ផ្តល់​ឱកាស​ឲ្យ​កុមារ​បញ្ចេញ​យោបល់​ ធ្វើ​ឲ្យ​គេ​ក្លាហាន​

  • 2016-06-02 00:13:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

"ការ​ផ្ដល់​ឱកាស​ឲ្យ​កូន​របស់​អ្នក​បញ្ចេញ​យោបល់ គឺ​ជា​កត្តា​ចិត្តសាស្ត្រ​ដ៏​សំខាន់​បំផុត​ក្នុង​ការ​បណ្តុះ​ភាព​ក្លាហាន និង​ជំនឿ​ចិត្ត​ដល់​កូន​តាំង​ពី​គេ​នៅ​វ័យក្មេង»។ នេះ​បើ​តាម​ការ​លើក​ឡើង​របស់​លោក ផុន សុផល មន្ត្រី​នៃ​សម្ព័ន្ធ​អង្គការ​មិនមែន​រដ្ឋាភិបាល​ដើម្បី​សិទ្ធិ​កុមារ។

 

លោក​បន្ត​ថា កុមារ​នឹង​ត្រូវ​បាន​លើក​ទឹក​ចិត្ត​ឲ្យ​ចូលរួម​យោបល់​កាន់​តែ​ច្រើន បើ​សិន​ជា​សំឡេង​របស់​គេ​ត្រូវ​បាន​អ្នក​ជុំវិញ​ខ្លួន​យក​ចិត្ត​ទុក​ដាក់ និង​ផ្ដល់​តម្លៃ។ «ឪពុក​ម្តាយ​គួរ​ចាប់​ផ្ដើម​សួរ​ពី​ការ​គិត និង​ដោះ​ដូរ​យោបល់​ជាមួយ​កូន​ពី​បរិយាកាស​សង្គម​ជុំវិញ ឬ​បញ្ហា​ផ្សេងៗ​ដែល​អ្នក​ចង់​ឲ្យ​កូន​រៀន​ស្វែង​យល់ ដូចជា សួរ​គេ​ថា​តើ​គួរ​ធ្វើ​អ្វី​ក្នុង​ថ្ងៃ​ទិវា​កុមារ​អន្តរជាតិ? តើ​កូន​ចង់​ទៅ​លេង​ណា? ឬ​ចង់​បាន​អ្វី?» ។

 រូបតំណាង

 

ការ​អនុវត្ត​បែប​នេះ​ជា​រឿយៗ​ ធ្វើ​ឲ្យ​កុមារ​កាន់​តែ​ចេះ​គិត និង​ពង្រឹង​ភាព​ស្និទ្ធស្នាល​ក្នុង​ក្រុម​គ្រួសារ​មួយ​កម្រិត​ទៀត។ «ថ្ងៃ​ក្រោយ​ទៅ​ពេល​ជួប​បញ្ហា​អ្វី​មួយ គេ​នឹង​ហ៊ាន​ពិភាក្សា​ជាមួយ​ឪពុក​ម្តាយ ដែល​នេះ​ធ្វើ​ឲ្យ​សមាជិក​ក្នុង​គ្រួសារ​កាន់​តែ​យល់​ចិត្ត​គ្នា និង​ទទួល​បាន​សុភមង្គល»។

 

លោក ផុន សុផល មន្ត្រី​នៃ​សម្ព័ន្ធ​អង្គការ​មិនមែន​រដ្ឋាភិបាល​ដើម្បី​សិទ្ធិ​កុមារ

 

បើ​យោង​តាម​វិបសាយ naturalchild.org មាន ៣ ចំណុច​ដែល​ឱ​ពុក​ម្តាយ​ត្រូវ​ចងចាំ និង​អនុវត្ត​ជាមួយ​កូនៗ ដើម្បី​ជំរុញ​ឲ្យ​កូន​ចង់​បញ្ចេញ​ការ​យល់​ឃើញ​របស់​គេ​ដូចជា៖

  • ចាត់​ទុក​គំនិត​យោបល់​របស់​កូនៗ មាន​ប្រយោជន៍ និង​សំខាន់​ដូច​របស់​ខ្លួន​ដែរ

  • ត្រូវ​គិត​ថា​អ្នក​អាច​រៀន​អ្វី​ជា​ច្រើន​ពី​យោបល់​របស់​គេ ដូច​ដែល​គេ​អាច​រៀន​ពី​យើង​បាន​

  • ផ្សារ​ភ្ជាប់​ពិភព​របស់​អ្នក​ជាមួយ​ពិភព​របស់​កូនៗ តាម​រយៈ​សកម្មភាព​ ការ​លេង និង​ការ​ពិភាក្សា ​ តែ​ក្នុង​កម្រិត​មួយ​ដែល​សមរម្យ ជៀសវាង​ការ​សួរ​នាំ​គេ​ច្រើន​ពេក​ធ្វើ​ឲ្យ​គេ​ទទួល​អារម្មណ៍​ថា​ធុញ​ទ្រាន់។

 

តើ​អ្នក​ធ្លាប់​អនុវត្ត​វិធី​ទាំង​អស់​នេះ​ជាមួយ​កូន​តូចៗ​របស់​អ្នក​ហើយ​ឬ​នៅ? បើ​មិន​ទាន់​ទេ សូម​ចាប់​ផ្ដើម​ទាំង​អស់​គ្នា ហើយ​ចែក​រំលែក​ពី​ប្រសិទ្ធភាព​ផង​ណា៎!

 

អត្ថបទ៖ លីដា

អត្ថបទថ្មី