ឆ្នាំនេះ ​អ្នក​ដាំ​ស្លា​មាន​ហាងឆេង​ខ្ពស់

  • 2016-05-19 14:07:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


 

ស្លា ​គឺជា​គ្រឿងផ្សំ​ដ៏​សំខាន់​សម្រាប់​លោកយាយ-​លោកតា​ ដែល​បរិភោគ​ម្លូ។ ដើម​ស្លា​មិនសូវ​ជា​មាន​គេ​ដាំ​ច្រើន​ទេ បើ​មាន​ក៏​មានតែ​នៅ​តាម​ផ្ទះ​ណា ដែល​មាន​ចាស់ៗ​ជា​អ្នក​ហូប​ស្លា​ដែរ។ ប៉ុន្តែ​នៅ​ស្រុក​ត្បូងឃ្មុំ ក្នុង​ខេត្ត​ត្បូងឃ្មុំ មាន​ឃុំ​មួយ​ដែល​ប្រជាជន​នៅ​ទីនោះ​ដាំ​ដើម​ស្លា​សឹងតែ​គ្រប់​ផ្ទះ​ក្លាយទៅជា​ប្រពៃណី​តាំងពី​ដូនតា​យូរយារ​ណាស់​មក​ហើយ​នោះ គឺ​ឃុំ​ជប់។

 

បើ​អ្នក​ទាំងអស់​គ្នា​ឆ្លងកាត់​តាម​ផ្លូវ​ជាតិ​លេខ៧ ត្រង់​ឃុំ​ជប់ អ្នក​នឹង​មាន​ប្លែក​អារម្មណ៍​ភ្លាម ព្រោះ​នៅ​អម​សងខាង​ផ្លូវ អ្នក​នឹង​ឃើញ​មាន​ដើម​ស្លា​យ៉ាង​ច្រើន តែ​បើ​អ្នក​ចូល​តាម​ផ្លូវ​ទៅ​ចម្ការកៅស៊ូ​ជប់​វិញ គឺ​វា​មាន​ច្រើន​ស្អេកស្កះ​តែ​ម្ដង។

 

 

​អ្នកស្រី ទៀង ជា​ពលរដ្ឋ​ម្នាក់​នៅ​ភូមិ​ច្រក​ចំបក់ ឃុំ​ជប់ បាន​ប្រាប់​ថា គាត់​មាន​ដើម​ស្លា ២០០ ដើម ក្នុង​នោះ​មាន​ស្លា​ខ្លះ​អាយុ ១៥ឆ្នាំ និង​ខ្លះ​ទៀត​ជិត ៣០ឆ្នាំ​ហើយ។ អ្នកស្រី​បន្ត​ថា ស្លា​អាច​ផ្ដល់​ផល​បាន នៅ​ពេល​វា​មាន​អាយុ ៣ ទៅ ៥ ឆ្នាំ និង​ជា​មធ្យម​ស្លា ១ដើម​អាច​ផ្ដល់​បរិមាណ​ស្លា​ស្ងួត​បាន​ប្រហែល ១គីឡូក្រាម។ សព្វថ្ងៃ​មាន​ឈ្មួញ​ដើរ​ទិញ​ស្លា​ស្រស់​ក្នុង​តម្លៃ​ជាង ១០ ០០០៛ ដោយ​ថ្លឹង​ទាំង​ស្មែង​តែ​ម្តង។

 

នៅ​ខ្ទង់​ខែ កក្កដា ឬ​សីហា លែង​មាន​ឈ្មួញ​ដើរ​ទិញ កសិករ​ចាប់​ផ្តើម​ធ្វើ​ស្លាកាត់ (ស្ងួត)វិញ​ម្ដង។ សម្រាប់​ឆ្នាំនេះ ​តម្លៃ​ស្លា​ស្ងួត​បាន​ហក់​ឡើង​ខ្ពស់​ជាង​រាល់​ឆ្នាំ​ទៅទៀត ដោយ​បច្ចុប្បន្ន ស្លា​ស្ងួត ១គីឡូ​ថ្លៃ ៥០ ០០០៛ ខណៈ​ពី​ឆ្នាំទៅ​មានតម្លៃ​ត្រឹមតែ ៣០ ០០០៛ ទៅ ៤០ ០០០៛ប៉ុណ្ណោះ។ ដើម​ស្លា​ក្រៅពី​ផ្ដល់​ជា​ផ្លែ គេ​ក៏​អាច​យក​ធាង​របស់​វា​ទៅ​ធ្វើជា​អំបោស​បាន​ទៀត​ផង។ អ្នកស្រី​ទៀង​ថា “អំបោស​ហ្នឹង​ធ្វើ​ខ្លួនឯង​ខ្លះ ជួន​លក់​ធាង​ឲ្យ​គេ​ខ្លះ។ ស្លឹក ១ធាង​លក់​បាន ៥០៛ តែ​បើ​សក​ហើយ​អាច​លក់​បាន ១៥០៛ ទៅ ២០០៛។ អំបោស ១ធ្វើ​អស់ ៥ធាង ថែម​សក់​វា ៥ធាង​អី​ទៀត​ទៅ បាន​អំបោស ១ហើយ។ អំបោស ១ដើម​អាច​លក់​បាន ២ ៥០០៛ ទៅ ៣ ០០០៛។

 

 

ចំណែក​ឯ ​លោក​ស្រូ​យ វុទ្ធី ជា​ឈ្មួញ​កណ្ដាល​ទិញ​ស្លា រស់នៅ​ភូមិ​ជប់​ក្រៅ ឃុំ​ជប់ បាន​ប្រាប់ Sabay ថា គាត់​ដើរ​ប្រមូល​ទិញ​ស្លា​ពី​អ្នកភូមិ រួច​លក់​បន្ត​ទៅ​ឲ្យ​ឈ្មួញ​វៀតណាម។ ផ្ទះ​របស់​គាត់​ផ្ទាល់​ក៏​មាន​ដើម​ស្លា ៣០០ដើម​ដែរ។ បុរស​វ័យ ៥០ប្លាយ​រូប​នេះ បាន​និយាយា​ថា ក្នុង​ឃុំ​របស់​គាត់​មាន​ស្លា​ច្រើន​ណាស់ គឺ​រាប់ពាន់​ហិច​តា​ឯណោះ។ គាត់​បន្ត​ថា តម្លៃ​ស្លា​ចាប់​ផ្ដើម​មាន​ហាងឆេង​នៅ​ពេល​ដែល​ជនជាតិ​វៀតណាម​ចូល​មក​ទិញ ព្រោះ​កាលពី​ប៉ុន្មាន​ឆ្នាំមុន​ស្លា១គីឡូ​តម្លៃ​ប្រមាណ​តែ ៣ ០០០៛​ប៉ុណ្ណោះ។ ចំពោះ ប្រភេទ​ស្លា(ស្រស់)ដែល​គាត់​ទិញ​សព្វថ្ងៃ​មាន៣ប្រភេទ​គឺ ស្លា​លេខ១ មាន​ផ្លែធំ​(ប៉ុន១ចំហៀង​កដៃ​មនុស្ស​ចាស់) ទិញ​ថ្លៃ ១៥ ០០០៛ ឯ​ស្លា​លេខ២ (ប៉ុន​មេជើង) ទិញ​ថ្លៃ ១២ ០០០៛ ទៅ ១៣ ០០០៛ និង​ចុងក្រោយ ​គឺ​ស្លា​លេខ៣ (តូច)ទិញ​ក្នុងតម្លៃ១០ ០០០៛៕

 

 

 

  អត្ថបទ & រូបភាព៖ គីម សាយ

អត្ថបទថ្មី