Volkswagen ពិនិត្យ​លទ្ធភាព​សាងសង់​រោងចក្រ​ដំឡើង​រថយន្ត​ដំបូង​នៅ​កម្ពុជា

  • 2016-08-08 17:29:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ក្រុមហ៊ុន Volkswagen កំពុង​ស្វែង​រក​លទ្ធភាព​ក្នុង​ការ​សាងសង់​រោងចក្រ​ដំឡើង​រថយន្តក្នុង​ប្រទេស​កម្ពុជា​ គោលដៅ​បម្រើ​ទីផ្សារ​ក្នុង​ស្រុក​និង​នាំ​ចេញ​ទៅ​ក្រៅ​ប្រទេស។

 

 

តាម​ប្រភព​ព័ត៌មាន​ផ្ទៃ​ក្នុង​ដែល​មិន​​ត្រូវ​គេ​ទម្លាយ​ជា​សាធារណៈ​​របស់​ក្រុមហ៊ុន​ហ៊ុង​ ហ៊ាប ដែល​ជា​ក្រុមហ៊ុន​ទទួល​​សិទ្ធ​នាំចូល​ចែក​ចាយ​រថយន្ត Volkswagen ឲ្យ​ដឹង​ថា ក្រុម​ការងារ​​បច្ចេកទេស​របស់​​ក្រុមហ៊ុន​ Volkswagen មួយ​ក្រុម កាល​ពី​ពេល​ថ្មីៗ​នេះបាន​ធ្វើ​ដំណើរ​​មក​ប្រទេស​កម្ពុជា​ ដើម្បី​សិក្សា​ពី​ស្ថានភាព​ទីផ្សារ​ប្រើប្រាស់​រថយន្ត​ ក៏​ដូចជា​ការ​ពិនិត្យ​លទ្ធភាព​ដើម្បី​សាងសង់​រោងចក្រ​ដំឡើង​រថយន្ត​ Volkswagen ដំបូង​​ក្នុង​ប្រទេស​កម្ពុជា ​ ដើម្បី​​លក់​លើ​ទីផ្សារ​ក្នុង​ស្រុកនិង​នាំ​ចេញ​​ទៅ​ទីផ្សារ​ពិភពលោក​។

 

ប្រភព​គួរ​ឲ្យ​ទុកចិត្ត​នោះ​បន្ត​ថា ក្រុមហ៊ុន​​បាន​មើល​ឃើញ​ពី​សក្ដានុពល​​ដែល​ប្រទេស​កម្ពុជា​អាច​ក្លាយ​ជា​មូលដ្ឋាន​ដំបូង​ដែល​ក្រុមហ៊ុន​ផលិត​រថយន្ត​ដ៏​ល្បី​ឈ្មោះ​របស់​អាល្លឺម៉ង់​នេះ អាច​​​ឈាន​សាងសង់​រោងចក្រ​ដំឡើង​រថយន្ត​ ដោយសារ​​​តម្លៃ​ពលកម្ម​ថោក និង​ណាមួយ​ទីផ្សារ​​ប្រើប្រាស់​រថយន្ត​របស់​ប្រទេស​នេះ​ក៏​មាន​កំណើន​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ។

 

យ៉ាង​ណា​ប្រភព​ដដែល​បាន​បញ្ជាក់​ថា ការ​ចុះ​សិក្សា​នេះ​ ក្រុមហ៊ុន​មិន​ទាន់​បាន​សម្រេច​នៅ​ឡើយ​ទេដោយ​រង់ចាំ​ការ​វាយ​តម្លៃ​ជា​ផ្លូវការ មុន​ឈាន​ទៅ​ដំណើរការ​សាងសង់​រោងចក្រ​នៅ​ពេល​អនាគត​។

 

វត្តមាន​របស់ Volkswagen នឹង​​ជា​ក្រុមហ៊ុន​​រថយន្ត​ថ្មី​​មួយ​​ទៀត បន្ទាប់​ក្រុមហ៊ុន Hyundai និង Ford ដែល​បាន​សាង​សង់​រោងចក្រ​ដំឡើង​រថយន្ត​នៅ​ក្នុង​​ប្រទេស​កម្ពុជា​កាល​ពី​ពេល​​កន្លងទៅ​​។

 

ចុច​អាន៖ Chevrolet បង្កើត​យុទ្ធសាស្ត្រ​ថ្មី​ពង្រីក​ទីផ្សារ​លក់​រថយន្ត

 

អត្ថបទ៖ ប៊ុណ្ណារ៉ា