បុស្បា ប៉ាន់ បង្ហើរសំនៀងបទស្នាដៃកវី គង្គ ប៊ុនឈឿន នៅសៀមរាប
- 2016-07-28 18:27:23
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បុស្បា ប៉ាន់ បង្ហើរសំនៀងបទស្នាដៃកវី គង្គ ប៊ុនឈឿន នៅសៀមរាប
ចន្លោះមិនឃើញ
ក្រោយមកដល់កម្ពុជាប្រមាណ ២សប្ដាហ៍ បានទៅចូលការប្រគំតន្ត្រីសប្បុរសធម៌មួយនៅខេត្តសៀមរាប ក្នុងនោះនាងបានបង្ហើរសំនៀងចំនួន៣បទ ដែលមួយបទចំណោមនោះ ជាស្នាដៃនិពន្ធដោយកវីម្ចាស់ស្ទឹងសង្កែ។
សកម្មភាពសិល្បៈរបស់អ្នកចម្រៀងសំឡេងគ្រលួចសូប្រាណូ (Soprano) កម្ពុជា កញ្ញា បុស្បា ប៉ាន់ គឺដើម្បីស្វែងរកថវិកាជួយដល់មន្ទីរពេទ្យកុមារអង្គរខេត្តសៀមរាប ដែលត្រូវបានធ្វើកាលពីយប់មិញ នៅភោជនីយដ្ឋានម្លិះក្រោមវត្តមានមន្ត្រីរដ្ឋាភិបាល ពាណិជ្ជករ សិល្បករនិងតន្ត្រីករបរទេសផងដែរ។ តាមអ្នករៀបចំកម្មវិធី បទចម្រៀងដែល បុស្បា ប៉ាន់ បានយកទៅច្រៀង មានបទ”ទោះយ៉ាងណា” សំនៀងដើមរបស់អធិរាជសំឡេងមាស ស៊ីន ស៊ីសាមុត ក្នុងនោះនាងច្រៀង និងលេងហ្គីតាផ្ទាល់។
បន្ទាប់មក មានបទ ”Mona Lisa” ដោយមានការចូលរួមលេងភ្លេងដោយតន្ត្រីករព្យាណូជនជាតិថៃ និងជាអ្នកនិពន្ធបទភ្លេងហ្សាស់(Jazz)ដ៏ ល្បី គឺលោក សាក់ស្រ៊ី ប៉ាងវង្សតារាដន(Saksri Pang Vongtaradon)។ មានបទចម្រៀងខ្មែរ និងបច្ចឹមប្រទេសមួយចំនួនទៀត ត្រូវបានប្រគំក្រោមវត្តមានភ្ញៀវជាច្រើន។
ប្រភពដែល បញ្ជាក់ទៀតថា អ្វីដែលគេចាប់អារម្មណ៍ខ្លាំង គឺការបកស្រាយរបស់អ្នកចម្រៀង បុស្បា ប៉ាន់ នូវបទចម្រៀងមួយបទមានចំណងជើងថា ”កូនស្រីអ្នកនេសាទនៅភូមិបាក់ព្រា” ដែលជាស្នាដៃនិពន្ធលោក គង្គ ប៊ុនឈឿន ដែលទើបនឹងធ្វើមរណកាលផុតទៅ។ បទនេះ គឺនាងបកស្រាយចំថ្ងៃគម្រប់១០០ថ្ងៃរបស់អ្នកនិពន្ធរូបនេះតែម្ដង។
ការសម្ដែងរបស់ បុស្បា ប៉ាន់ ទទួលបានការគាំទ្រយ៉ាងច្រើន។ អ្នកចម្រៀងអូប៉េរ៉ាកម្ពុជា លោក ឃួន សិទ្ធិស័ក្កិ បានឲ្យដឹងថា លោកអារម្មណ៍ភ្ញាក់ផ្អើលនឹងទឹកដមសំនៀង និងការវិវត្តកាន់តែខ្ពស់នូវទេពកោសល្យរបស់ បុស្បា។
លោកថា បុស្បា ច្រៀង និងលេងភ្លេងកាន់តែល្អខ្លាំងជាងមុន ក្នុងនោះ អ្វីដែលគួរឲ្យមោទនៈ គឺនាងអាចនិពន្ធបទភ្លេងបានដោយខ្លួនឯងថែមទៀត។ ប្រការនេះលោក សិទ្ធិស័ក្ដិ សង្កត់ធ្ងន់ថា បុស្បា នឹងក្លាយជាធនធានមនុស្សសំខាន់ និងមានតម្លៃសម្រាប់សង្គមនាពេលអនាគត។
បុស្បា ប៉ាន់ បានធ្វើដំណើរមកដល់កម្ពុជា កាលពីព្រឹកថ្ងៃទី១២ខែកក្កដានេះដើម្បីចូលរួមកម្មវិធីសិក្សាសាលា និងកម្មវិធីមួយចំនួនទៀតនៅលើទឹកដីនៃខេត្តសៀមរាប ជាក់ស្ដែងដូចកម្មវិធីយប់មិញនេះជាដើម។ បេសកកម្មរបស់នាងយប់មិញ គឺដើម្បីអង្គាសមូលនិធិជូនមន្ទីរពេទ្យកុមារអង្គរ ដែលពេលនេះ ស្ថិតក្នុងឆ្នាំទី ១៧ហើយរបស់មន្ទីរពេទ្យមួយនេះដែលបានផ្ដល់ការថែទាំសុខភាពពេញលេញឥតគិតថ្លៃដល់កុមារនៅកម្ពុជា៕
រូបភាព៖ ផ្ដល់អោយក្រុមការងារ បុស្បា ប៉ាន់