មុនស្លាប់តារាសម្ដែងជើងចាស់ ឈុន ណារី នៅសល់បំណងចុងក្រោយមួយ
- 2016-08-11 18:35:57
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មុនស្លាប់តារាសម្ដែងជើងចាស់ ឈុន ណារី នៅសល់បំណងចុងក្រោយមួយ
ចន្លោះមិនឃើញ
បើតាមអ្នកដឹកនាំរឿង ផាត់ យុទ្ធ បាននិយាយថា តារាសម្ដែងជើងចាស់ ឈុន ណារី នៅមានបំណងមួយទៀតមិនទាន់បានសម្រេច នោះគឺយាយចង់មើលរឿងចុងក្រោយរបស់ខ្លួនមានចំណងជើងថា "ផ្កាបួនទង" ដែលត្រៀមចាក់បញ្ចាំងឆាប់ៗ នេះ។
“រឿងហ្នឹងគាត់មកសម្ដែងទាំងឈឺពោះធំ ហើយគាត់តែងនិយាយថា ចង់មើលរឿងដែលគាត់មកសម្ដែងទាំងឈឺទាំងជាហ្នឹង យ៉ាងម៉េចវិញ?"។ លោក ផាត់ យុទ្ធ ថ្លែងមកកាន់មកកាន់ Sabay។ លោកបន្តថា នៅក្នុងរឿងនេះតារាសម្ដែង ឈុន ណារី ដើរតួជាម្ដាយរបស់តួឯកស្រី ដែលមានជំងឺប្រចាំកាយ ត្រូវនឹងសាច់រឿងពិតរបស់អ្នកស្រីតែម្ដង។
ប្រភពដដែលរំលឹកថា ស្ថានភាពជំងឺរបស់តារាសម្ដែង ឈុន ណារី មិនអនុញ្ញាតឱ្យអ្នកស្រីបន្តថតរឿង "ផ្កាបួនទង" បានចប់នោះទេ ដោយធ្លាក់ខ្លួនឈឺធ្ងន់រហូតក្រោកពីកន្ទេលមិនរួច។ លោកបន្តថា ប៉ុន្តែទោះបីតារាសម្ដែងរូបនេះធ្លាក់ខ្លួនឈឺយ៉ាងណាក្ដី ក៏យាយនៅតែទូរសព្ទសួរនាំលើកជារឿយៗពីការចាក់បញ្ចាំងរឿងចុងក្រោយរបស់គាត់។
ក្នុងនាមជាអ្នកដឹកនាំរឿង លោកសម្ដែងការមានការសោកស្ដាយចំពោះការបាត់បង់សិល្បករមានទេពកោសល្យរូបនេះ។ លោកអះអាងថា ស្នាដៃសម្ដែងចុងក្រោយរបស់អ្នកស្រី ឈុន ណារី មានចំណងជើងថា "ផ្កាបួនទង" នឹងចាក់បញ្ចាំងចាប់ពីថ្ងៃទី ២៥ សីហានេះហើយ៕
អត្ថបទ៖ សំ ជំនាញ