ឃុន វុត្ថា​ ចំណាយ​ខ្ទង់​ម៉ឺន​ដុល្លារ​​បើក​មុខ​របរ​ថ្មី​​

  • 2016-07-07 23:01:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ចម្រៀង​ប្រចាំ​ We Production ឃុន វុត្ថា ថ្លែង​មក​កាន់ Sabay  ​មុន​នេះ​ថា​ លោក​បាន​​បង្កើត​មុខ​របរ​ថ្មី ឈ្មោះ​ថា ​​"ឃុន វុត្ថា តន្ត្រី​សម័យ" ដោយ​ចំណាយ​ទុន​ប្រហែល​ជាង​៣ម៉ឺន​ដុល្លារអាមេរិក។

 

ឃុន វុត្ថា ថ្លែង៖ “ចំពោះ​វង់តន្ត្រី​មួយ​នេះ​ ខ្ញុំ​ទើប​តែ​បើក​ថ្មីៗ​នេះ​ទេ​បង គឺ​បើក​ត្រៀម​សម្រាប់​ខែ​ប្រាំង​ខាង​មុខ​ដែល​ជា​រដូវ​ការ​ បុណ្យ​ទាន ជប់​លៀង​ជា​ដើម​មក​ដល់​បង"។​

 

 

ជុំ​វិញ​ការ​បើក​ជំនួញ​ផ្នែក​តន្ត្រី​សម័យ​នេះ ​អតីត​  The Voice រដូវ​កាល​ទី​១ ប្រាប់​ថា ​មិន​មែន​បើក​តែ​ម្នាក់​ឯង​ទេ ​គឺ​មាន​ការ​ចូល​ហ៊ុន​ជាមួយ​បង​ប្រុស​បង្កើត ​ដែល​មាន​ដុង​ខាង​និស្ស័យ​សិល្បៈ​ដូច​វុត្ថា​ដែរ។ ជាមួយ​គ្នា​នេះ ​តារា​ចម្រៀង​មក​ពី​ខេត្ត​ព្រៃ​វែង​​ បញ្ជាក់​ថា ​គម្រោង​បើក​វង្ស​តន្ត្រី​នេះ​ បាន​គ្រោង​ទុក​តាំង​ពី​ជាង​មួយ​ឆ្នាំ​មុន​ ប៉ុន្តែ​ដោយសារ​មិន​ទាន់​មាន​ថវិកា​គ្រប់​គ្រាន់​ទើប​ទុក​ចោល​សិន​​។

 

 

ពាក់​ព័ន្ធ​នឹង​ការ​បើក​របរ​ថ្មី​នេះ​ ម្ចាស់​បទ ​"ចង់​ត្រឡប់​ទៅ​អតីត" អះអាងថា​ ខ្ទង់​ចំណាយ​ខាង​លើ​​ បាន​មក​ពី​ការ​សន្សំ​ក្នុង​វិស័យ​សិល្បៈ​នេះ​ បូក​រួម​នឹង​ថវិកា​របស់​បង​ប្រុស​ផង​ដែរ​។ វង់តន្រ្តី​មួយ​នេះ ​​ស្ថិត​នៅ​ខេត្ត​ព្រៃ​វែង ​ដែល​ជា​ស្រុក​កំណើត​របស់ ឃុន វុត្ថា​  ក្នុង​នោះ​ លោក​បញ្ជាក់​ថា ​មាន​បម្រើ​បងប្អូន​គ្រប់​ ២៥​ខេត្ត​-ក្រុង​ និង​មាន​តម្លៃ​សមរម្យ។

 

“វង់តន្ត្រី​មួយ​នេះ​ ខ្ញុំ​ជឿ​ថា ​មាន​ការ​គាំ​ទ្រ​ច្រើន​ ដោយសារ​បង​ប្រុស​ធ្លាប់​ដើរ​ច្រៀង​ និង​ធ្វើ​ការ​ផ្នែក​នេះ​ដែរ​។ សម្រាប់​តម្លៃ​នៃ​ការ​ជួល​គឺ​សមរម្យ​បំផុត​បង​ អាច​ថា​ធូរ​ថ្លៃ​ទៀត​ផង​​​"៕​​

 

អត្ថបទ៖ ថា ម៉ាលីដា រូបថត៖ ផ្តល់​ដោយ​ វុត្ថា​

​​​​