បងស្រីអាយុពីរឆ្នាំ នាំប្អូនភ្លោះតូចចេញដើរលេងក្នុងក្រុង ផ្អើលដល់ប៉ូលិស
- 2016-06-15 19:00:44
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បងស្រីអាយុពីរឆ្នាំ នាំប្អូនភ្លោះតូចចេញដើរលេងក្នុងក្រុង ផ្អើលដល់ប៉ូលិស
ចន្លោះមិនឃើញ
ករណីក្មេងស្រីតូចអាយុទើបតែពីរឆ្នាំម្នាក់ នាំប្អូនប្រុសភ្លោះអាយុទើបតែ១ខួបរបស់ខ្លួនចេញដើរលេងក្នុងទីក្រុង ជៀនឌី ខេត្តហ្សេជាំង ប្រទេសចិន កំពុងទាក់ទាញចំណាប់អារម្មណ៍សាធារណជនចិនជាច្រើន។
អ្វីដែលកាន់តែធ្វើឲ្យមនុស្សជាច្រើនភ្ញាក់ផ្អើលសឹងមិនជឿ ដោយយោងតាមសារព័ត៌មាន NetEase ក្មេងៗទាំង៣នាក់បាននាំគ្នាចេញទៅដើរលេងតាមផ្លូវជាងមួយម៉ោង ដោយបានចេញពីផ្ទះរបស់ពួកគេនៅអគារជាន់ទី៦ តាមទ្វារមានបំពាក់ប្រព័ន្ធការពារសុវត្ថិភាពទៀតផង។
បើតាមសម្ដីបុរសម្ចាស់ហាងលក់គ្រឿងទេសម្នាក់នៅក្បែរផ្លូវបានឲ្យដឹងថា គាត់បានឃើញក្មេងតូចបីនាក់បងប្អូនកំពុងដើររ៉េរ៉តាមផ្លូវក្បែរហាងលោក ឃើញដូចនោះលោកក៏បានឲ្យស្ករដល់ពួកគេ។
ក្មេងៗតូចបានទាក់ទាញអារម្មណ៍មនុស្សចាស់ៗជាច្រើននាំគ្នាមកមើល រហូតដល់ប៉ូលិសបានមកដល់សួរនាំដំណើររឿង។ កម្លាំងប៉ូលិសបានសម្រេចចិត្តនាំក្មេងតូចទាំងបីទៅការិយាល័យរបស់ខ្លួន រៀបចំអាហារឲ្យពួកគេខ្លះ និងចាត់កម្លាំងទាក់ទងរកឪពុកម្ដាយរបស់ក្មេងភ្លាមៗ ព្រមទាំងរកទិញសំលៀកបំពាក់ឲ្យកូនតូចៗទាំងនោះផងដែរ។
រយៈពេលមួយសន្ទុះក្រោយមក ទើបក្រុមប៉ូលិសអាចទាក់ទងរកឃើញ ម្ដាយរបស់ក្មេងតូចទាំងបី គឺស្ត្រីវ័យក្មេងម្នាក់។ ម្ដាយនាងតូចទាំងបី បានឲ្យដឹងថា អ្នកស្រីបានប្រហែសជ្រុលគេងលក់ចោលកូនៗ ចំណែកប្ដីរបស់ស្រីបានចេញទៅធ្វើការនិងមិនបានចាក់សោទ្វារផ្ទះ ពេលអ្នកស្រីភ្ញាក់ឡើងក៏បាត់កូនៗតែម្តង។
យ៉ាងណាក្ដី ម្តាយនិងកូនទាំងបីបានជួបគ្នាវិញដោយសារការជួយជ្រោមជ្រែងពីប៉ូលិស និងបាននាំពួកគេទៅដល់ផ្ទះដោយសុវត្ថិភាពវិញ។ ចំណែកមនុស្សជាច្រើនដែលបានដឹងពីរឿងរ៉ាវខាងលើ បានបញ្ចេញមតិថាហួសចិត្ត និងបានណែនាំឲ្យស្ត្រីជាម្ដាយឲ្យមានការប្រុងប្រយ័ត្ននៅពេលក្រោយផងដែរ៕
ចុចអាន៖ តស៊ូ ២ឆ្នាំ សាងសង់ផ្ទះពីសម្បកគ្រំ ពិតជាស្រស់ស្អាតមិនធម្មតា
ប្រែសម្រួល៖ មាន រតនា ប្រភព៖ shanghaiist