និស្សិត​ឆ្នើម IT រៀន​ពីរ​មហាវិទ្យាល័យ ខ្លាំង​រហូត​ក្លាយ​ជា​គ្រូ Java

  • 2016-07-04 18:41:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លន់ សុវត្ថាណា ជា​និស្សិត​ជំនាញ IT មួយ​រូប​ដែល​ទទួល​បាន​ជោគជ័យ​លើ​ការ​សិក្សា ដោយ​ទទួល​បាន​ឱកាស​បន្ត​ការ​សិក្សា​ជំនាញ​ព័ត៌មានវិទ្យា ​ពីរ​​មហាវិទ្យាល័យ។ អ្វី​ដែល​ធ្វើ​ឲ្យ​​យុវជន​រូប​នេះ​​កាន់​តែ​​​មាន​មោទនភាព​ ​គឺ​រូប​គេ​​​បាន​ក្លាយ​ជា​គ្រូ​បណ្ដុះបណ្ដាល​ភាសា Java នៅ​មជ្ឈមណ្ឌល​បណ្តុះបណ្តាល​ជំនាញ IT លេច​ធ្លោ​មួយ​ក្នុង​ស្រុក។

 

 

យុវជន សុវត្ថាណា មាន​ស្រុក​កំណើត​នៅ​កៀន​ស្វាយ ខេត្ត​កណ្ដាល ​ដែល​មាន​ឪពុក​ម្ដាយ​ជា​កសិករ។ យុវជន​រូប​នេះ ធ្លាប់​ទទួល​បាន​​និទេ្ទស​ល្អ (B) ប្រចាំ​វិទ្យាល័យ​ព្រែកឯង ក្នុង​សម័យ​ប្រឡង​សញ្ញាប័ត្រ​មធ្យម​សិក្សា​ទុតិយភូមិ ក្នុង​ឆ្នាំ ២០១២ និង​ទទួល​បាន​អាហារូបករណ៍​ជំនាញ​ព័ត៌មានវិទ្យា​ពី​សាកលវិទ្យាល័យ​ន័រតុន។

 

រហូត​ដល់​​ឆ្នាំ ២០១៥ យុវជន​សម្បុរ​ស​រាង​ស្ដើង​រូប​នេះ ​ក៏ទទួល​បាន​អាហារូបករណ៍​សិក្សា​ជំនាញ​ព័ត៌មានវិទ្យា​មួយ​ទៀត នៅ​មជ្ឈមណ្ឌល Korea Software HRD  និង​ធ្លាប់​​​បាន​បង្កើត​កម្មវិធី​ប្រព័ន្ធ​គ្រប់គ្រង​ពិន្ទុ និង​ព័ត៌មាន​របស់​និស្សិត។

 

ដោយ​សារ​តែ​សមត្ថភាព ការ​ប្រឹងប្រែង និង​ភាព​ប៉ិន​ប្រសប់​ផ្នែក Java  សុវត្ថាណា បាន​ក្លាយ​ជា​គ្រូ​បណ្ដុះបណ្ដាល​​ដល់​​និស្សិត​ជំនាន់​ក្រោយ​បន្ត​ទៀត​នៅ​​មជ្ឈមណ្ឌល Korea Software HRD ដើម្បី​​ជួយ​ពង្រឹង​សមត្ថភាព​លើ​មុខ​ជំនាញ​បច្ចេកវិទ្យា​ព័ត៌មានវិទ្យា​ ឲ្យ​កាន់តែ​ខ្លាំងក្លា​បន្ថែម​ទៀត។

 

សុវត្ថាណា ​​​មាន​មហិច្ឆតា​ចង់​​​អភិវឌ្ឍ​វិស័យ​អប់​រំ​នៅ​កម្ពុជា​ ​ប្ដូរ​ទៅ​ជា​​ការ​សិក្សា​តាម​បែប​អេឡិចត្រូនិក ឬ E-Learning ដូច​ទៅ​នឹង​ប្រទេស​ជឿន​លឿន​ដទៃ​ទៀត តាម​រយៈ​ការ​ជួយ​បណ្ដុះបណ្ដាល​ធនធាន​មនុស្ស​ផ្នែក​បច្ចេកវិទ្យា​ឲ្យ​បាន​ច្រើន៕

 

 

ចុច​អាន៖ សុភមង្គល៖ «ខ្ញុំ​មិន​ចង់​ធ្វើ​ការ​ឲ្យ​គេ​ទេ​ ទោះ​បី​​គ្មាន​បទ​ពិសោធន៍​រក​ស៊ី​ក៏​ដោយ»

 

អត្ថបទ៖ រក្សា