តួមហាតលិកទាំង៤ ដែលសម្ដែងល្អបំផុតក្នុងភាពយន្តចិន
- 2016-08-17 13:00:11
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តួមហាតលិកទាំង៤ ដែលសម្ដែងល្អបំផុតក្នុងភាពយន្តចិន
ចន្លោះមិនឃើញ
អ្នកនិពន្ធរឿងបុរាណចិនតែងតែនិយមចូលចិត្តបញ្ចូលតួមហាតលិកចូលទៅក្នុងស្នាដៃរបស់ខ្លួន។ ជានិច្ចកាល តួអង្គរបស់មហាតលិកតែងមានអត្តចរិតអាថ៌កំបាំង មិននិយាយស្ដីច្រើន និងជាពិសេសគឺមានក្បាច់គុនខ្ពស់ដែលអាចគ្រប់គ្រងបក្សធំៗបាន។ តារាសម្ដែង Donnie Yen, Chen Kun និង Lau Shun សុទ្ធតែរ៉ាប់រងតួមហាតលិករបស់ខ្លួនបានយ៉ាងល្អឥតខ្ចោះធ្វើឲ្យទស្សនិកជនមិនអាចបំភ្លេចបាន។
Lau Shun ក្នុងរឿង "Swordsman” ១៩៩០
ឆ្នាំ ១៩៩០ អ្នកដឹកនាំសម្ដែង Tsui Hark បានបង្ហាញរឿង "Swordsman” បែបភាពយន្តដោយបានប្រគល់តួមហាតលិក Gu Jinfu ឲ្យតារាសម្ដែងជើងចាស់ Lau Shun ជាអ្នករ៉ាប់រង។ តួអង្គនេះបានធ្វើឲ្យសិល្បកររៀមច្បងទទួលបានពានរង្វាន់តារាសម្ដែងរងឆ្នើមបំផុតក្នុងកម្មវិធីប្រគល់រង្វាន់សេះមាសលើកទី១០។ Sina បានវាយតម្លៃថា៖ "បើទោះជាតួរងក៏ដោយ តែលោកបានធ្វើតួអង្គរបស់ខ្លួនលេចធ្លោជាងតួឯកទៅទៀត"។
Donnie Yen ក្នុងរឿង "New Dragon Gate Way Inn” ១៩៩២
ឆ្នាំ ១៩៩២ កំពូលតារាសម្ដែងក្បាច់គុន Donnie Yen បានធ្វើឲ្យអ្នកគាំទ្ររបស់ខ្លួនចាំមិនភ្លេចនូវតួអង្គមហាតលិក Siu Yan ក្នុងភាពយន្ត "New Dragon Gate Way Inn”។ តួមហាតលិករបស់កុំកុំមានក្បាច់គុនសាហាវយង់ឃ្នងគ្មានអ្នកណាអាចប្រៀបផ្ទឹមបាន។ រាល់ក្រសែភ្នែកនិងទឹកមុខរបស់តារាវ័យ៥៣ឆ្នាំនេះសុទ្ធតែធ្វើឲ្យគេចាំមិនភ្លេច។ បណ្ដាញព័ត៌មាន Mingpao បានវាយតម្លៃថា៖ "ទន្ទឹមនឹងតួឯករបស់កំពូលតារាសម្ដែង Maggie Cheung និងBrigitte Lin តួរបស់ Donnie Yen គឺលេចធ្លោជាងដាច់"។
Chen Kun ក្នុងរឿង "Flying Swords of Dragon Gate”
ឆ្នាំ ២០១១ ភាពយន្ត "New Dragon Gate Way Inn” ត្រូវបានថតឡើងវិញក្រោមចំណងជើង "Flying Swords of Dragon Gate” ដោយមានការចូលរួមសម្ដែងពីកំពូលតារាសម្ដែង លី លានជា។ ដើរតួមហាតលិក Huatian គឺតារាសម្ដែងប្រុសល្បីឈ្មោះ Chen Kun។ ខុសពីតួមហាតលិកនានាដែលតែងខ្លួនដូចមនុស្សស្រី តួអង្គរបស់ Chen Kun មានរូបសម្បត្តិស្រស់សង្ហា និងបានធ្វើឲ្យម្ចាស់ក្សត្រីឈ្លក់វង្វេងងើបមុខមិនរួច។ ដើម្បីពង្រឹងអំណាចរបស់ខ្លួន មហាតលិករូបនេះបានហ៊ានប្រព្រឹត្តគ្រប់អំពើព្រៃផ្សៃទាំងឡាយទាំងមិនញញើត។
Wayne Lai ក្នុងរឿង "The Confidant” ២០១២
នេះគឺជាតួអង្គមិនអាចបំភ្លេចបានរបស់កំពូលតារាសម្ដែងហុងកុង Wayne Lai។ខ្សែរឿងភាគនេះបានជួយឲ្យតារាសម្ដែងវ័យ៥២ឆ្នាំទទួលបានពានតារាសម្ដែងឆ្នើមដាច់គេរបស់ TVB ឆ្នាំ២០១២។ នេះគឺជាតួអង្គមានពិតនៅក្នុងរជ្ជកាល Qing។ នៅក្នុងរឿង Wayne រ៉ាប់រងតួមហាតលិក Li Lianying ដៃស្ដាំរបស់មហាក្សត្រិយានី Cixi ក្ដោបក្ដាប់រាល់សិទ្ធិអំណាចនៅក្នុងដៃ។ បើទោះជារងការរិះគន់មួយចំនួនដោយសារតែកែប្រែខុសពីច្បាប់ដើមក៏ដោយ តែ "The Confidant” នៅតែមានចំនួនអ្នកទស្សនាច្រើនលើសលប់៕
ចុចអាន៖តួចាវឡុងរឿង “តុលាការមុខដែក” ធ្លាប់ថតរឿងអាសអាភាសព្រោះជំពាក់បំណុលវ័ណ្ឌក
ប្រែសម្រួល៖ សុវណ្ណផៃ ប្រភព៖zing