ឃឹម​ បូរី វះកាត់​រួចរាល់​​តែ​​អវត្តមាន​លើ​ទីលាន​ដល់​ចប់​រដូវ​កាល​

  • 2016-04-18 17:01:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ប្រយុទ្ធ​​របស់​ក្លឹប​ណាហ្គាវើល​ ឃឹម​ បូរី ​បាន​ទទួល​ការ​វះកាត់​ដាក់​បញ្ចូល​ដែក ​របួស​បាក់​ឆ្អឹង​ដង​​កាំបិត​​រួចរាល់​នៅ​​មន្ទីរពេទ្យ​​ខេត្ត​បាត់ដំបង ប៉ុន្តែ​កីឡាករ​រូប​នេះ​​ នឹង​អវត្តមាន​ពី​​សមរភូមិ​វាលស្មៅ​ដល់​ចប់​រដូវ​កាល​២០១៦។ ​នេះ​បើ​តាម​ការ​បញ្ជាក់​របស់​​លោក មាស​ ចាន់​ណា ​គ្រូ​បង្គោល​​ក្លឹប​ណាហ្គាវើល។

 

 

​លោក មាស ចាន់​ណា ​បាន​ឲ្យ​ដឹង​ថា ​​កីឡាករ​ដែល​ជា​ក្ដី​រំពឹង​ក្នុង​ការ​ប្រជែង​​យក​ពាន Hun Sen Cup 2016  ឃឹម​ បូរី ​​​អាច​នឹង​អវត្តមាន​ដល់​ចប់​រដូវ​កាល​​​​ ២០១៦​នេះ​តែ​ម្ដង។ របួស​បាក់​ឆ្អឹង​ដង​កាំបិត​នេះ​​យ៉ាង​​តិច​ណាស់​ប្រើ​ពេល ២​ឬ​៣​ខែ ​ដើម្បី​ព្យាបាល​ឲ្យ​បាន​ជាសះស្បើយ។

 

​គ្រូ​បង្វឹក​រូប​នេះ​បន្ត​ថា ​បើ​គិត​មក​ដល់​ពេល​នេះ​របួស​​របស់​ បូរី​ បាន​ធូរស្រាល​​ប្រសើរ​ច្រើន​ហើយ ប៉ុន្តែ​​សម្រាប់​​ប្រាក់​ចេញ​ថ្លៃ​ព្យាបាល​វិញ​​កីឡាករ​រូប​នេះ​ត្រូវ​​ចំណាយ​ខ្លួន​​ឯង។ ​​ក្លឹប​​នឹង​រក​ដំណោះ​ស្រាយ​មួយ​ដែល​ល្អ​ដល់​កីឡាករ​​ ដើម្បី​សម្រួល​ដល់​បន្ទុក​​ក្នុង​ការ​ព្យាបាល​របួស​នេះ​​ផង​ដែរ។

 

​ឃឹម បូរី​ បាន​រង​របួស​បាក់​ឆ្អឹង​​ដង​កាំបិត​ក្នុង​កំឡុង​​រូប​គេ​ក្រឡាប់​ម៉ូតូ​កង់​បី​នៅ​ខេត្ត​​ប៉ៃលិន​​កាល​ពី​ថ្ងៃ​ទី១៣ ខែ​មេសា ឆ្នាំ​២០១៦៕ ​​​​​​​​​​

 

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​