God of War 2016 វគ្គថ្មី សម្រាប់ PS4 ច្បាស់ស្ទើរដូចមនុស្សពិតៗ
- 2016-06-19 22:01:27
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
God of War 2016 វគ្គថ្មី សម្រាប់ PS4 ច្បាស់ស្ទើរដូចមនុស្សពិតៗ
ចន្លោះមិនឃើញ
ក្រុមហ៊ុន Sony បានប្រកាសហ្គេមជំនាន់ថ្មី God of War សម្រាប់ PS4 ដែលអ្នកជក់ចិត្តនឹងហ្គេមផ្សងព្រេង God of War វគ្គមុនៗទន្ទឹមរង់ចាំយ៉ាងអន្ទះសា កាលពីថ្ងៃចន្ទ ដើមសប្ដាហ៍ នៅក្នុងពិព័រណ៍កម្សាន្តអេឡិចត្រូនិក Electronic Entertainment Expo នៅ Los Angeles សហរដ្ឋអាមេរិក។
God of War វគ្គថ្មីនេះ មាន Graphic មើលទៅស្ទើរតែដូចមនុស្សពិតអ៊ីចឹង ដែលនេះនឹងផ្ដល់បទពិសោធន៍ដល់អ្នកលេងកម្សាន្តជាមួយនឹងម៉ាស៊ីន PS4 ជក់ចិត្ត និងរំភើបជាមួយនឹងសាច់រឿង។
ក្នុងវគ្គមុនៗ God of War I, II និង III ត្រូវបានផលិតឡើងផ្អែកលើទេវកថាក្រិក។ ប៉ុន្តែ វគ្គថ្មីនេះ គឺផ្អែកតាមទេវកថា Norse (Norse Mythology) វិញម្ដង ដែលសម្បូរដោយព្រះ និងសម្បូរចម្លែកថ្មីៗ។
ជាច្រើនឆ្នាំកន្លងផុតទៅ ចាប់តាំងពី Kratos បានសងសឹកសម្លាប់ព្រះ Olympian (ទេវកថាក្រិក)។ Kratos ដែលព្រះ និងតួអង្គឯកក្នុងវគ្គមុនៗ បានរស់នៅជាមនុស្សសាមញ្ញធម្មតាម្នាក់ ជាមួយនឹងកូនប្រុសនៅក្នុងពិភពនៃទេវកថា Norse និងសត្វចម្លែកជាច្រើន។ Kratos ត្រូវប្រយុទ្ធដើម្បីមានជីវិតរស់ និងបង្រៀនកូនប្រុសឲ្យចេះការពារខ្លួនដូចគ្នា។ ដើរតួជាអ្នកប្រៀនប្រដៅ និងជាអ្នកការពារកូនប្រុសរបស់ខ្លួន Kratos ក៏ត្រូវគ្រប់គ្រងកំហឹងរបស់ខ្លួនក្នុងអតីតកាលដែលមានរាប់ឆ្នាំមកហើយ ខណៈកូនប្រុស Kratos ក៏ខំប្រឹងដើម្បីឲ្យឪពុកសរសើរពីសមត្ថភាពខ្លួន។ Kratos សង្ឃឹមថាខ្លួនអាចបង្រៀនកូនប្រុសបានគ្រប់យ៉ាង និងប៉ះប៉ូវអតីតកាលជូរចត់របស់ខ្លួន (សម្លាប់ប្រពន្ធកូនខ្លួនឯង)។ ក្នុងសាច់រឿងថ្មីនេះ ឪពុកកូនទាំងពីរនេះ នឹងជួបប្រយុទ្ធជាមួយព្រះ និងសត្វចម្លែកជាច្រើន៕
ដោយ៖ សុផាត ប្រភព៖ technewsworld, wikipedia