ក្រុម​សង្ក្រាន្ត​ភូមិ​យើង ​រៀបចំ​បណ្ណាល័យ​តាម​ថ្នាក់រៀន​ អោយ​សាលា​មួយ ​នៅ​ស្រុក​បវេល

  • 2016-05-18 19:09:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

 

ក្រោយ​ពី​បិទ​បញ្ចប់​កម្មវិធី​សង្ក្រាន្ត​ភូមិ​យើង​ចប់​កាល​ខែ​មុន​ដែល​ទទួល​បាន​ដោយ​ជោគជ័យ ឥឡូវ​​នេះ ក្រុម​សង្ក្រាន្ត​ភូមិ​យើង​ បាន​ធ្វើ​ដំណើរ​ទៅ​រៀប​ចំ​បណ្ណាល័យ​តាម​ថ្នាក់​រៀន​មួយ​នៅ​ ភូមិ​ជ្រោយ​ស្នា ឃុំ​ខ្នាចរមាស ស្រុក​បវេល ខេត្ត​បាត់​ដំបង ដែល​មាន​ចម្ងាយ​ប្រមាណ​ ៤៥ គីឡូម៉ែត្រ ពីទី​រួម​ខេត្ត។

 

សូមចុចអាន៖ សង្ក្រាន្ត​ភូមិ​យើង ទទួល​ឆ្នាំ​ថ្មី​ផង​ និង ដើម្បី​ការ​អាន​របស់​កុមារ​ផង

 

 

 

តំណាង​ក្រុម​សង្ក្រាន្ត​ភូមិ​យើង​បាន​រៀបរាប់​អោយ​ដឹង​ថា បន្ទាប់​ពី​ក្រុម​ការងារ​បាន​មក​ដល់​សាលាបឋមសិក្សា​ជ្រោយ​ស្នា​ ​កាល​ពី​អំឡុង​ខែ​មករា ឃើញ​ថា សាលា​នេះ​មាន​ការ​លំបាក​ច្រើន ហើយ​ក្មេងៗ​រៀន​នៅ​ទី​នេះ​ពុំ​មាន​សៀវភៅ​សម្រាប់​អាន​គ្រប់​គ្រាន់ ដូច្នេះ​ហើយ​ ទើប​ក្រុម​ការងារ​សង្ក្រាន្ត​ភូមិ​យើង​នាំគ្នា យក​សៀវភៅ​ និង រៀប​ជា​បណ្ណាល័យ​នៅ​ទី​នេះ។

 

សៀវភៅ​ប្រមាណ​ជា​ ៤០០ក្បាល សម្ភារៈ​សម្រាប់​ថ្នាក់រៀន​ដូចជា ​អំបោស ប្រដាប់​កើប ធុង​សម្រាម​និង​ សម្ភារៈ​សិក្សា​មួយ​ចំនួន​សម្រាប់​សិស្ស​នៅ​ទីនោះ ត្រូវ​បាន​ក្រុម​ការងារ​សង្ក្រាន្ត​ភូមិ​យើង​យក​ទៅ​ជួយ​ឧបត្ថម្ភ​គាំទ្រ​សាលា​បឋម​សិក្សា​ជ្រោយស្នា។

 

សូមចុចអាន៖ សង្ក្រាន្ត ភូមិ​យើង ទទួល​ការ​គាំទ្រ​ខ្លាំង​ហួស​ពី​ការ​រំពឹង​ទុក

 

 

 

តំណាង​ក្រុម​បាន​ថ្លែងប្រាប់​ភ្នាក់ងារ​ Sabayថា “ថវិកា​សម្រាប់​ទិញ​សៀវភៅ ​និង​សម្ភារៈ​ទាំងនេះ​ គឺ​បាន​មកពី​ការ​លក់​ភេសជ្ជៈ និង​អាហារ ព្រមទាំង​ការ​បរិច្ចាគ​ ពី​អ្នកចូលរួម​នៅ​ក្នុង​កម្មវិធី​សង្ក្រាន្ត​ភូមិ​យើង​កាលពី​ថ្ងៃទី ១០ ខែ​មេសា កន្លង​ទៅ។ ពួក​យើង​ក៏​ទទួល​បាន​ការ​ជួយ​ឧបត្ថម្ភ​ជា​សៀវភៅ​និង​សម្ភារៈ​សិក្សា​ខ្លះ​ពី​ CJCC និង​ពី​សំណាក​សិស្សានុសិស្ស​មួយ​ចំនួន​ផងដែរ។ សាលា​បញ្ញា​សាស្ត្រ​ក៏បាន​ជួយ​យើង​ផ្នែក​ការ​ធ្វើដំណើរ​ហើយ​ និង​ក្រុមហ៊ុន​ផលិត​នំ​ស្រួយ​លី​លី​បាន​ជួយ​ផ្ដល់​នំ​អោយ​យើង​យក​ទៅ​ចែក​ក្មេងៗ​នៅ​ទីនោះ​ថែមទៀត។ ដោយសារ​សាលា​មិន​មាន​បន្ទប់​បណ្ណាល័យ​ដាច់​ដោយឡែក ដូច្នេះ​យើង​នឹង​រៀបចំ​ទូ​ផ្ដៅ​ដាក់​សៀវភៅ​តាម​ថ្នាក់​នីមួយៗ​តែ​ម្តង"។

 

សាលាបឋមសិក្សា​ជ្រោយ​ស្នា មាន​សិស្ស​សរុប ១៦១នាក់ ហើយ​មាន ៧កម្រិត ពី​មត្តេយ្យ​ដល់​ថ្នាក់​ទី៦ ក្នុង​មួយ​កម្រិត​មាន​តែមួយ​ថ្នាក់​ប៉ុណ្ណោះ។ ដោយ​សាលារៀន​មានតែ​បី​បន្ទប់ សិស្ស​ត្រូវ​ប្ដូរ​វេន​គ្នា​រៀន ពេលព្រឹក​ និង​ថ្ងៃ ទើប​អាច​រៀន​បាន​ទាំងអស់​គ្នា។

 

លោក នូ សារ៉េត នា​យម​សាលាបឋមសិក្សា​ជ្រោយ​ស្នា​បាន​សម្ដែង​សេចក្ដី​ត្រេកអរ​យ៉ាង​ខ្លាំង​ចំពោះ​សកម្មភាព​នេះ ហើយ​បាន​​បញ្ជាក់​ថា ក្មេងៗ​នៅទី​នេះ​ចូលចិត្ត​អាន ប៉ុន្តែ​មាន​សៀវភៅ​មិន​គ្រប់គ្រាន់ គឺ​មាន​តែ​ ១០ ទៅ ២០ក្បាល​ប៉ុណ្ណោះ ហើយ​សៀវភៅ​ខ្លះ​ក៏​ចាស់ និង រហែក ផង​ដែរ៕

 

 
 
 

អត្ថបទ & រូបភាព៖ ហួន ទីណារ័ត្ន

អត្ថបទពេញនិយម