អ្នកវិទ្យាសាស្ត្រព្រមានពី "វិបត្តិដំណេកសកល"
- 2016-05-09 18:56:02
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អ្នកវិទ្យាសាស្ត្រព្រមានពី "វិបត្តិដំណេកសកល"
ចន្លោះមិនឃើញ
សម្ពាធសង្គមកំពុងបង្ខំឲ្យមនុស្សជាច្រើនកាត់បន្ថយពេលវេលាគេងរបស់ខ្លួន ដែលក្លាយជាវិបត្តិថ្មីមួយឈ្មោះថា "វិបត្តិដំណេកពិភពលោក" (Global Sleep Crisis)។ នេះបើតាមការសិក្សាថ្មីមួយផ្អែកលើទិន្នន័យប្រមូលពី Apps ទូរសព្ទ Smart Phone។
ក្រុមអ្នកវិទ្យាសាស្ត្រស្រាវជ្រាវពីសកលវិទ្យាល័យ Michigan សហរដ្ឋអាមេរិក បានតាមដានលើទម្លាប់គេងរបស់មនុស្សជាច្រើនលើពិភពលោក តាមរយៈការប្រមូលទិន្នន័យទៅតាមអាយុ ភេទ ពី១០០ប្រទេស ដោយមានការសិក្សាពីបញ្ហាបង្កឲ្យមានប៉ះពាល់ទម្លាប់គេងផងដែរ។ អ្នកស្រាវជ្រាវបានសុំឲ្យមនុស្សប្រមាណ៦ពាន់នាក់(ជាគំរូ) ចាប់ពីអាយុ១៥ឡើងផ្ដល់ព័ត៌មានទាក់ទងនឹងការគេងរបស់ពួកគេ។
តាមលទ្ធផលស្រាវជ្រាវបានចុះផ្សាយលើទស្សនាវដ្ដី Science Advances បានឲ្យដឹងថា សម្ពាធសង្គមតួយ៉ាងដូចការកិច្ចការងារដែលត្រូវធ្វើសម្រេចឲ្យទាន់ពេលវេលា បានបង្ខំឲ្យមនុស្សជាច្រើនមានសម្ពាធ ត្រូវពន្យារពេលគេងនិងកាត់បន្ថយពេលគេងរបស់ពួកគេដើម្បីបង្ហើយកិច្ចការ។
ការស្រាវជ្រាវក៏បានឲ្យដឹងដែរថា ទំនោរនៃការកែប្រែកាត់បន្ថយរយៈពេលគេងថ្មីៗនេះអាចបង្កឲ្យមានផលប៉ះពាល់ដល់សុខភាពរបស់ពួកគេ។ តាមការិយាល័យបង្ការនិងប្រយុទ្ធប្រឆាំងជំងឺនៃសហរដ្ឋអាមេរិក បានឲ្យដឹងថា យុវវ័យគួរគេងយ៉ាងតិចណាស់៧ម៉ោងក្នុងមួយថ្ងៃ ប៉ុន្តែទំនោរនៃការគេងតិចមិនគ្រប់គ្រាន់ នឹងអាចបង្កហានិភ័យសុខភាពរបស់ពួកគេ ដូចជាជំងឺធាត់ ជំងឺទឹកនោមផ្អែម ឡើងសម្ពាធឈាម និងជំងឺបេះដូងជាដើម៕
ចុចអាន៖ ការគេងនៅពេលយប់ច្រើនជាង ៩ ម៉ោងអាចប្រឈមមុខនឹងហានិភ័យនៃការស្លាប់មុនអាយុ
ប្រែសម្រួល៖ មាន រតនា ប្រភព៖ abc, nzherald