វត្តមានរបស់ OnePlus 3 ដែលពិភពលោកទន្ទឹងរង់ចាំនោះទីបំផុតបង្ហាញវត្តមានជាផ្លូវការ ហើយកាលពីយប់មិញនេះ ដោយមានលក្ខណៈសម្បត្តិស្រដៀងទៅនឹងពាក្យចចាមអារ៉ាមផ្សព្វផ្សាយកន្លងមក។
ជំនាន់ទីបួនរបស់ត្រកូល OnePlus នេះមានបំពាក់ដោយអេក្រង់ Optic AMOLED ទំហំ ៥,៥អ៊ីញ អាចបង្ហាញរូបភាពក្នុងកម្រិត 1080p និងផ្ទៃការពារដោយកញ្ចក់ Gorilla Glass 4។ ទូរសព្ទនេះអាចនិយាយបានថាមានល្បឿនលឿនជាទីបំផុត ដោយសារមាន RAM ទំហំដល់ ៦ GB និងប្រើប្រាស់បន្ទះ Chip Snapdragon 820 ជំនាន់ចុងក្រោយ។ CPU ចំនួនបួនគ្រាប់លើបន្ទះ Chip នេះគឺ ២គ្រាប់មានល្បឿន 2.2GHz និង ២គ្រាប់ទៀតល្បឿន 1.6GHz។
កាមេរ៉ាជាផ្នែកមួយដ៏គួរឲ្យចាប់អារម្មណ៍លើទូរសព្ទ OnePlus 3 នេះដោយមានជាកាមេរ៉ាទំហំ ១៦MP មាន Sensorម៉ូដែល IMX298 របស់ Sony, មានបច្ចេកវិទ្យារក្សាលំនឹងរូបភាព, Auto-focus, ភ្លើងពិល LED និងអាចចាប់យកវីដេអូបានកម្រិត 4K។ នៅផ្នែកខាងមុខនៃទូរសព្ទវិញគឺពឹងផ្អែកលើកាមេរ៉ាទំហំ ៨MP មាន Sensorម៉ូដែល IMX179 របស់ Sony ដោយអាចថតវីដេអូកម្រិត 1080p។
លក្ខណៈសម្បត្តិពិសេសៗដទៃទៀតរបស់ OnePlus 3 រួមមាន អង្គផ្ទុកទិន្នន័យក្នុងម៉ាស៊ីនទំហំ ៦៤GB (មិនមានរន្ធសម្រាប់ដោយមេមូរីកាត), មានបច្ចេកវិទ្យាស្កេនក្រយៅដៃ, អាចប្រើស៊ីមពីរ និងមានថ្មទំហំ ៣០០០ mAh រួមជាមួយប្រព័ន្ធ Dash Charge អាចសាកថ្មបានដល់ ៦០% ក្នុងពេលកន្លះម៉ោង។ ប្រព័ន្ធប្រតិបត្តិការ Android Marshmallow 6.0.1 នឹងមានដំឡើងមកស្រាប់លើម៉ាស៊ីន។
ក្រុមហ៊ុន OnePlus នឹងដាក់លក់ទូរសព្ទនេះលើវិបសាយរបស់ខ្លួន ដោយកំណត់តម្លៃនៅត្រឹម ៣៩៩ ដុល្លារសម្រាប់ទីផ្សារអាមេរិក, ៤០៣ ដុល្លារនៅកាណាដា, ៤៣៦ ដុល្លារនៅអង់គ្លេស និង ៤៤៧ ដុល្លារ នៅសហភាពអឺរ៉ុប៕
ចុចអាន៖ iPhone 7 & 7 Pro ពណ៌ខៀវក្រមៅអាចមានរូបរាងបែបនេះ
ប្រែសម្រួល៖ ហៃ សុខហេង
ប្រភព៖ GSMArena