រឿង​រ៉ាវ​ស្នេហា​សិល្បករ ២ គូ​ ធ្វើឲ្យ​កក្រើក​ចុង​ខែ​កក្កដា​កន្លង​ទៅ

  • 2016-08-02 16:22:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាលពី​ចុង​ខែ​កក្កដា​កន្លង​ទៅ​នេះ ​រឿង​រ៉ាវ​ស្នេហា​តារា​ប្រុស​ស្រី ២ គូ បាន​ធ្វើឲ្យ​កក្រើក​សង្គម​សិល្បៈ​ខ្មែរ។ តារា​ទាំង ២ គូ​នោះ ​រួម​មាន​ ភិន សុដាលីស ជាមួយ ប៉ែន ចំរ៉ុង ហើយ​មួយ​គូ​ទៀត​គឺ ជៀស ស្រួច ជាមួយ​អតីត​ភរិយា​អ្នកនាង សាត រស្មី។

 

១.កាលពី​ថ្ងៃ ២៥ កក្កដា កូន​ស្រី​ថៅកែ​ផលិតកម្ម​មហាហង្ស ភិន សុដាលីស បើក​បាន​សន្និសីទកាសែត​ធំ​មួយ និង​បាន​និយាយ​បើក​កកាយ​ពី​បញ្ហា​ដែល​ធ្វើឲ្យ​នាង​បែកបាក់​ជាមួយ ប៉ែន ចំរ៉ុង។ បន្ទាប់ពី​វីដេអូ​អ្នក​មេម៉ាយ​ខាង​លើ​ត្រូវ​បាន​បង្ហោះ​ឡើង​មាន​អ្នក​គាំ​ជាច្រើន​បាន​ចែករំលែក​បន្ត និង​បញ្ចេញ​ជា​យោបល់​ផ្សេង​ៗ​គ្នា ហើយ​ភាគច្រើន​ក៏​បាន​ដាក់​បន្ទុក​ទៅ​ភាគី​ខាង​ប្រុស​ដែរ។

 

រូបថត ភិន សុដាលីស និង ប៉ែន ចំរ៉ុង កាលនៅជុំគ្នា

 

៣ ថ្ងៃ​ក្រោយ​​មក ប៉ែន ចំរ៉ុង ក៏​បាន​ចេញ​មុខ​និយាយ តែ​មិន​បាន​បកស្រាយ​អ្វី​ច្រើន​នោះ​ទេ ដោយ​គ្រាន់តែ​ប្រាប់​ថា​ លោក​នៅ​តែ​ចង់​ជួប និង​ផ្គត់ផ្គង់​ដល់​កូន​តែ​ប៉ុណ្ណោះ។ ចំណែក​ទំនាក់ទំនង​ស្នេហា​លោក​នៅ​ពេល​នេះ ​គឺ​បាន​ដើរ​មក​ដល់​ផ្លូវ​បញ្ចប់​ហើយ។

 

២.រីឯ​រឿង​រ៉ាវ​តារា​គូ​ទី ២ នេះ​ក៏​ល្បី​មិន​ចាញ់​គូ​មុន ពេល​ដែល​លោក ជៀស ស្រួច អតីត​កីឡាករ​ប្រដាល់​ល្បី និង​ជា​សិល្បករ​មួយ​ដួង​ដែរ កាលពី​ជាង ១០ ឆ្នាំ​មុន ​បាន​លេច​មុខ​មក​សាជាថ្មី។ តួឯក​ប្រុស​ក្នុង​រឿង "បេះដូង​អ្នក​ប្រដាល់” បាន​រៀបរាប់​ថា ​ការ​ដើរ​ចេញ​រហូត​ថ្នាក់​ខ្លួន​តែលតោល​គ្មាន​គោលដៅ​នោះ​ មាន​ពាក់​ព័ន្ធ​នឹង ភរិយា ដែល​កាល​ណោះ ​លោក​សុំ​មិន​បញ្ចេញ​ឈ្មោះ តែ​ក្រោយ​​មក​គេ​ដឹង​ថា ជា​តារាសម្ដែង សាត រស្មី។

 

រូបថត ជៀស ស្រួច និង ​កញ្ញា សាត រស្មី

 

មិន​យូរ​ប៉ុន្មាន តាម​សារព័ត៌មាន​ក្នុង​ស្រុក​មួយ រស្មី បាន​ទទួល​ស្គាល់ពី​ទំនាក់​ទំនង​នាង និង​ ជៀស ស្រួច តែនាង​​បាន​បញ្ជាក់​ថា នាង និង​អតីត​កីឡាករ​ខាង​លើ បាន​ដាច់​ស្រេច​តាម​ផ្លូវ​ច្បាប់​ហើយ ហើយ​ថា ការ​បាក់​បែក​នោះ នាង​មិន​មែន​ជា​ដើម​ហេតុ​ឡើយ៕

 

អត្ថបទ៖ទ្រី រ៉ាវី

អត្ថបទថ្មី