នាំ​កូន​ចូលរួម​កិច្ចការ​សង្គម​ពី​ក្មេង គេ​អាច​ក្លាយជា​បុគ្គល​ជោគជ័យ

  • 2016-05-31 19:03:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

«បើ​ឪពុកម្តាយ​អាច​នាំកូនៗចូលរួម​ធ្វើ​កិច្ចការ​សង្គម​តាំងពី​វ័យក្មេង  ពួកគេ​នឹង​អាច​ក្លាយជា​បុគ្គល​ជោគជ័យ​នៅ​ថ្ងៃ​អនាគត» ។ នេះ​ជាការ​លើកឡើង​របស់លោក ​ប៉ិច ប៉ូ​ឡែ​ន ប្រធាន​នាយក​ប្រតិបត្តិ នៃសាលាវេស​ឡាញ ។

 

​កុមារ​នឹង​មើលឃើញទិដ្ឋភាព​សង្គម​មួយ​ផ្សេងគ្នា​ពី​សង្គម​ដែល​គេ​កំពុង​រស់នៅ ដែល​នេះ​ជា​ឱកាស​រៀនសូត្រ ធ្វើ​ឲ្យ​គេ​កាន់តែ​ចេះ​គិត ​ចេះ​ចែករំលែក ហើយ​រឹងមាំ​នៅពេល​ក្រោយ។

 

13296314_10153823402053795_1344634471_n(លោក​ប៉ិច ប៉ូ​ឡែ​ន ប្រធាន​នាយក​ប្រតិបត្តិ នៃសាលាវេស​ឡាញ)

 

ស្រប​នឹង​ទិវា​កុមារ​អន្តរជាតិ​ខិតជិត​មកដល់ លោ​កថា​នេះ​ជា​ឱកាសល្អ​សម្រាប់​ឪពុកម្តាយ​ក្នុងការនាំកូនៗធ្វើ​កិច្ចការ​សង្គម ។ មាន​កិច្ចការ​សង្គម​ជាច្រើន​ដែល​កុមារ​អាច​ចូលរួម​ធ្វើបាន​ដូចជា​ការចូលរួម​ដាំដើមឈើ សម្រួលចរាចរណ៍ បរិច្ចាគ​អាហារ សម្ភារៈ​សិក្សា សម្លៀកបំពាក់ ដែល​គេ​ធ្លាប់ប្រើ​ទៅ​ឲ្យ​កុមារកំព្រា ។ ប្រសិនបើឪពុកម្តាយ​មានលទ្ធភាព អាច​ទិញ​របស់​ថ្មី​ក៏បាន ដោយ​ពន្យល់​ប្រាប់កូនៗថា «មាន​កុមារ​ដែលមាន​អាយុ​ប្រហែល​កូន​កំពុង​រស់នៅក្នុង​ភាពខ្វះខាត ក្រលំបាក ហើយ​កូន​អាច​ចូលរួម​ធ្វើ​ឲ្យ​ស្ថានភាព​កុមារ​ទាំងនោះ​ល្អប្រសើរ​បាន»។

 

ក្មេងៗអាច​នឹងមិន​ចាប់អារម្មណ៍ ឬ ចង់​ចូលរួម​ធ្វើ​កិច្ចការ​សង្គម​នេះភ្លាមៗឡើយ ដូច្នេះ​មាតាបិតា​ត្រូវ​បណ្តុះ​គំនិត និង​ជំរុញ​លើកទឹកចិត្ត​ដល់កូនៗ ។ ម្យ៉ាងវិញទៀត​ត្រូវ​ចំណាយពេល​នៅ​ជាមួយ​គេ​ឲ្យ​បាន​ច្រើន ពន្យល់​គេ​ឲ្យ​យល់ និង​បង្ហាញ​គេ​បានឃើញរាល់ពេល​ធ្វើដំណើរ​តាមផ្លូវ ដោយ​ការ​ទាញ​ទិដ្ឋភាព​សង្គម​ជុំវិញ​ខ្លួនគេ​មក​ពិភាក្សា និង​ជំរុញ​គេ​ឲ្យ​ខិតខំ​រៀន ។ លោក​ប៉ូ​ឡែ​ន បញ្ជាក់បន្ថែម៕

 

អត្ថបទៈ លីដា

អត្ថបទថ្មី