ប្រុសឡា ប្រាប់​ហេតុផល​ចោល​ទឹក​ដី​សម្បូរ​ដុល្លារ​ ស្រវា​សិល្បៈ​ស្រុក​ខ្មែរ

  • 2016-04-18 17:53:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ផល​ ដារ៉ា​ឡា ហៅ ប្រុស​ឡា ​អ្នក​និពន្ធ​បទ​ថ្មី​ម្នាក់​ ប្រាប់​ថា​មូល​ហេតុ​ដែល​លោក​​សុខ​ចិត្ត​ចាក​ចេញ​ពី​ទឹក​ដី​សម្បូរ​ទៅ​ដោយ​ដុល្លារ(សហរដ្ឋអាមេរិក)វិល​​ត្រឡប់​មក​ស្រុក​ខ្មែរ​នោះ​ គឺ​​​​ទឹក​ចិត្ត​ស្រលាញ់​សិល្បៈ​ និង​​ចង់​ក្លាយ​ជា​​ចំណែក​មួយ​​លើ​បេសកកម្ម​​លើក​កម្ពស់​​សិល្បៈ​ខ្មែរ​​។

 

ប្រុស​ឡា បន្ថែម៖ "ការ​ចាក​ចេញ​នេះ​ ទី១​ ខ្ញុំ​ស្រលាញ់​សិល្បៈ​ ទី២​ ខ្ញុំ​ចង់​ក្លាយ​ជា​មនុស្ស​ម្នាក់​ដែល​មាន​ការ​រួម​ចំណែក​ស្រោចស្រង់​សិល្បៈ ​សម័យ​យើង​មក​វិញ​ ព្រោះ​ពី​មុន ​ខ្ញុំ​គ្មាន​បទ​ចម្រៀង​សម័យ​ទុក​អួត​មិត្តភ័ក្ដិ​ខ្ញុំ​នៅ​​ស្រុក​គេ​ទេ​ មាន​តែ​ចម្លង​លួច​ស្ដាប់​ពី​ក្រោយ​ខ្នង​គេ។ ក្រោយ​មក ដោយ​សារ​ចង់​ចេះ​ចង់​ដឹង​ ​ខ្ញុំរៀន​តាម​ Online​ ស្រាវជ្រាវ​ដោយ​ខ្លួន​ឯង​​​ ចំណែក​រៀន​នៅ​សាលា​បាន​ត្រឹម​តែ​មួយ​ឆ្នាំ​ទេ​ ដោយសារ​គ្មាន​ថវិកា​រៀន​បន្ត​ "។

 

រយៈ​ពេល​២​ឆ្នាំ​នៅ​ស្រុក​ខ្មែរ ប្រុស​ឡា​ បាន​ធ្វើ​ឲ្យ​ទស្សនិកជន​ស្គាល់​លោក​តាម​រយៈ​បទ​ចម្រៀង​ "ជិះ​ស៊ី​ក្លូ" ​ ថ្មីៗ​នេះមាន​​ បទ​ "នារី​សក់​ខ្លី​" និង​បទ​ "ធុង​បាស​ភូមិ​ខ្ញុំ​"​ កំពុង​តែ​ស្ទុះ​ និង​មាន​ទស្សនិកជន​​ស្គាល់​លោក​ កាន់​តែ​ខ្លាំង​។

 

 

ដំបូង​ឡើយ​ ម្ចាស់​បទ​ "ជិះ​ស៊ី​ក្លូ"​ អះ​អាង​ថា​ លោក​រស់​នៅ​ និង​មាន​ស្រុក​កំណើត​ក្នុង​​ស្រុក​ខ្មែរ​នេះ​ឯង​ ប៉ុន្តែ​លុះ​ដល់​ឆ្នាំ​ ២០០៣ ​រូប​គេ​ត្រូវ​ម្ដាយ​ធានា​យក​ទៅ​នៅ​អាមេរិក​​ ដោយ​សារ​ឪពុក​ម្ដាយ​បាន​ចែក​ផ្លូវ​គ្នា​។​

នៅ​ទី​នោះ​ លោក​ បញ្ចប់​ត្រឹម​ថ្នាក់​​ទី​១២​ សាលា​ Henry Sibley High School ប៉ុន្តែ​បាន​ចូល​​មហា​វិទ្យាល័យ​មួយ​​ឆ្នាំ​ក៏​ឈប់​វិញ​ ហើយ​សម្រេច​ចិត្ត​ធ្វើការ​​។ លុះ​ដល់​ ខែ វិច្ឆិកា​ ចុង​ឆ្នាំ​ ២០១៤​ ម្ចាស់​បទ​ "នារី​សក់​ខ្លី" ​សាកល្បង​ត្រឡប់​មក​នៅ​ខ្មែរ​វិញ​ដើម្បី​ប្រឡូក​ក្នុងវិស័យ​​សិល្បៈ​។

 

មក​ដល់​ពេល​នេះ​ ម្ចាស់​បទ​ "នារី​សក់​ខ្លី" និពន្ធ​បានប្រមាណ​​ជា​ង១០​បទ​​​ ។ ការ​ប្រឹង​ប្រែង​ទាំង​អស់​នេះ​ ប្រុស​ឡា ប្រាប់​ថា ​ដោយ​សារ​តែ​មាន​ការ​ជួយ​ជំរុញ លើក​ទឹក​ចិត្ត និង​​ជឿជាក់​លើ​ស្នាដៃ​​របស់​លោក ​ពី​មិត្តភ័ក្ដិ ​ទើប​​លោក​ មាន​ទំនុក​ចិត្ត​ខ្លាំង​ក្នុង​ការ​និពន្ធ​បទ​ថ្មី​ និង​បន្ត​រស់​នៅ​ស្រុក​ខ្មែរ​​បន្ត​​ទៀត​​៕

 

អត្ថបទ៖ ថា ម៉ាលីដា​ រូបភាព​៖ ហេ្វស ប៊ុក​ ប្រុស​ឡា​

អត្ថបទថ្មី