សុវណ្ណ គិរី អតីត​កីឡា​ករ​ មេដាយ​មាស​ស៊ី​ហ្គេម​

  • 2016-05-17 17:30:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពិធីករ​​​ សុវណ្ណ​ គិរី ថ្លែង​មក​កាន់​ Sabay ថា ​លោក​ធ្លាប់​ជា​អតីត​កីឡា​​​​ការ៉ាតេដូ​​ និង​ទទួល​បាន​មេដាយ​មាស​ស៊ីហ្គេម​កាល​ពី​ឆ្នាំ​២០១១ នៅ​ប្រទេស​ឥណ្ឌូនេស៊ី ​។​

 

តារា​មាន​ស្រុក​កំណើត​នៅ​រាជធានីភ្នំពេញ​ថ្លែង ៖ “មុន​បង​ចូល​សិល្បៈ​ បង​ធ្លាប់​ជា​កីឡា​ករ​​ការ៉ាតេដូ​ ហើយក្រោយៗ​មក​​ ក៏​ធ្លាប់​បាន​ទទួល​មេដាយ​មាស​ស៊ី​ហ្គេម​នៅ​ឥណ្ឌូនេស៊ី​កាល​ពី​ឆ្នាំ​២០១១​ និង​ធ្លាប់​បាន​មេដាយ​​មាស​នៅ​ជប៉ុនដែរ​អូន​"។

 

 

(សុវណ្ណ គិរី រូប​កណ្តាល​ខាង​លើ​ទទួល​បាន​មេដាយ​​មាស​លេខ​១​ នៅ​ឥណ្ឌូនេស៊ី ឆ្នាំ​២០១១)

 
​ មិន​បាន​យូរ​ប៉ុន្មាន​ក្រោយ​ជាប់​មេដាយ​លេខ​១​ រួច​មក​ លោក​ត្រូវ​បាន​គេ​ឲ្យ​​បំពេញ​ភារកិច្ច​បន្ត​រៀន​ការ៉ាតេដូ​មួយ​ឆ្នាំ​នៅ​ជប៉ុន។​ ប៉ុន្តែក្រោយ​​ត្រឡប់​មក​ស្រុក​វិញ ពិធីករ​រូប​នេះ​​បាន​ហក់​ចូល​សិល្បៈ​ បន្ទាប់​ពី​ធ្លាប់​បាន​ប្រឡង​ក្នុង​កម្មវិធី​យុវតារា​ឆ្នាំ​២០០៨​រួច​មក។ ពិធី​ករ​ប៉ុស្តិ៍​បាយ័ន​បន្ថែម៖ "រាល់​ថ្ងៃ​បង​នៅ​តែ​លេង​តិចៗ​​ ប៉ុន្តែ​ឥឡូវ​អត់​ដូច​ពី​មុន​ទេ​ អាយុ​ច្រើន​ រូប​រាង​ ក៏​ចាស់​ជាង​មុន​ ហើយ​​ការងារ​សិល្បៈ​រវល់​ដក​ឃ្លា​មិន​ចង់​បាន​ ដូច្នេះ​កម្រិត​នៃ​ការ​លេង ​ក៏​​មិន​ដូចមុន​ដែរ​អូន "​។

 

សុវណ្ណ គិរី មោទន​នឹង​ចរិត​ពី​ធម្មជាតិ

 

ពិធី​ករ​ក្នុង​កម្មវិធី​ The Style Cambodia​ បញ្ជាក់​ថា​ លោក​ចេះ​លេង​កីឡា​មួយ​នេះ​ ដោយ​សារ​មាន​លោក​​ឪពុក​​ជា​ជើង​ឯក ការ៉ាតេដូ​​សម័យ​សង្គម​រាស្ត្រ​និយម​ ក្រោយ​មក​ក៏​​បាន​បណ្ដុះ​​លោក​​ឲ្យ​ក្លាយ​ជា​កីឡាករ​ឆ្នើម​ម្នាក់​នៅ​កម្ពុជា​​។ជាមួយ​គ្នា​នេះ ​គិរី ​បន្ត​ឲ្យ​ដឹង​ថា ​ឪពុក​លោក​ឈ្មោះ​ ឡាច ច័ន្ទ​សុវណ្ណ​​ ធ្លាប់​​ប្រកួត​ឈ្នះ​បាន​លេខ​១​ក្នុង​ចំណោម​កីឡា​គ្រប់​ប្រភេទ​នៅ​កម្ពុជា ​ឆ្នាំ​១៩៧៤​។

 

 

​​​ (លោក ឡាច ច័ន្ទ​សុវណ្ ឪពុក​​របស់ សុវណ្ណ គិរី)

 

យ៉ាង​ណា​មិញ​ ឆន្ទៈ​ស្រឡាញ់​កីឡា​​ការ៉ាតេដូ​មួយ​នេះ​ តារា​សម្ដែង​ក្នុង​រឿង​ "ក្រមុំ​សៅកែ" អះ​អាង​ថា​ ​បើ​មាន​កម្ម​វិធី​ប្រកួត​ធំៗ​នៅ​ក្រៅ​ស្រុក​ លោក​នឹង​ទៅ​ហ្វឹក​ហាត់​បន្ថែម​ដើម្បី​​​នាំ​យក​កីឡា​ការ៉ាតេដូ​នេះ​ទៅ បង្ហាញ​នៅ​ក្រៅ​ស្រុក​ ប៉ុន្តែ​សេចក្ដី​រំពឹង​ថា​នឹង​ទទួល​បាន​​មេដាយ​មាស​ដូច​ពីមុន​ លោក​ថា​ មិនហ៊ាន​រំពឹង​ទេ៕​ ​​ អត្ថបទ៖ ថា ម៉ាលីដា

រូបថត៖ ផ្តល់​ដោយ គិរី