Galaxy C5 ក្រៅ​ពី​រាង​ដូច​ iPhone 6s ​មាន​លក្ខណៈ​សម្បត្តិ​​អី​ខ្លាំង​ជាង?

  • 2016-06-01 19:00:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សប្ដាហ៍​កន្លង​ទៅ​នេះ​ក្រុមហ៊ុន​ Samsung បាន​បញ្ចេញ​​វត្តមាន​ទូរសព្ទ​ Galaxy C5 ​ដោយ​ឃើញ​មាន​ការ​ចាប់​អារម្មណ៍​​ខ្លាំង​ពី​​អ្នក​ប្រើ​ប្រាស់​ ព្រោះ​តែ​​វា​មាន​រូបរាង​ដូច​ទៅ​នឹង​ iPhone 6s។ ក្រៅ​ពី​រូបរាង​ ចុះ​ចំពោះ​លក្ខណៈ​សម្បត្តិ​វិញ​មួយ​ណា​មាន​ប្រៀប​ជាង?

 

​​​@ផ្ទៃ​អេក្រង់៖

 

 

Galaxy C5 មាន​​បំពាក់​​អេក្រង់​ប្រភេទ​ Super AMOLED ទំហំ​ ៥,២​អ៊ីញ​ ដែល​​អាច​បង្ហាញ​រូបភាព​ក្នុង​កម្រិត​ 1080 x 1920 ភីក​សែល​ និង​មាន​ដង់ស៊ីតេ​រូបភាព​ ៤២៤​ ppi។

 

 

ចំពោះ​ iPhone 6s វិញ​នៅ​តែ​ប្រើ​ប្រាស់​អេក្រង់​ស៊េរី​ចាស់​ LCD ទំហំ​ ៤,៧​អ៊ីញ​ អាច​បង្ហាញ​រូបភាព​ដែល​មាន​ដង់ស៊ីតេ​ ៣២៦ ppi ក្នុង​កម្រិត​ 750 x 1334 ភីកសែល​តែ​ប៉ុណ្ណោះ។ អ្វី​ដែល​ពិសេស​នោះ​គឺ​មាន​បំពាក់​​មុខងារ​ 3D Touch ដែល​បញ្ជា​កម្មវិធី​បាន​កាន់​តែ​ងាយ​ស្រួល។ ​ @Software៖

 

 

iPhone 6s មាន​ដំឡើង​មក​ស្រាប់​​ដោយ​ប្រព័ន្ធ​ប្រតិបត្តិការ​ iOS 9 ហើយ​ក៏​អាច​ដំឡើង​ទៅ​កាន់​ជំនាន់​ចុង​ក្រោយ​ iOS 9.3 បាន​ផង​ដែរ។ ចំណែក​ឯ​ Galaxy C5 ឯ​ណេះ​វិញ​ដើរ​ដោយ​ប្រព័ន្ធ​ប្រតិបត្តិការ​​ Android ជំនាន់​ចុង​ក្រោយ​ Marshmallow ដែល​មាន​ផ្ទៃ​ Interface កាន់​តែ​ងាយ​ស្រួល​ប្រើ​ រួម​បញ្ចូល​មុខងារ​ថ្មីៗ​មួយ​ចំនួន។

 

@ល្បឿន​របស់​ម៉ាស៊ីន៖

 

 

Galaxy C5 មាន​បំពាក់​ដោយ​បន្ទះ​ Chip Qualcomm MSM8952 Snapdragon 617 ដែល​មាន​ CPU Cortex-A53 Octa-core ល្បឿន​ ១,៥​GHz និង​ GPU Adreno 405។ អ្វី​ដែល​ពិសេស​គឺ​មាន​ RAM ទំហំ​ដល់​ ៤GB ដែល​ធ្វើ​ឲ្យ​ការ​ប្រើ​ប្រាស់​កម្មវិធី​ ឬ​ លេង​ហ្គេម​ 3D ប្រព្រឹត្ត​ទៅ​យ៉ាង​រលូន។

 

សម្រាប់​ទូរសព្ទ​ជំនាន់​ថ្មី​របស់​ Apple​ វិញ​មាន​បំពាក់​នូវ​បន្ទះ​ Chip A9 និង​មាន​​ RAMទំហំ​ ២GB​ ហើយ​​ប្រៀប​ទៅ​នឹង​ Galaxy C5 ហាក់​មាន​សភាព​ទាប​ជាង​បន្តិច។ ក្រុមហ៊ុន​បាន​បញ្ជាក់​ដែរ​ថា​ បន្ទះ Chip A9​ នេះ​មាន​ល្បឿន​លឿន​ជាង​មុន​ដល់​ទៅ​៧០​ភាគ​រយ។

 

@កាមេរ៉ា​៖

 

កាមេរ៉ា​របស់​ 6s Plus ​បាន​ពង្រីក​ឲ្យ​មាន​ទំហំ​ធំ​ជាង​មុន​គឺ​ ១២​MP ដែល​វា​ជួយ​ឲ្យ​ iPhone​ ថត​វីដេអូ​ក្នុង​កម្រិត​ 4K បាន​ជា​លើក​ដំបូង។ អ្វី​ដែល​ពិសេស​នោះ​គឺ​គេ​បាន​បន្ថែម​នូវ​មុខងារ​មួយ​គឺ​ Retina Flash​ ដោយ​មុខងារ​នេះ​ប្រើ​ប្រាស់​អេក្រង់​ទូរសព្ទ​ជា​ភ្លើង​​របស់​កាមេរ៉ា​ខាង​មុខ​ ដើម្បី​ជំនួយ​ដល់​ការ​ថត​រូប​ Selfie។ មិន​តែ​ប៉ុណ្ណោះ​ក៏​មាន​មុខងារ​ Live Photo​ ដែល​ធ្វើ​ឲ្យ​រូប​ថត​មាន​ចលនា​បាន។

 

 

​​​​​​​​​​​​​​Galaxy C5​ ដែល​មាន​កាមេរ៉ា​ខាង​ក្រោយ​ទំហំ​ ១៦​MP​ និង​ ខាង​មុខ​ទំហំ​​ដល់​ ៨​MP ជួយ​ឲ្យ​​រូប​ថត​ និង​វីដេអូ​​ដែល​ថត​បាន​​​ច្បាស់​​ល្អ​ ទោះ​ស្ថិត​នៅ​ក្នុង​ស្ថានភាព​ណា​ក៏​ដោយ។

 

@ថាមពល​ថ្ម៖

 

ត្បិត​ថា​ទំហំ​ថ្ម​របស់​ iPhone 6s ​តូច​ជាង​មុន​​​ដោយ​មាន​ត្រឹម​ (១៧១៥mAh) ប៉ុន្តែ​រយៈ​ពេល​នៃ​ការ​ប្រើ​ប្រាស់​គឺ​ដូច​គ្នា​ទៅ​នឹង​ iPhone 6 ​ដែរ​ គឺ​ប្រើ​ប្រាស់​បាន​១០​ម៉ោង​ចំពោះ​ការ​លេង​អ៊ីនធឺណិត។ សម្រាប់​​ថាមពល​ថ្ម​របស់​ Galaxy C5 គឺ​មាន​ទំហំ​ដល់​ ២៦០០mAh ដែល​មាន​បំពាក់​ដោយ​បច្ចេកវិទ្យា​សាក​ថ្ម​បាន​លឿន Quick Charge 3.0 ​របស់​ Qualcomm។

 

@តម្លៃ៖

 

Galaxy C5 នឹង​មាន​ដាក់​លក់​នៅ​​ប្រទេស​ចិន​ ក្នុង​តម្លៃ​ពីរ​ផ្សេង​គ្នា​ ដោយ​ប្រភេទ​​អង្គ​ផ្ទុក​ទិន្នន័យ​ទំហំ​ ៣២GB តម្លៃ​ប្រហែល​ ៣៣៥​ដុល្លារ​ និង​ ៦៤GB តម្លៃ​ប្រហែល​ ៣៦៥​ដុល្លារ។ ដោយ​ឡែក​បើ​ក្រឡេក​មើល​តម្លៃ​​​បច្ចុប្បន្ន​​របស់​ iPhone 6s គឺ​មាន​ចាប់​ពី​ ៦៤៩​ដុល្លារ (១៦GB), ៧៤៩​ដុល្លារ (៦៤GB) និង​ ៨៤៩ដុល្លារ​ (១២៨GB)។

 

បើ​តាម​ការ​ប្រៀប​ធៀប​ខាង​លើ​ឃើញ​ថា​រវាង​ iPhone 6s និង​ Galaxy C5 សុទ្ធ​តែ​មាន​លក្ខណៈ​​សម្បត្តិ​ពិសេស​រៀង​ៗ​ខ្លួន​​ ដែល​អាច​​យក​ប្រៀប​​​លើ​គ្នា​ទៅ​វិញ​ទៅ​មក​បាន​៕ ​​​ ចុះ​ប្រិយមិត្ត​យល់​យ៉ាង​ណា​ដែរ?

 

ចុច​អាន៖  Galaxy C5 ចេញ​ជា​ផ្លូវ​ការ​ កម្លាំង​ខ្លាំង ​តែ​​តម្លៃ​ធូរថ្លៃ

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង ប្រភព៖ GSMArena, PhoneArena​​​

អត្ថបទពេញនិយម