ពុម្ព​អក្សរ​ខ្មែរ​លើ iOS 10 ផ្លូវការ នឹង​ត្រូវ​កែ​សម្រួល​លែង​បាត់​ដៃ​ជើង​ដូច​មុន

  • 2016-08-11 17:12:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពុម្ព​អក្សរ​ខ្មែរ​លើ iPhone បំពាក់ iOS 10 នឹង​ដំណើរការ​ត្រឹមត្រូវ ១០០ ភាគរយ លែង​បាត់​ដៃ​ជើង​ឬ​ជើង​ត្រួត​ជាន់​គ្នា ដូច​កាល iOS ជំនាន់​មុនៗ។

 

 

បើ​តាម 4KhmeriPhone ដែល​ជា​ក្រុម​ត្រួសត្រាយ​ផ្លូវ​ស្នើ​សុំ​ការ​ដាក់​អក្សរ​ខ្មែរ​លើ iOS បាន​បញ្ជាក់​ថា នា​ពេល​ថ្មី​នេះ​ពុម្ព​អក្សរ​ខ្មែរ​លើ iOS 10 Beta 5 ដំណើរការ​បាន​ស្រួល លែង​បាត់​ឬ​ត្រួត​ជើង​អក្សរ​ត​ទៅ​ទៀត ក្រោយ​បាន​ស្នើ​ទៅ​កាន់ Apple រយៈ​ពេល​ប្រហែល​ពីរ​ឆ្នាំ​កន្លង​មក​នេះ។

 

ប្រធាន​ក្រុម​ខាង​លើ អះអាង​ថា ដំណើរការ​ក្នុង​ការ​ស្នើ​ឲ្យ Apple ពិនិត្យ​និង​កែ​សម្រួល​​ពី​កំហុស​អក្សរ​លើ iOS ត្រូវ​ចំណាយ​ពេល​យូរ​គួរសម។ ក្រុម​លោក​ត្រូវ​សហការ​ជាមួយ​ក្រុមហ៊ុន​ទទួល​ខុស​ត្រូវ​ខាង​ផ្នែក​រៀប​ចំ​ទម្រង់ Font សម្រាប់ Apple នៅ​ម៉ាឡេស៊ី ហើយ​បញ្ជូន​ទម្រង់​អក្សរ​ត្រឹមត្រូវ​ទៅ​ក្រុមហ៊ុន Apple។ ឧទាហរណ៍​ពាក្យ "ខ្ញុំ​ កម្ពុជា បញ្ញា កញ្ញា ក្នុង ឡុង សង្គ្រាម" ជាដើម ជើង​តម្រួត​​​លែង​បាត់​ឬ​ជាន់​គ្នា​​ទៀត​ហើយ។

 

 

កំហុស​ (លើ) និង​អក្សរ​ត្រឹមត្រូវ (ក្រោម)

 

 

ជាក់ស្តែង ថ្មី​នេះ​​ក្រុមហ៊ុន​ទទួល​ខុស​ត្រូវ​ខាង Font នៅ​ម៉ាឡេស៊ី​ បាន​កែសម្រួល​កំហុស​បាត់​ជើង​អក្សរ​និង​តម្រួត​ជើង​អក្សរ​មិន​ឲ្យ​ជាន់​គ្នា​នោះ​ទេ។ នេះ​បាន​ន័យ​ថា ពុម្ព​អក្សរ​ខ្មែរ​លើ iPhone នឹង​លែង​មាន​បញ្ហា ពេល iOS 10 ផ្លូវ​ការ​ចេញ។

 

ប្រធាន​ក្រុម 4KhmeriPhone បន្ថែម​ថា​ ក្រុម​លោក​នឹង​ព្យាយាម​សហការ​ជាមួយ​ក្រុមហ៊ុន Apple ត​ទៅ​ទៀត​ក្នុង​ការ​នាំ​អក្សរ​ខ្មែរ​និង​ក្ដារចុច​ត្រូវ​ត្រូវ​ពេញ​លក្ខណៈ ដើម្បី​ផ្តល់​ភាព​ងាយ​ស្រួល​ដល់​ពលរដ្ឋ​ខ្មែរ​ក្នុង​ការ​ប្រើ​ប្រាស់​​ពេល​អនាគត៕

 

ចុច​អាន​ព័ត៌មាន​អំពី 4KhmeriPhone Team 

 

អត្ថបទ៖ ប៉ែត ផាន់និត