ធ្វើ​ម៉េច​ទើប​កូន​ធំ​ឡើង​មាន​កម្ពស់​ខ្ពស់​សង្ហា និង​ឆ្អឹង​រឹងមាំ?

  • 2016-08-12 20:56:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់ពី​ការ​ផ្តល់​កំណើត​ដល់​បុត្រ​ធីតា​ដោយ​សុវត្ថិភាព​ហើយ​នោះ ឪពុក​ម្ដាយ​គ្រប់​រូប​តែង​តែ​ចង់​ឲ្យ​បុត្រ​ធីតា​របស់​ខ្លួន​ពេល​ធំ​ឡើង​មាន​កម្ពស់​ខ្ពស់​ស្រស់​សង្ហា និង​ឆ្អឹង​រឹងមាំ។ ពេល​ខ្លះ​ពួក​គាត់​មិន​បាន​យក​ចិត្ត​ទុក​ដាក់​អំពី​របប​អាហារ​របស់​កូន​ៗ ដែល​អាច​ជះ​ឥទ្ធិពល​អាក្រក់​ដល់​ការ​លូត​កម្ពស់ និង​ឆ្អឹង​របស់​កូន​តាំង​ពី​វ័យ​កុមារ​ភាព។

 

មាតាបិតា​គ្រប់​រូប​គប្បី​ផ្ដល់​អាហារ​ដែល​សម្បូរ​សារធាតុ​កាល់ស្យូម​តាំង​ពី​កូន​របស់​ខ្លួន​នៅ​ក្នុង​ផ្ទៃ​មក​ម្ល៉េះ ហើយ​វា​រឹត​តែ​សំខាន់​ថែម​ទៀត​នៅ​ពេល​កុមារ​ស្ថិត​ក្នុង​វ័យ​លូត​លាស់។ អ្វី​ដែល​រឹត​តែ​គួរ​ឲ្យ​ព្រួយ​បារម្ភ​នោះ​គឺ កុមារ​ខ្លះ​រើស​ចំណី និង​មិន​ចូល​ចិត្ត​បរិភោគ​បន្លែ​បៃតង​ចាស់​ដែល​ជា​ប្រភព​នៃ​សារធាតុ​កាល់ស្យូម។

 

 

កាល់ស្យូម​ជា​សារធាតុ​មួយ​ដែល​ជីវិត​ត្រូវ​ការ​ជា​ចាំបាច់​ដែល​មិន​ត្រូវ​មើល​រំលង​ជា​ពិសេស​សម្រាប់​ការ​លូត​លាស់​ឆ្អឹង និង​កម្ពស់​របស់​កុមារ។ យោង​ទៅ​តាម​ទិន្នន័យ​របស់​ការ​អង្កេត​ផ្នែក​សុខភាព​ និង​ប្រជា​សាស្ត្រ​កម្ពុជា​(CDHS) ឆ្នាំ​​២០១៤ របស់​ក្រសួង​សុខាភិបាល និង​ក្រសួង​ផែន​ការ ថា នៅ​កម្ពុជា ៣២% នៃ​កុមារ​អាយុ​ក្រោម ៥ ឆ្នាំ មាន​បញ្ហា​កម្ពស់​មិន​ស្រប​នឹង​វ័យ (ក្រិន)។ ដើម្បី​ធានា​ដល់​ការ​លូត​លាស់​ជា​អតិបរមា និង​ជៀស​ផុត​ពី​ជំងឺ​ក្រិន មាតាបិតា​គួរ​យក​ចិត្ត​ទុក​ដាក់​ពី​ការ​ផ្ដល់​សារធាតុ​កាល់​ស្យូម​ឲ្យ​បាន​គ្រប់គ្រាន់​ជា​ពិសេស​ក្នុង​រយៈ​ពេល ១០០០ ថ្ងៃ​ដំបូង​នៃ​ជីវិត។ អ្វី​ខ្លះ​ជា​វិធី​ចិញ្ចឹម​កូន​ឲ្យ​លូត​កម្ពស់​បាន​ល្អ?

 

សំណួរ ១៖ អ្វី​ទៅ​ជា​សារធាតុ​កាល់ស្យូម? ចម្លើយ៖ កាល់ស្យូម ​ជា​សារធាតុ​រ៉ែ​ដែល​សំខាន់​សម្រាប់​ការ​លូត​លាស់​ឆ្អឹង និង​ធ្វើ​ឲ្យ​ឆ្អឹង​រឹង​មាំ។ ជាង ៩៩% នៃ​កាល់ស្យូម​ផ្ទុក​នៅ​ក្នុង​ឆ្អឹង និង​ធ្មេញ ហើយ​មាន​តួនាទី​ផ្សេង​ទៀត​នៅ​ក្នុង​រាង​កាយ រាប់​បញ្ចូល​ទាំង​មុខងារ​បេះដូង។

 

សំណួរ ២៖ បើ​ខ្វះ​សារធាតុ​កាល់ស្យូម កុមារ​អាច​ទទួល​រង​ផល​វិបាក​អ្វីខ្លះ? ចម្លើយ៖ កុមារ​ដែល​មិន​ទទួល​បាន​សារធាតុ​កាល់ស្យូម​គ្រប់​គ្រាន់ អាច​ប្រឈម​មុខ​ខ្លាំង​ជាមួយ​បញ្ហា​នៃ​ការ​លូតលាស់​ឆ្អឹង និង​ធ្មេញ​ជា​ពិសេស​ប្រឈម​ជាមួយ​រោគ​ក្រិស និង​ក្រិន។

 

សំណួរ ៣៖ អ្វី​ទៅ​ជា​រោគ​ក្រិស? តើ​វា​បណ្ដាល​មក​ពី​មូលហេតុ​អ្វី? ចម្លើយ៖ រោគ​ក្រិស​ស្ដែង​ឡើង​ដោយ​មាន​ភាព​មិន​ប្រក្រតី​នៃ​ការ​រីក​លូត​លាស់​ឆ្អឹង​ ហើយ​ភាគ​ច្រើន​កើត​មាន​ចំពោះ​កុមារ។ វា​បណ្ដាល​មក​ពី​កង្វះ​កាល់ស្យូម កង្វះ​វីតាមីន D កង្វះ​ផូស្វាត និង​មិន​បាន​ត្រូវ​ពន្លឺ​ថ្ងៃ​គ្រប់​គ្រាន់។

 

សំណួរ ៤៖ រោគ​ក្រិស​មាន​អាការៈ​យ៉ាង​ដូច​ម្ដេច? ចម្លើយ៖ ជា​ទូទៅ រោគ​ក្រិស​មាន​អាការៈ​ដូចជា៖ · ឈឺ​ឆ្អឹង​ដៃ ជើង ត្រគាក និង​ខ្នង · ភាព​ក្រិន · បាក់ឆ្អឹង · រមួល​ក្រពើ · ធ្មេញ​ដុះ​មិន​ប្រក្រតី · ទ្រង់ទ្រាយ​ឆ្អឹង​ខុស​ប្រក្រតី · ប្រកាច់។

 

សំណួរ ៥៖ កុមារ​ណា​​ខ្លះ​ប្រឈម​នឹង​រោគ​ក្រិស? ចម្លើយ៖ · កុមារ​ដែល​មាន​សភាព​រាង​កាយ​តិច · កុមារ​ដែល​បរិភោគ​អាហារូបត្ថម្ភ​មិន​គ្រប់​គ្រាន់ ដូចជា អាហារ​ពុំ​សូវ​មាន​ជាតិ​កាល់ស្យូម និង​វីតាមីន D · ទារក ឬ​កុមារ​ដែល​បៅដោះ​ម្ដាយ ដែល​មិន​ត្រូវ​ពន្លឺ​ថ្ងៃ · ២០% កុមារ​ដែល​មាន​ពូជ​អម្បូរ​ក្រិស ឬ​ក្រិន។

 

សំណួរ ៦៖ មាន​វិធីសាស្ត្រ​អ្វី​ខ្លះ អាច​ការពារ​រោគ​ក្រិស? ចម្លើយ៖ · ទទួលទាន​អាហារ​សម្បូរ​កាល់ស្យូម · ទទួលទាន​អាហារ​សម្បូរ​វីតាមីន D · ទទួលទាន​អាហារ​សម្បូរ​ផូស្វាត · ចំណាយ​ពេល​ខ្លះ​ហាល​ថ្ងៃ។

 

 

សំណួរ ៧៖ អ្វី​ជា​ការ​លូតលាស់​មិន​ប្រក្រតី (ភាព​ក្រិន)? ចម្លើយ៖ ភាព​ក្រិន ស្តែង​ឡើង​ដោយ​មាន​កម្ពស់​ទាប បើ​ធៀប​ជាមួយ​នឹង​អាយុ ដោយ​សារ​តែ​មាន​ការ​ប៉ះ​ពាល់​ដល់​ការ​រីក​លូត​លាស់​ ពេល​ដែល​កុមារ​មិន​បាន​ទទួល​របប​អាហារ​ ឬ​អាហារូបត្ថម្ភ​គ្រប់​គ្រាន់​ ជា​ពិសេស​ជាតិ​កាល់ស្យូម​ក្នុង ១០០០ ថ្ងៃ​ដំបូង​នៃ​ជីវិត។

 

សំណួរ ៨៖ ត្រូវ​ធ្វើ​ដូច​ម្ដេច​ដើម្បី​សម្គាល់​ថា​កូន​របស់​អ្នក​លូត​កម្ពស់​មិន​ប្រក្រតី? ចម្លើយ៖ មាតាបិតា​អាច​តាម​ដាន​មើល​ការ​លូតលាស់​របស់​កូន​ដោយ​ផ្អែក​លើ​ប័ណ្ណ​លឿង (ប័ណ្ណ​ចាក់​ថ្នាំ​បង្ការ) របស់​កូន​ដែល​ចេញ​ដោយ​មន្ទីរពេទ្យ​បាន។ បើ​កូនៗ​លូត​លាស់​មិន​តាម​ស្តង់ដារ​របស់​ប័ណ្ណ​លឿង សូម​ទៅ​ពិគ្រោះ​ជាមួយ​គ្រូ​ពេទ្យ​កុមារ។

 

សំណួរ ៩៖ ឪពុក​ម្ដាយ​ត្រូវ​ធ្វើ​ដូចម្ដេច ដើម្បី​ការពារ​បុត្រ​ធីតា​ខ្លួន​ពី​ការ​លូតលាស់​មិន​ប្រក្រតី (ក្រិន) នេះ? ចម្លើយ៖ · មាតា​ត្រូវ​ទទួល​ទាន​អាហារូបត្ថម្ភ​ឲ្យ​បាន​ត្រឹម​ត្រូវ​មុន​ពេល អំឡុង​ពេល និង​ក្រោយ​ពេល​មាន​ផ្ទៃ​ពោះ · បំបៅ​ដោះ​កូន​ឲ្យ​បាន​គ្រប់​គ្រាន់ · មាន​អនាម័យ​ល្អ​ក្នុង​ការ​រស់នៅ។

 

សំណួរ ១០៖ អាហារ​អ្វីខ្លះ​សម្បូរ​កាល់ស្យូម? ចម្លើយ៖ អាហារ​ដែល​សម្បូរ​ជាតិ​កាល់ស្យូម​មាន៖ ទឹកដោះ​គោ​ស្រស់​/ជូរ តៅ​ហ៊ូ ទឹក​សណ្តែក ត្រី​សាឌីន និង​បន្លែ​ពណ៌​បៃតង​ចាស់ (ស្ពៃតឿ ខាត់ណា និង​ស្ពៃ Broccoli)-ល-។

 

សំណួរ ១១៖ ឪពុក​ម្ដាយ​គួរ​ធ្វើ​ដូចម្ដេច​ដើម្បី​ធានា​ថា​បុត្រ​ធីតា​របស់​ខ្លួន​ទទួល​បាន​សារធាតុ​កាល់​ស្យូម​គ្រប់​គ្រាន់? ចម្លើយ៖ កុមារ​មួយ​ចំនួន​ជា​ប្រភេទ​ក្មេង​រើស​ចំណី រអ៊ូ​រទាំ និង​មិន​ចូល​ចិត្ត​ញ៉ាំ​អាហារ​ប្រភេទ​សាច់ ឬ​បន្លែ​នោះ​ទេ។ ឪពុក​ម្ដាយ​ដ៏​ឆ្លាតវៃ​ប្រាកដ​ជា​មាន​ការ​ព្រួយ​បារម្ភ​ពី​ការ​លូតលាស់​របស់​កូន។ ដូច្នេះ ពួកគាត់​អាច​ជ្រើស​រើស​យក​ការ​ផ្ដល់​សារធាតុ​បំប៉ន​កាល់ស្យូម​នានា ដើម្បី​បំពេញ​ការ​ខ្វះ​ខាត និង​ជួយ​ដល់​ការ​លូតលាស់​ជា​អតិបរមា​របស់​កូនៗ​ពួកគាត់។

 

សំណួរ ១២៖ សារធាតុ​កាល់ស្យូម​ជួយ​អ្វីខ្លះ​ដល់​ការ​លូតលាស់​របស់​កុមារ​មុន​ចូល​សាលា​រៀន? ចម្លើយ៖ ក្នុង​វ័យ​នេះ​កុមារ​ត្រូវ​ការ​អាហារ​បំប៉ន ក៏​ដូចជា​អាហារូបត្ថម្ភ​ជា​ច្រើន ដើម្បី​ទ្រទ្រង់​ដល់​ការ​លូត​លាស់​ទាំង​ផ្នែក​រាងកាយ ស្មារតី និង​សតិ​បញ្ញា។ បើ​កូន​លោក​អ្នក​ខ្វះ​ជាតិ​កាល់ស្យូម​រ៉ាំរ៉ៃ​ វា​នឹង​ធ្វើ​ឲ្យ​សារធាតុ​រ៉ែ​របស់​ឆ្អឹង​មិន​ប្រក្រតី ភាព​រឹង​មាំ​របស់​ឆ្អឹង​ថយ​ចុះ ឬ​បាត់បង់​អាច​បណ្ដាល​ឲ្យ​មាន​ភាព​ក្រិន និង​រោគ​ក្រិស។ ជា​ការ​ពិត អ្នក​ម្ដាយ​គ្រប់​រូប​ពិត​ជា​មិន​ចង់​ឲ្យ​កូន​របស់​ខ្លួន​លូត​លាស់​មិន​ប្រក្រតី និង​មាន​ភាព​ក្រិន​នោះ​ទេ ដូច្នេះ​អ្នក​ម្ដាយ​គួរ​ផ្ដល់​អាហារូបត្ថម្ភ​ទាំង​ឡាយ​ណា​ដែល​សម្បូរ​ជាតិ​កាល់ស្យូម​ដល់​កូន។

 

សំណួរ ១៣៖ កុមារ​ត្រូវ​ការ​កាល់ស្យូម​ប្រចាំ​ថ្ងៃ​ប៉ុន្មាន ដើម្បី​ធានា​ដល់​ការ​លូតលាស់​ល្អ​ប្រសើរ? ចម្លើយ៖ យោង​តាម National Academy Pressឆ្នាំ២០១០ បាន​ណែនាំ​ថា៖ · កុមារ​ចាប់​ពី ១-៣ ឆ្នាំ ត្រូវ​ការ​កាល់ស្យូម​ចំនួន ៧០០ មិល្លីក្រាម​ជា​ប្រចាំ​ថ្ងៃ · កុមារ​ចាប់​ពី ៤-៨ ឆ្នាំ ត្រូវ​ការ​កាល់ស្យូម​ចំនួន ១០០០ មិល្លីក្រាម​ជា​ប្រចាំ​ថ្ងៃ · កុមារ​ចាប់​ពី ៩-១៨ ឆ្នាំ ត្រូវ​ការ​កាល់ស្យូម​ចំនួន ១៣០០ មិល្លីក្រាម​ជា​ប្រចាំ​ថ្ងៃ។

 

សំណួរ ១៤៖ មាតាបិតា​ប្រាកដ​ទេ​ថា កូន​របស់​អ្នក​ញ៉ាំ​កាល់ស្យូម​គ្រប់គ្រាន់​តាម​តម្រូវ​ការ​ប្រចាំ​ថ្ងៃ?

ចម្លើយ៖ បើ​មិន​ប្រាកដ​ទេ មាតាបិតា​គួរ​កុំ​ចាំ​ដល់​កូន​របស់​អ្នក​មាន​បញ្ហា​ទាក់ទង​នឹង​ការ​លូតលាស់ ដូចជា កម្ពស់​ទាប​ជាង​អាយុ ការ​លូត​លាស់​មិន​ប្រក្រតី​ដែល​បង្ក​ទៅ​ជា​រោគ​ក្រិស និង​ក្រិន ជា​ដើម។ អ្នក​គួរ​ចាប់​ផ្ដើម​ផ្ដល់​សារធាតុ​បំប៉ន​កាល់ស្យូម​ឲ្យ​បាន​គ្រប់គ្រាន់​ទៅ​តាម​តម្រូវ​ការ​ប្រចាំ​ថ្ងៃ។ ដូច្នេះ អ្នក​នឹង​រីករាយ​ពេល​ឃើញ​កូនៗធំ​លូតលាស់​មាន​កម្ពស់​ខ្ពស់​ស្រស់​សង្ហា​នា​ថ្ងៃ​ខាង​មុខ៕

 

អត្ថបទ៖ ពាណិជ្ជកម្ម

អត្ថបទពេញនិយម