ភាពយន្ត​ខ្មែរ “Before the Fall” ត្រូវ​បាន​ផ្ដល់​សិទ្ធិ​ចូល​រួម​មហោស្រព​ទីក្រុង​កាន

  • 2016-05-12 22:48:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តាម​ព័ត៌មាន បញ្ចេញ​ដោយ​ផលិតកម្ម Rock បាន​ឲ្យ​ដឹង​ថា ភាពយន្ត​ខ្មែរ​មួយ​រឿង មាន​ចំណង​ជើង​ថា "មុន​ពេល​ដួល​រលំ"  ឫ “Before the fall" ត្រូវ​បាន​ជ្រើស​រើស​ឲ្យ​ចូល​រួម​ចាក់​បញ្ចាំង​នៅ​ក្នុង​មហោស្រព Cannes (Cannes Film Festival) នៅ​ប្រទេស​បារាំង នៅ​ថ្ងៃ​​នេះ។

 

ការ​​ជ្រើស​រើស​នេះ​ចូល​រួម​មហោស្រព​អន្តរជាតិ​ខាង​លើ បន្ទាប់​ពី​ចុង​ឆ្នាំ​មុន ភាពយន្ត​ដដែល​នេះ ក៏​ត្រូវ​បាន​គណៈ​កម្មការ​ជ្រើស​រើស​ឲ្យ​ចូល​រួម​ប្រកួត​ប្រជែង​ក្នុង​មហោស្រព​ភាពយន្ត​ជាតិ​លើក​ទី​៤ និង​អន្តរជាតិ​លើក​ទី៦ International Film Festival ក្នុង​ប្រទេស​កម្ពុជា​ផង​ដែរ។

 

 

លោក យឹម សុសត្យា ប្រធាន​គ្រប់​គ្រង​ការ​ផលិត​របស់​ផលិតកម្ម Rock ប្រាប់​នេះ ជា​មោទនភាព​របស់​ផលិតកម្ម ក៏​ដូច​ជា​ឧស្សាហកម្ម​ភាពយន្ត​ខ្មែរ​ទាំង​មូល។ លោក​ថា “Cannes Film Festival Market គឺ​ជា​ព្រឹត្តិការណ៍ ខ្សែ​ភាពយន្ត​ដ៏​មាន​កិត្យានុភាព​ក្នុង​ពិភពលោក វា​គឺ​ជា​ភាព​ជោគជ័យ​មួយ​ដែល​ខ្សែ​ភាពយន្ត​ខ្មែរ​យើង​ត្រូវ​បាន​ជ្រើស​រើស និង​ធ្វើ​ការ​ចាក់​បញ្ចាំង​នៅ​ក្នុង​កម្មវិធី​នេះ។  ក្នុង​នាម​ជា​ខ្មែរ​ផលិតកម្ម​យើង​ពិត​ជា មោទនភាព​ខ្លាំង​ណាស់"។

 

រឿង​ "មុន​ពេល​ដួល​រលំ " នេះ​គឹ​ជា​វណ្ណកម្ម​ធំ​មួយ​ដែល​សហការ​ផលិត​រវាង​ផលិតកម្ម​រ៉ុក​អ៊ិនធើធេន មេន និង​លោក Ian White ដែល​ជា​ជន​ជាតិ​អូស្ត្រាលី។ រឿង​នេះ​បាន​ចំណាយ​ថវិកា​យ៉ាង​មហាសាល និង​ថត​យ៉ាង​សម្រិត​សម្រាំង​បំផុត​អស់​រយៈ​ពេល​ជាង ២ឆ្នាំ ដើម្បី​ឲ្យ​សម្រេច​បាន​គុណភាព​កម្រិត​អន្តរជាតិ។

 

បន្ថែម​ពី​នេះ ភាពយន្ត​ខាង​លើ ក៏​ត្រូវ​បាន​រួម​សម្ដែង ដោយ​តារា​សម្ដែង​ធំ​ៗ​សុទ្ធ​សឹង ជា​តួ​សម្ដែង មាន​ទេពកោសល្យ​សម្ដែង​ខ្ពស់ និង​ល្បីល្បាញ​ក្នុង​ឆាក​អន្តរជាតិ​ទៀត​ផង ដែល​មាន​ដូច​ជា​លោក Ian Virgo ដែល​ជា​តួ​សម្ដែង​ក្នុង​រឿង ហូលីវូដ​ខ្នាត​ធំ លោក Nicolas Berthery ជា​តារា​សម្ដែង និង​បង្ហាញ​ម៉ូដ​នៅ​ប្រទេស​បារាំង​ជា​ដើម។

 

លោក យឹម សុសត្យា បាន​អធិប្បាយ​ទៀត​ថា រឿង “មុន​ពេល​ដួល​​រលំ” ឬ (Before the fall) បាន​ឆ្លុះ​បញ្ចាំង​ពី​ភាព​វឹកវរ ស្ថានភាព​ច្របូកច្របល់ ការ​ធ្វើ​សង្គ្រាម​ស៊ី​សាច់ ហុត​ឈាម​រវាង​កងទ័ព​ខ្មែរ​ក្រហម និង​កង​ទ័ព​លន់ណុល​ព្រមទាំង កង​ទ័ព​អាម៉េរិកាំង ដែល​នៅ​សេសសល់។

 

 

លោក បន្ថែម​ថា "ម្យ៉ាង​យើង​ក៏​ចង់​លាត​ត្រដាង ពី​ជីវិត​តស៊ូ របស់​អ្នក​ចម្រៀង​ខ្មែរ​ម្នាក់​ដែល​ខំ​ច្រៀង​ជា​មួយ​នឹង​ពួក​អន្ធពាល​ដើម្បី​បាន​រស់ និង​រត់​ភៀស​ខ្លួន ទៅ​ក្រៅ​ប្រទេស។ ស្ថានភាព​ដ៍​វឹកវរ និង​រស់​ក្រោម​កាណុង​កាំភ្លើង​រាល់​ថ្ងៃ បែប​នេះ តើ​អ្នក​ណា​ត្រូវ​ស្លាប់? អ្នក​ណា​ខ្លះ​នៅ​រស់? ហើយ​ អ្នក​ណា​ខ្លះ​អាច​រត់​ភៀស​ខ្លួន​ទៅ​បរទេស​បាន​សម្រេច”។

 

ជាមួយ​ភាព​ជោគជ័យ​នេះ ប្រធាន​គ្រប់​គ្រង​ដដែល បញ្ជាក់​ថា ថ្មីៗ​នេះ ផលិតកម្ម Rock និង​លោក Ian White បាន​ចុះ​កិច្ច​សន្យា​ជាមួយ​ក្រុមហ៊ុន​ចែក ចាយ​មួយ​ដែល​មាន​ឈ្មោះ​ថា California Pictures ដើម្បី​ធ្វើការ​លក់ និង​ចែក​ចាយ​ភាពយន្ត​មួយ​នេះ ទៅ​កាន់​ពិភព​លោក​ថែម​ទៀត​ផង។ ក្រៅ​ពី​រឿង "មុន​ការ​ដួល​រលំ" ផលិតកម្ម Rock នៅ​មាន​ភាពយន្ត​លំដាប់​ជាតិ និង​អន្តរជាតិ​ជា​ច្រើន​ដូច​ជា "ចេនឡា២" "នារី​វេទមន្ត" "ជំនួញ​អាគម" និង​រឿង "ខូច​ចិត្ត​អាជីព" ជា​ដើម ដែល​គ្រោង​នឹង​ចាក់​បញ្ចាំង​ជូន​ទស្សនិកជន​បាន​ទស្សនា​ជា​បន្ត​បន្ទាប់​នៅ​ពេល​ខាង​មុខ។ យឹម សុសត្យា បញ្ជាក់៕

 

អត្ថបទ៖ ទារិកា