បំណែក​​​​​យន្តហោះ​​រក​ឃើញ​​នៅ​ឆ្នេរ​​​ម៉ូសំប៊ិក​ ជា​របស់​​ MH370

  • 2016-04-21 16:22:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បំណែក​​​​យន្តហោះ​​ចំនួន​ពីរ​បំណែក​ ​ត្រូវ​បាន​​រក​ឃើញ​​​នៅ​​តាម​ឆ្នេរ​សមុទ្រ​​ប្រទេស​ម៉ូសំប៊ិក​​​(ប្រទេស​​ក្នុង​ទ្វីប​អាហ្វ្រិក​) ​គឺ​ជា​របស់​​យន្តហោះ​ជើង​ហោះ​ហើរ​​​​​​បាត់​ខ្លួន​ MH370 របស់​ម៉ាឡេស៊ី​ នេះ​បើ​តាម​​​ការ​ថ្លែង​របស់​​រដ្ឋមន្ត្រី​​ដឹក​ជញ្ជូន​​ប្រទេស​អូស្ត្រាលី Darren Chester ​កាល​ពី​​​ថ្ងៃ​អង្គារ​កន្លង​ទៅ។

 

តាម​សារព័ត៌មានReuters លោក Chester បាន​ឲ្យ​ដឹង​ថា​របាយការណ៍​ចេញ​ពី​​ការិយាល័យ​​សុវត្ថិភាព​ដឹក​ជញ្ជូន​​អូស្ត្រាលី​​​បាន​បញ្ជាក់​ចំពោះ​បំណែក​​ទាំង​ពីរ​ខាង​លើ។

 

លោក​​​រដ្ឋមន្ត្រី Chester បាន​បញ្ជាក់​ទៀត​ថា​ លេខ​និង​អក្សរ​​លើ​បំណែក​នោះ​គឺ​ដូច​គ្នា​ទាំង​ស្រុង​ទៅ​នឹង​​​លេខ​និង​អក្សរ​ដែល​បាន​បោះ​ពុម្ព​​លើ​យន្តហោះ​ជើង​ហោះ​ហើរ MH370 របស់​ម៉ាឡេស៊ី​។

 

ចំពោះ​​​បំណែក​​​ទាំង​ពីរ​ខាង​លើ បំណែក​ទី​១​​ត្រូវ​បាន​​រក​ឃើញ​ដោយ​យុវជន​មក​ពី​ប្រទេស​អាហ្វ្រិក​ខាង​ត្បូង​ម្នាក់​​នៅ​លើ​ឆ្នេរ​សមុទ្រ​ប្រទេស​​​ម៉ូសំប៊ិក​​​​ពេល​រូប​គេ​ទៅ​​​កម្សាន្ត​នៅ​ទី​នោះ​កាល​ពី​ខែ​ធ្នូ​​​​ឆ្នាំ​២០១៥​កន្លង​ទៅ ចំណែក​បំណែក​​​ទី​ពីរ​​ត្រូវ​បាន​​បុរស​អ្នក​ទេសចរ​ជន​ជាតិ​អាម៉េរិកាំង​​ម្នាក់​រក​ឃើញ​​​​​នា​ចុង​ខែ​​កុម្ភៈ​ ឆ្នាំ​២០១៦​កន្លង​ទៅ​នេះ។ រំលឹក​ផង​ដែរ​ថា យន្តហោះ​ដឹក​អ្នក​ដំណើរ​របស់​ក្រុមហ៊ុន​អាកាសចរណ៍​ម៉ាឡេស៊ី បាន​បាត់​ខ្លួន​យ៉ាង​អាថ៌កំបាំង​កាល​ពី​ថ្ងៃ​ទី០៨ ខែ​មីនា ឆ្នាំ២០១៤ ហើយ​ឆក់​យក​ជីវិត​មនុស្ស ២៣៩​នាក់ ពេល​ធ្វើ​ដំណើរ​ពី​ទី​ក្រុង​កូឡាឡុំាពួរ ទៅ​កាន់​​ទីក្រុង​ប៉េកាំង ប្រទេស​ចិន។ ការ​រុក​រក​ជើង​ហោះហើរ MH370 គឺ​ជា​ប្រតិបត្តិការ​ធំ​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ ដែល​ចំណាយ​ប្រាក់​អស់​រាប់​រយ​លាន​ដុល្លារ និង​មាន​ការ​ចូល​រួម​ពី​ក្រុម​ការងារ​ចម្រុះ​ជាតិសាសន៍​ជា​ច្រើន​ប្រទេស៕

 

ចុចអាន៖  បំណែក​​​​​យន្តហោះ​ប្រទះ​ឃើញ​​នៅ​ឆ្នេរ​​​ម៉ូសំប៊ិក​”ស្ទើរ​តែ​ជា​” របស់​​ MH370

 

ប្រែ​សម្រួល៖ មាន រតនា​ ប្រភព៖ channelnewsasia​​​​​