Pellegrini ថាមកពី Pep ទើបធ្វើឲ្យ Man City បាត់បង់ពាន
- 2016-05-16 17:58:40
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Pellegrini ថាមកពី Pep ទើបធ្វើឲ្យ Man City បាត់បង់ពាន
ចន្លោះមិនឃើញ
បន្ទាប់ពីប្រកួត ១-១ ស្មើជាមួយក្រុមក្ងានព្រៃ Swansea យប់នេះ ក្រុមមេឃខៀវ Manchester City ឈរលេខ៤ក្នុងតារាងលីគកំពូលអង់គ្លេស Premier League និងអាចលេងនៅ Champions League រដូវកាលក្រោយ បើទោះបីគូប្រជែង Manchester United នៅសល់មួយប្រកួតក្នុងដៃក៏ដោយ។
ប៉ុន្តែ Manuel Pellegrini អ្នកចាត់ការរបស់ក្រុមមេឃខៀវ បានប្រាប់ក្រោយការប្រកួតនេះថា បរិយាកាសនៅក្រុមមេឃខៀវ ចាប់ផ្ដើមផ្លាស់ប្ដូរ ភ្លាមៗបន្ទាប់ពី Man City បានប្រកាសពីវត្តមានរបស់គ្រូបង្វឹកថ្មី Pep Guardiola នៅរដូវកាលក្រោយ។
Pellegrini អបអរជាមួយកីឡាករ ក្រោយស្មើ Swansea យប់មិញ
អ្នកចាត់ការសញ្ជាតិឈីលីរូបនេះបានអះអាង ការប្រកាសពីវត្តមាន Pep មកដឹកនាំ Man City គឺកត្តាដ៏ធំមួយដែលធ្វើឲ្យក្លឹបធ្លាក់ចេញពីការប្រកួតប្រជែងដណ្ដើមពាន Premier League។
Man City បានចាញ់ក្រុមជើងឯក Leicester ៣-១ កាលពីខែកុម្ភៈ នៅពេលដែលមានការប្រកាសផ្លូវការនេះ ខណៈដែលអារម្មណ៍របស់កីឡាករនៅក្នុងក្លឹបមានការប្រែប្រួល។
លោកថា "ក្នុងខែកុម្ភៈ មានរឿងជាច្រើនបានកើតឡើង ហើយខ្ញុំក៏មិនចង់វិភាគបន្តថាតើមកពីហេតុអីដែរ។ យើងចាញ់ប្រកួតក្នុងដីទល់នឹងក្រុម Leicester និង Tottenham អំឡុងពេលដែលអ្នកគ្រប់គ្នាដឹងពីអនាគតនៅរដូវកាលក្រោយ [Pep មកដឹកនាំ]។ ខ្ញុំគិតថា បរិយាកាសពេលនោះ គឺមិនល្អទាល់តែសោះដើម្បីប្រជែងយកពាន"។
ក្នុងរយៈពេល ៣ រដូវកាលរបស់អតីតអ្នកចាត់ការ Villarreal, Real Madrid និង Malaga រូបនេះ នៅ Man City លោកបានជួយក្រុមឲ្យលើកពាន Premier League ២០១៣-២០១៤ ១ដង ពាន League Cup ពីរដង និងជួយឲ្យក្រុមឈានដល់វគ្គជម្រុះពាក់កណ្ដាលផ្ដាច់ព្រ័ត្រក្នុង Champions League ២០១៥-២០១៦ ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ៕
ប្រែសម្រួល៖ សុផាត ប្រភព៖ Goal