​អាកាស​ ដែល​ត្រៀម​ដំណើរ​ការ​ផ្លូវ​ការ។

 

លោក​ ហ៊ុយ វណ្ណៈ បាន​បញ្ជាក់​ថា បច្ចុប្បន្ន​បណ្ដាញ​ផ្សព្វផ្សាយ​ដើរ​តួនាទី​សំខាន់​នៅ​ក្នុង​អភិបាល​កិច្ច​ល្អ ខណៈ​មនុស្ស​គ្រប់​គ្នា​ត្រូវ​ការ​ព័ត៌មាន។ ព័ត៌មាន​ជា​ផ្នែក​មួយ​ជួយ​ផ្លាស់​ប្ដូរ​សង្គម និង ជួយ​ដល់​កំណើន​សេដ្ឋកិច្ច​ប្រជាជន​ផង​ដែរ។

 

បើ​ទោះ​បី​ជា​យ៉ាង​ណា​ក៏ដោយ​មាន​ការ​លើក​ឡើង​ថា អ្នក​ឧកញ៉ា​ គិត​ ម៉េង ​នៅ​មាន​​​ហ្វ្រេកង់​ដែល​កំពុង​ផ្អឹប​ទុក​នៅ​ក្នុង​ដៃ​មួយ​ចំនួន​នៅ​ឡើយ ប៉ុន្ដែ គេ​នៅ​មិនទាន់​ដឹង​ពី​តួលេខ​ថា លោក​មាន​ប៉ុន្មាន​​នោះ​ទេ។

 

ទាក់ទង​នឹង​បញ្ហា​នេះ ឯក ​ឧត្ដម​ខៀវ កាញារីទ្ធ រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន​មានប្រសាសន៍​ឲ្យ​ដឹង​ថា អ្នក​ឧកញ៉ា​គិត​ម៉េង មាន​ហ្រ្វេកង់ មួយ​ចំនួន​មែន ប៉ុន្ដែ ក្រសួង​បាន​បិទ​វិញ ដោយសារ​​អត់​ព្រម​ដំណើរការ។ ប៉ុន្ដែ ឯក​ឧត្តម​ មិនបាន​បញ្ជាក់​ថា តើ​ហ្រ្វេកង់​ប៉ុន្មាន​កំពុង​ដំណើរការ ហើយ​ប៉ុន្មាន​បាន​បិទ​នោះ​ទេ ដោយ​បាន​រុញ​ឲ្យ​ទៅ​សួរ​មន្ត្រី​ជំនាញ​ខាង​បច្ចេកទេស។

 

វិទ្យុ​ផ្សាយ​សំឡេង​​​ពុំ​មែន​ជា​បណ្ដាញ​ផ្សព្វផ្សាយ​ ដែល​រំពឹង​ថា​ នឹង​អាច​រក​ប្រាក់​​ចំណូល​បាន​ច្រើន​ សន្ធឹក​នោះ​ឡើយ​ ប៉ុន្តែ ហ្វ្រេកង់ ជាច្រើន​ត្រូវ​បាន​គេ​និយាយ​ថា​ កំពុង​កាន់​កាប់​ក្នុង​ដៃ​មន្ត្រី​ធំ​ៗ​ អ្នក​នយោបាយ​ និង ​សាច់ញាតិ​ព្រម​ទាំង​ឧកញ៉ា​ៗ​មួយ​ចំនួន​ផង។

 

ផ្អែក​តាម​របាយការណ៍​របស់​ នាយកដ្ឋាន​សោតទស្សន៍ ឆ្នាំ ២០១២ បាន​បង្ហាញ​ថា ស្ថានីយ​វិទ្យុ​ដែល​បាន​ដំណើរ​ការ​នៅ​រាជធានី​ភ្នំពេញ​មាន​សរុប​ចំនួន ៥៣ ស្ថានីយ (ផ្សាយ​ផ្ទាល់ ៥០ និង ផ្សាយ​បន្ត​ចំនួន ៣)៕

 

 

 
អត្ថបទពេញនិយម