តារា​ជើង​ចាស់​ ឈុន ណារី កើត​​ទាចទឹក ស្ថានភាព​​យ៉ាង​ណា​ហើយ?

  • 2016-06-08 17:36:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​សម្ដែង​ជើង​ចាស់​អ្នក​ស្រី ឈុន ណារី បាន​ឲ្យ​ដឹង​ថា បច្ចុប្បន្ន​សុខភាព​​របស់​​អ្នក​ស្រី​កាន់​​តែ​ទ្រុឌទ្រោម​ទៅៗ​ហើយ មិន​មាន​សង្ឃឹម​ថា និង​បាន​ធូរស្រាល​ឡើយ ទោះ​បី​ជា​ប្រឹងប្រែង​ព្យាបាល​យ៉ាង​ណា​ក្ដី។

 

"ខ្ញុំ​ព្យាបាល​ថ្នាំ​ខ្មែរ​ផង ថ្នាំ​ពេទ្យ​ផង ប៉ុន្តែ​​តែ​ហាក់​ដូច​ជា​មិន​បាន​ប្រសើរ​ឡើយ ពេល​​ជំងឺ​ធ្វើ​ទុក្ខ​គឺ​ពិបាក​​​ទ្រាំ​ខ្លាំង​ណាស់ ស្ទើរ​តែ​ផុត​ដង្ហើម​ម្ដងៗ។ អ្នក​ស្រី ឈុន ណារី ថ្លែង​ប្រាប់​ Sabay ព្រឹក​នេះ។

 

តារា​សម្ដែង​រូប​នេះ​បាន​រំលឹក​ថា ជំងឺ​របស់​អ្នក​ស្រី​បាន​ចាប់​​ផ្ដើម​ធ្វើ​ទុក​ខ្លាំង​​ជាង១ឆ្នាំ​​មក​ហើយ ជាមួយ​នោះ​​ អ្នក​ស្រី​បាន​ទៅ​ព្យាបាល​ពេទ្យ​ជា​ច្រើន​កន្លែង តែ​ពេទ្យ​ប្រាប់​ថា មិន​មាន​សង្ឃឹម​​ឡើយ ត្បិត​អី​ជំងឺ​នេះ បាន​ចូល​ដល់​ដំណាក់​ការ​ធ្ងន់ធ្ងរ​​ បើព្យាបាល​ត្រូវ​ការ​ប្រាក់​ច្រើន។

 

ក្រោយ​ពី​សារព័ត៌មាន​ក្នុង​ស្រុក​ជា​ច្រើន​បាន​ចេញ​ផ្សាយ​​ពី​ស្ថានភាពជំងឺ​របស់​អ្នក​ស្រី មាន​សប្បុរសធម៌​ជា​ច្រើន​បាន​ជួយឧបត្ថម្ភ ដោយ​ក្នុង​នោះ​អ្នក​ស្រី​ប្រាប់​ថា ខាង​កាកបាទ​ក្រហម​បាន​ជួយ​ប្រាក់​៥លានរៀល និង​​សម្ភារៈ​មួយ​ចំនួន។ ចំណែក​​សប្បុរសជន​ផ្សេងៗ​ទៀត​បាន​ជួយ​សរុប​ទាំង​អស់​បាន​ជាង​១ពាន់​ដុល្លារ​ដែរ។

 

តួ​ម្ដាយ​ដដែល​បាន​ឱ្យ​ដឹង​ទៀត​ថា ប្រាក់​បាន​ពី​ការ​ជួយ​ឧបត្ថម្ភ​របស់​សប្បុរសជន និង​កាកបាទក្រហម អាច​ឱ្យ​អ្នក​ស្រី​បាន​សាក​ល្បង​ទៅ​​ពិនិត្យ​ព្យាបាល​នៅ​ប្រទេស​ថៃចំនួន​​​២លើក​ដែរ ប៉ុន្តែ​ដោយ​ការ​ព្យាបាល​នៅ​ទី​នោះ​ថ្លៃ​ខ្លាំង​ពេក អស់​លទ្ធភាព ក៏សម្រេចត្រឡប់​មក​ផ្ទះ​វិញ​ ហើយ​ព្យាបាល​ដោយ​​លេប​ថ្នាំ​ខ្មែរ។

 

 

ងាក​មក​ក្រុម​គ្រួសារ​​វិញ អ្នក​ស្រី ឈុន ណារី មាន​ស្វាមី​ជា យោធិន​ពិការ មាន​កូន​ស្រី​ម្នាក់ កំពុង​សិក្សា នៅ​សាកលវិទ្យាល័យ​មួយ។  បច្ចុប្បន្ន​ក្រុម​គ្រួសារ មិន​មាន​ផ្ទះ​សម្បែង​ផ្ទាល់​ខ្លួន​ឡើយ គឺ​រស់​នៅ​ជា​មួយ​ម្ដាយ​ក្មេក​នៅ​ឯ​​ខេត្ត សៀម​រាប ហើយ​ពឹង​ផ្អែក​ទាំង​ស្រុង លើ​ប្រាក់​សោធន​និវត្តន៍៣០ម៉ឺន​រៀល​ក្នុង​មួយ​ខែ។

 

ជិត២០ ឆ្នាំ​​ហើយដែល អ្នក​ស្រី ឈុន ណារី បាន​ចូល​សិល្បៈ​។  អ្នក​ស្រី​ថ្លែង​ទាំង​​ទឹក​ភ្នែក​ថា មិន​មាន​អ្វី​សល់​ឡើយ កម្រៃ​បាន​មក​​ពី​ការ​ថត បាន​ត្រឹម​តែ​ដោះ​ស្រាយ​ជីវភាព​ប្រចាំ​ថ្ងៃ​ និង​ជួយ​ឲ្យ​កូន​ស្រី​បាន​រៀន​ប៉ុណ្ណោះ។ ប្រសិន​បើ​សប្បុរសជន​ដែល​មាន​បំណង​ចង់​ជួយ​ដល់​តារា​សម្ដែង​ជើង​ចាស់​ម្នាក់នេះ អាច​ទាក់​ទង​ទៅ​លេខ​​ទូរសព្ទ​អ្នក​ស្រី​ផ្ទាល់ 097 600 9297 / 015 423 553

 

ខាង​ក្រោម​នេះ គឺ​ជា​វីដេអូ ដែល​​​អ្នក​ស្រី ឈុន ណារី ហៅ​យាយ​វ៉ិត មក​ទទួល​អំណោយ​ពី សមាគម​សិល្បករ​​ខ្មែរនៅ​កុដិ​លេខ២៤ វត្ត នាគវ័ន្ត រាជធានី​ភ្នំពេញកាល​ពី​ពេល​កន្លង​ទៅ៖

 

 

 

អត្ថបទ៖ ខុត សីហា