ទូរទស្សនិកជននឹងបានទស្សនារឿងភាគថៃថ្មី ២ ទៀតនៅ PNN
- 2016-07-27 20:47:02
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទូរទស្សនិកជននឹងបានទស្សនារឿងភាគថៃថ្មី ២ ទៀតនៅ PNN
ចន្លោះមិនឃើញ
រឿងភាគថៃថ្មី ២ ទៀត គឺរឿង «ផ្កាកំភ្លឹងស៊ីជម្ពូ» និងរឿង «កងដៃចាំជាតិ» នឹងផ្តើមចាក់ផ្សាយនៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន (PNN) ក្នុងសប្ដាហ៍នេះហើយ។
រឿងល្បីប្រចាំឆ្នាំ២០១៦ «កងដៃចាំជាតិ» គឺជារឿងរ៉ាវស្នេហាលាយឡំដោយពាក្យសន្យា និងគំនុំគុំកួនរវាងអតីតជាតិ និងបច្ចុប្បន្នកាល ពាក់ព័ន្ធនឹងកងដៃមាសមួយ។ នេះជារឿងរ៉ាវស្នេហាកាលពីអតីតជាតិរវាងមនុស្សស្រី ២ នាក់ស្រឡាញ់អ្នកអង្គម្ចាស់សង្ហាម្នាក់ដែលមានឈ្មោះថា Direk សម្តែងដោយលោក Toey Pongsakorn ។ នាង Riewthong សម្តែងដោយនាង Warattaya Nilkuha (Jui) ដែលជាកូនស្រីរបស់ម្ចាស់ក្រុមហ៊ុនតុក្កតាក្នុងដំណាក់ បានទទួលកងដៃមាសមួយពីអ្នកអង្គម្ចាស់ Direk ហើយនាងបានសន្យាថានាងមិនដោះកងដៃនោះចេញដាច់ខាតរហូតដល់ថ្ងៃស្លាប់។
យ៉ាងណាមិញ នាង Rumpa សម្តែងដោយតារាភាពយន្តល្បីរបស់ប៉ុស្តិ៍លេខ៣ថៃ នាង Janie Tienphosuwan ក៏ស្រឡាញ់អ្នកអង្គម្ចាស់ Direk ដែរ ហើយបានព្យាយាមវាយយកកងដៃមាសពីនាង Riewthong នៅស្រះទឹក។ ដោយប្រទាញប្រទង់គ្នាកងដៃក៏បានបាក់ ហើយនាង Rumpa បានច្រាននាង Riewthong ចូលស្រះ។ នៅពេលដែលនាងជិតស្លាប់ ភ្នែករបស់នាងពោរពេញដោយកំហឹង។ នាង Riewthong បានបួងសួងមុននាងស្លាប់ថា មិនថាពេលវេលាកន្លងផុតទៅយូរប៉ុណ្ណា នាងនឹងត្រលប់មកយកកងដៃរបស់នាងវិញ។
រឿង «កងដៃចាំជាតិ» នឹងមានផ្សាយជូនទស្សនារៀងរាល់ថ្ងៃចន្ទ ដល់ព្រហស្បតិ៍ វេលាម៉ោង ៩ ដល់ម៉ោង ១០ យប់ ចាប់ពីថ្ងៃទី១ សីហា តទៅ បន្ទាប់ពីរឿង «វិលវិញមកអូន»។
ឯរឿង «ផ្កាកំភ្លឹងស៊ីជម្ពូ» ជាសាច់រឿងបែបមនោសញ្ចេតនាលាយឡំនឹងឈុតឆាកកំប្លែងខ្លះៗ។ រឿងនេះសម្តែងដោយតារាប្រុសជើងចាស់កូនកាត់ថៃ-អាល្លឺម៉ង់ Andrew Charlie Gregson និងតារាស្រីវ័យក្មេងនាង Amena Gul។ នេះជាខ្សែរឿងលើកដំបូងហើយដែលនាង Amena Gul លេចមុខនៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន។
នាង Amena Gul សម្តែងជាតួឯកស្រីឈ្មោះ សរូឆា ដែលជាកូនស្រីលោកសេដ្ឋីទើបត្រលប់មកពីបរទេស ប៉ុន្តែត្រូវអ្នកបើកតាក់ស៊ីដាក់ថ្នាំ ហើយយកទៅចោលតាមផ្លូវ ហើយត្រូវបានកំលោះវិសរុត ជាម្ចាស់ផ្ទះសំណាក់ផ្តល់ក្តីអាណិតសង្គ្រោះនាង ហើយបានដាក់ឈ្មោះថ្មីឲ្យថាកំភ្លឹង។ នាង សរូឆា សប្បាយចិត្តទៅនឹងការបន្លំខ្លួន ចំណែកវិសរុតវិញក៏មានជីវិតស្រស់ស្រាយដោយសារតែបានជួបគ្នាជាមួយកំភ្លឹង។
រឿងរ៉ាវកាន់តែស្មុគស្មាញ និងចាប់អារម្មណ៍ជាងស្នេហារវាងកញ្ញារូបស្រស់បន្លំខ្លួន និងម្ចាស់ផ្ទះសំណាក់ គឺនៅពេលដែលលោកភិសិដ្ឋ ឪពុករបស់នាងសរូឆា ចង់បានដីល្អមួយកន្លែងរបស់ម្ចាស់ក្សត្រីនៃដំណាក់ទេសវាធិត។ យ៉ាងណាមិញ ទ្រង់មិនព្រមលក់នោះទេទុកធ្វើជាទ្រព្យសម្បត្តិសម្រាប់បុត្រីរបស់ទ្រង់ដែលបានបាត់ខ្លួនទៅ។ ម្ចាស់ក្សត្រីទ្រង់ស្រឡាញ់វិសរុតណាស់ គេអាចចេញចូលក្នុងដំណាក់បានតាមចិត្ត។ ម្ចាស់ក្សត្រីទ្រង់មានសង្ឃឹមថានឹងបានជួបនឹងកូនស្រីរបស់ទ្រង់ដែលបានបាត់ខ្លួននោះបានម្ដងទៀត។ ក្រោយមក ឮដំណឹងថាព្រះនាងមានផ្ទៃពោះរត់គេចខ្លួនទៅនៅអង់គ្លេស ហើយកើតបានកូនប្រុសទៀតផងធ្វើឲ្យម្ចាស់ក្សត្រីយ៍មានសង្ឃឹមថា វិសរុតនេះប្រាកដជាទាយាទរបស់ទ្រង់ពិត ព្រោះអីគេប្រាប់ថាធ្លាប់ទៅនៅអង់គ្លេសកាលពីវ័យក្មេង ប៉ុន្តែមិនស្គាល់ព្រះនាងកិត្តិសោភណ្ឌ ទើបធ្វើឲ្យអង្គម្ចាស់ភរិយផុងបានសប្បាយចិត្តឡើងបន្តិច។
រឿង «ផ្កាកំភ្លឹងស៊ីជម្ពូ» នឹងមានផ្សាយជូនទស្សនានៅរៀងរាល់ថ្ងៃសុក្រ សៅរ៍ និងអាទិត្យ វេលាម៉ោង ៩ ដល់ម៉ោង ១០ យប់ ចាប់ពីថ្ងៃទី២៩ កក្កដានេះតទៅ បន្ទាប់ពីរឿង «ស្រីឆ្នាស ម្ចាស់ស្នេហ៍»។
PNN ជាស្ថានីយទូរទស្សន៍ថ្មី និងទំនើបបំផុតនៅកម្ពុជា បានចុះកិច្ចសន្យាផ្ដាច់មុខមួយកាលពីខែ ឧសភា ឆ្នាំ២០១៥ ក្នុងការទទួលបានសិទ្ធិចាក់ផ្សាយខ្សែភាពយន្តភាគល្បីៗ ទាំងចាស់ ទាំងថ្មី របស់ស្ថានីយទូរទស្សន៍ប៉ុស្តិ៍លេខ៣ថៃ។ កិច្ចព្រមព្រៀងនេះ មានតម្លៃជាទឹកប្រាក់ប្រមាណជាង១លានដុល្លារក្នុងមួយឆ្នាំៗ។
ខ្សែភាពយន្តភាគរបស់ប៉ុស្តិ៍លេខ៣ថៃ ដែលបាន និងកំពុងចាក់ផ្សាយលើកញ្ចក់ទូរទស្សន៍ភីអិនអិន សម្ដែងដោយតារាភាពយន្តថៃល្បីៗ ដូចជា Nadech Kugimiya, Urassaya Sperbund, KenPhupom, Kimberly, Mark Prin, Mario, និង Janie Tienphosuwan ជាដើម។
ទស្សនាឈុតខ្លីរឿងទាំង ២ នេះ៖
រឿង កងដៃចាំជាតិ៖
រឿង ផ្កាកំភ្លឹងស៊ីជម្ពូ៖
អត្ថបទ៖ ពាណិជ្ជកម្ម