ប្រិមប្រិយ​ ទម្លាយ​រឿង​នាង ត្រូវ​​បុរស​ម្នាក់​បោក​អស់​​ឡាន​ និង​ប្រាក់​ជា​ច្រើន

  • 2016-06-24 16:01:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​​កំប្លែង​ក្នុង​​ក្រុម​នាយ​កុយ នាង​ប្រិមប្រិយ បាន​ត្អូញត្អែរ​ថា ខ្លួន​ត្រូវ​បាន​បុរស​ម្នាក់​ខ្ចី​ប្រាក់​ជា​ច្រើន ​និង​រថយន្ត​មួយ​គ្រឿង​ទៀត​ផង យក​ទៅ​បាត់ មិន​ព្រម​យក​មក​សង​វិញ។

 

 

តារា​កំប្លែង​រូប​នេះ​បាន​ទម្លាយ​ឲ្យ​ដឹង​ តាម​រយៈ​​សារ​លើ​គណនី​​ Facebook​ ផ្ទាល់​ខ្លួន​ម្សិល​មិញ​ ដោយ​នាង​បាន​សរសេរ​រៀប​រាប់​ថា ខ្លួន​បាន​ស្គាល់​បុរស​នោះ ​ជា​ច្រើន​ឆ្នាំ​មក​ហើយ មិនដែល​បង្ក​​រឿង​ពិបាក​ចិត្ត​ដល់​​បុរស​នោះ​ឡើយ ប៉ុន្តែ​ផ្ទុយ​ទៅ​វិញ​ បុរស​នោះ​បាន​ធ្វើបាប​នាង​ជា​ច្រើនលើកច្រើនសា។

 

នាង​​ថា បុរស​នោះ​បាន​ខ្ចី​ប្រាក់​ជា​ច្រើន​លើក ដោយ​មិន​បាន​សង​មក​វិញ​​​ឡើយ  ហើយ​ជាង​នេះ​ទៅ​​ទៀត សូម្បី​តែ​ឡាន​ដែល​នាង​កំពុងតែ​ជិះ​រាល់​ថ្ងៃ ក៏​ត្រូវ​បាន​បុរស​នោះ​ខ្ចី​យក​ទៅ​លក់​ ដើម្បី​ដោះ​ស្រាយ​ការ​រកស៊ី​ផង​ដែរ។

 

ការ​ដែល​នាំ​​ឲ្យ​តារា​កំប្លែង​រូប​នេះ សម្រេច​ចិត្ត​ឲ្យ​ប្រាក់​នឹង​ឡាន​ឲ្យ​បុរស​នោះ​​​ខ្ចី ​ក៏​ព្រោះ​តែ​នាង​គិត​ថា គឺ​ជា​អ្នក​រាប់​អាន​គ្នា​​ស្មោះ មិន​ដែល​គិត​ថា បុរស​នោះ​ធ្វើ​ដាក់​នាង​បែប​នេះ​ឡើយ។

 

ខាង​ក្រោម​​នេះ​គឺ​ជា សារ​ទាំង​ស្រុង​របស់​ប្រឹមប្រិយ​ដែល​រៀប​រាប់​ពី​ទុក្ខសោក​ដែល​បុរស​នោះ​បាន​បើក​ប្រាស់។

 

 

"តាំង​ពី​ចាប់​ផ្ដើម​ស្គាល់​គ្នា​រហូត​មក​ដល់​ពេល​នេះ ​ខ្ញុំ​មិន​ដែល​ចង់​បាន​អ្វី​ពី​លោក​ឡើយ ​ហើយ ​ក៏​មិន​ដែល​ទៅ​ធ្វើ​អ្វី​អោយ​ពិបាក​ដល់​​លោក​ដែរ​ ប៉ុន្មាន​ឆ្នាំ​មក​នេះ​ដែល​ខ្ញុំ​តែង​តែ​ជួយ​លោក​រហូត​មក​ ក៏​ព្រោះ​តែ​ខ្ញុំ​គិត​ថា​ មនុស្ស​កើត​មក​ជា​ប្រយោជន៍​សម្រាប់​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក​ នេះ​ក៏​មិន​មែន​ជា​លើក​ទី​មួយ​នោះ​ទេ​ដែល​លោក​បាន​ធ្វើ​បាប​ខ្ញុំ ហើយ​ខ្ញុំ​ក៏​ដឹង​ច្បាស់​ថា ​លោក​ជា​មនុស្ស​បែប​ណា​ តែ​ខ្ញុំ​តែង​តែ​ប្រាប់​ខ្លួន​ឯង​ថា ( ឈ្នះ​មនុស្ស​អាក្រក់​ដោយ​អំពើល្អ ឈ្នះ​មនុស្ស​ភូតភរ​ដោយ​ពាក្យ​សច្ចៈ )​ តែ​ចំពោះ​លោក​ ខ្ញុំ​មិន​ដឹង​ថា​ត្រូវ​ធ្វើ​ល្អ​ដល់​កំរិត​ណា ​ទើប​លោក​អាច​មាន​ភាព​ជា​មនុស្ស​នៅ​ក្នុង​ខ្លួន​ខ្លះ​ សូម្បី​តែ​រថយន្ត​ផ្ទាល់​ខ្លួន​របស់​ខ្ញុំ ​ក៏​ខ្ញុំ​សុខចិត្ត​អោយ​លោក​ខ្ចី​យក​ទៅ​លក់​ដើម្បី​ដោះស្រាយ​បញ្ហា​រកស៊ី​​របស់​លោក​ ព្រមទាំង​លុយ​មួយ​ចំនួន​ទៀត​ដែល​លោក​បាន​ខ្ចី​ខ្ញុំ ​វា​ពិត​ជា​ច្រើន​ណាស់​សំរាប់​ខ្ញុំ​ព្រោះ​ ខ្ញុំ​ជា​អ្នក​ក្រីក្រ​ត្រូវ​ទទួល​បន្ទុក​មើល​ថែរក្សា​អ្នក​ម្ដាយ​ដែល​មាន​ជំងឺ​ប្រចាំ​ខ្លួន​នឹង​ផ្គត់​ផ្គង់​ការ​រៀនសូត្រ​របស់​កូន​ថែម​ទៀ​ត​ផង"។

 

តារា​កំប្លែង​រូប​នេះ​បន្ត​ថា "ខ្ញុំ​គ្រាន់​តែ​ចង់​ប្រាប់​លោក​ថា ​មនុស្ស​កើត​មក ​បាត​ដៃទទេ​ ស្លាប់​ទៅ​វិញ​ ក៏​បាតដៃ​ទទេ​ដូច​គ្នា ដូច្នេះ​សូម​លោក​កុំ​លោភលន់​ខ្លាំង​ពេក សម្រាប់​ខ្ញុំ ផ្ទះ លុយ ឡាន គ្រាន់​តែ​ជា​ទ្រព្យសម្បត្តិ​ក្រៅ​ខ្លួន​តែប៉ុណ្ណោះ​ តែ​អ្វី​ដែល​សំខាន់​នោះ​ គឺ​ការ​ស្រលាញ់ ការ​រាប់អាន ភាព​ស្មោះត្រង់ នឹង​ការ​ផ្ដល់​តម្លៃ​ជូន​មនុស្ស​ដូច​គ្នា ​ទៅវិញទៅមក ទើប​ជា​ភាព​សំខាន់​ដែល​ខ្ញុំ​ត្រូវ​ការ​ បើ​សិន​ជា​ជាតិ​មុន​ ខ្ញុំ​មាន​ជំពាក់​កម្ម​លោក​សូម​អោយ​យើង​រួច​គ្នា​ទៅ​ចុះ​ តែ​បើ​សិន​ជា​ខ្ញុំ​មិន​បាន​ជំពាក់​កម្ម​លោក​នោះ​ទេ​ ខ្ញុំ​ក៏​សូម​អោយ​ចប់​ត្រឹម​ជាតិ​នេះដែរ ខ្ញុំ​សូម អហោសិកម្ម​អោយ​លោក​គ្រប់​យ៉ាង​បើ​ទោះ​បី​ជា​លោក​មិន​ទាន់​ស្លាប់​ក៏​ដោយ"។

 

ជា​មួយ​នឹង​ការ​បង្ហោះ​សារ​អម​ដោយរូប​ថត​១សម្លឹង​ផង​នេះ នាយ​កុយ ដែល​ជា​មេ​ក្រុម​ក៏​បាន Comment ​ថា សូម​ឲ្យ​​បុរស​នោះ​ សង​ប្រាក់​មក​ប្រឹមប្រិយ​វិញ​ព្រោះ នាង​​កំពុងតែ​ជួប​ការ​លំបាក ដោយ​នាង​ត្រូវ​មើល​ថែ​ម្ដាយ​កំពុង​ឈឺ​ និង​កូន​ទៅ​​សាលារៀន។Comment ​នាយ​កុយ "​បើ​ប្អូន​មាន​លុយ​ សង​គាត់​ទៅ ​ពេល​ដែល​គាត់​មក​ពី​អាមរិក​វិញ ​បង​មើល​ទៅ​ដូច​ជា​ពិបាក​ភ្នែក​ណាស់​ ព្រោះ​អី​សព្វ​​ថ្ងៃ​ ជិះ​ឡាន​ជា​មួយ​នាយ​ក្រិន​ទេ​ ណា​មួយ​ម្ដាយ​ឈើ​ និង​កូន​រៀន​គ្រប់​ច្រក​"។

 

ឆ្លើយ​​តប​ជា​មួយ ​Sabay ជុំ​វិញ​​​ការ​លើក​ឡើង​ខាង​​លើ ​ប្រឹមប្រិយ​ បាន​និយាយ​​​ដោយ​ខ្លី​ថា ខ្លួន​មិន​អាច​បញ្ចេញ​ឈ្មោះ​បុរស​នោះ​ឲ្យ​ដឹង​ជា​សាធារណៈ​ឡើយ ហើយ​នាង​ក៏​មិន​ចង់​រំលឹក​រឿង​នេះ​ឡើង​វិញ​ដែរ ដោយ​មិន​ចង់​ឲ្យ​រឿង​នេះ​វែង​ឆ្ងាយ ​នាង​សូម​អហោសិកម្ម​ឲ្យ​​បុរស​នោះ​ចុះ៕

 

អត្ថបទ៖ ខុត សីហា ​

អត្ថបទថ្មី