តួ Stunt កូន​ខ្មែរ​ល្បី​ឈ្មោះ​នៅ​ទ្វីប​អឺរ៉ុប​មក​ប្រទេស​កម្ពុជា

  • 2016-04-22 21:09:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Maurice Chan ដែល​ជា​កូន​ខ្មែរ​ម្នាក់ ​ល្បីល្បាញ​លើ​ឆាក​អន្តរជាតិ​ក្នុង​ការ​សម្ដែង​ជា​តួ Stunt តាម​រយៈ​ភាពយន្ត​ជា​ច្រើន បាន​ធ្វើ​ដំណើរ​មក​ដល់​ប្រទេស​កម្ពុជា​កាល​ពី​ពេល​ថ្មី​នេះ។

 

 

នៅ​ក្នុង​ជំនួប​ជាមួយ Sabay កូន​ខ្មែរ​សញ្ជាតិ​បារាំង​បាន​លើក​ឡើង​ថា បំណង​លើក​នេះ គឺ​ដើម្បី​ពិភាក្សា​ពី​ការ​ថត​ភាពយន្ត​ខ្នាត​ធំ​មួយ​នៅ​ប្រទេស​កម្ពុជា និង​ស្វែង​រក​ឱកាស​ដើម្បី​បើក​សាលា​បណ្ដុះបណ្ដាល​របៀប​ហក់​លោត ឬ​សម្ដែង​ជា​តួ Stunt សម្រាប់​ភាពយន្ត​ខ្មែរ​នា​អនាគត។

 

“ដំបូង​ឡើយ ខ្ញុំ​ត្រូវ​ប្រមូល​ក្រុម​របស់​ខ្ញុំ​សិន ដើម្បី​ជួយ​បង្ហាត់បង្រៀន​ទៀត ដូច្នេះ​ត្រូវ​រក​អ្នក​ជួយ​គាំទ្រ បាន​អាច​បើក​បាន "។ Maurice Chan ថ្លែង​យ៉ាង​ដូច្នេះ។ បុរស​វ័យ ៤០ ឆ្នាំ​រូប​នេះ​បន្ត​ថា មិន​ទាន់​បាន​កំណត់​ថា គម្រោង​នេះ​នឹង​ចេញ​ជា​រូប​រាង​ពេល​ណា​នោះ​ទេ ព្រោះ​ត្រូវ​ការ​ថវិកា​ពី​ប្រទេស​កម្ពុជា​ខ្លះ ហើយ​សល់​ប៉ុន្មាន​ទៀត​លោក​ជា​អ្នក​ចំណាយ​សម្រាប់​ការ​អញ្ជើញ​តួ Stunt ជា​សមាជិក​ក្រុម​​មក​ចូលរួម​បង្ហាត់​បង្ហាញ​ដល់​កូន​ខ្មែរ។

 

បច្ចុប្បន្ន Maurice Chanកំពុង​តែ​រក​មធ្យោបាយ ធ្វើ​យ៉ាង​ណា​ឱ្យ​បំណង​របស់​លោក​បាន​សម្រេច ព្រោះ​លោក​ចង់​​បង្ហាញ​ទៅ​កាន់​ពិភព​លោក​ថា នៅ​ប្រទេស​កម្ពុជា ក៏​មាន​តួ Stunt ដែរ។

 

លោក​បន្ត​ថា៖"នៅ​កម្ពុជា​មាន​ដែរ​អ្នក​សម្ដែង​ហក់​លោត តែ​មិន​ទាន់​ចេះ​បច្ចេកទេស​ការពារ​ខ្លួន​កុំ​ឱ្យ​មាន​គ្រោះ​ថ្នាក់ ហើយ​ខ្ញុំ​ចេះ! ចង់​យក​មក​ចែក​រំលែក​នៅ​ទីនេះ"។ ប្រធាន​ក្រុម Cascade រូប​នេះ​បន្ថែម​ទៀត​ថា តួ Stunt ប្រឈម​ទៅ​នឹង​គ្រោះ​ថ្នាក់​បំផុត​ទាម​ឱ្យ​មាន​ការ​ប្រុងប្រយ័ត្ន និង​ដឹង​ពី​តិចនិក​ការ​ខ្លួន​។ យ៉ាង​ណា​ក៏​ដោយ លោក​ត្រូវ​ត្រឡប់​ទៅ​ប្រទេស​បារាំង​វិញ​នៅ​ដើម​ខែ​ឧសភា​ដើម្បី​ត្រៀម​សម្រាប់​​ផែន​ការ​របស់​លោក.

 

Maurice ​ចាប់​ផ្ដើម​​ធ្វើ​ជា​តួ​​វាយតប់​ ​(Stunt) ​​ក្នុង​ប្រទេស​បារាំង​តាំងពី​ឆ្នាំ​ ២០០០ ​មក​ ដោយ​ធ្វើ​ការ​ជាមួយ​អ្នក​រៀបចំ​ប្លង់​វាយ​តប់​ ​និង​ឈុត​គ្រោះថ្នាក់​មួយ​ចំនួន​​ដូចជា​ Alain Figlarz, ​Olivier Schneider, ​Phlippe Guegan,​ Laurent Demianoff។ ​ដោយសារ​​​មើល​ឃើញ​សមត្ថភាព ​​​​និង​ជឿជាក់​​ថា ​គេ​អាច​ធ្វើ​បាន​ ​​ទើប​​ ​Maurice ​​ត្រូវ​ផ្ដល់​​​ឱកាស​ឲ្យ​​ថត​រឿង​ជា​ហូរហែ​ឥត​ដាច់។ ​​

 

រឿង​ហូលីវូដ​ដែលលោក​សម្ដែង​​ដំបូង ​មាន​ចំណង​ជើង​ថា​ “Unleashed”​ ឬ​ “Danny the Dog” ​ជា​ភាសា​បារាំង​ សម្ដែង​ជាមួយ​ លី លានជា (Jet Li) ​និង​ Morgan Freeman​ ក្នុង​ឆ្នាំ ២០០២ ​មុន​នឹង​ចាក់​បញ្ចាំង​នៅ​ឆ្នាំ ​២០០៥។ ​​រឿង​ហូលីវូដ​ដែល​លោក​​ធ្លាប់​សម្ដែង​ផ្សេង​ទៀត​​មាន ​"From Paris with Love (2010)”, ​"District 13 Ultimatum (2009)” ​និង​ “Lucy (2014)”។ ​ក្រៅ​ពី​នេះ​ នៅ​មាន​ភាពយន្ត​បារាំង ​និង​ឥណ្ឌា​ជា​ច្រើន​ផ្សេង​ទៀត​ដែល​លោក​​បាន​ចូលរួម​សម្ដែង៕

 

ប្រវត្តិ ​Maurice CHAN ​​​​កូន​ខ្មែរ​ដែល​សម្តែង​ជាមួយ​​​លី លានជា

 

 

 

អត្ថបទ៖ សំ ជំនាញ