"អាជ័យ មេគ្រត" បញ្ចាំងយប់មិញ សើចទាំងរាស្ត្រទាំងមន្ត្រី ពេញសាលចតុមុខ
- 2016-08-21 19:01:24
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
"អាជ័យ មេគ្រត" បញ្ចាំងយប់មិញ សើចទាំងរាស្ត្រទាំងមន្ត្រី ពេញសាលចតុមុខ
ចន្លោះមិនឃើញ
ភាពយន្តសម័យដើមរបស់ខ្មែររឿង "អាជ័យ មេគ្រត" ត្រូវបានក្រុមអ្នកស្រាវជ្រាវភាពយន្តខ្មែរមួយក្រុមយកមកចាក់បញ្ចាំងឲ្យឡើងវិញកាលពីយប់មិញ ក្នុងកម្មវិធីសប្បុរសធម៌មួយនៅសាលសន្និសីទចតុមុខ ធ្វើឲ្យភ្ញៀវកិត្តិយសដែលចូលរួមមានទាំងរដ្ឋមន្ត្រី សិល្បករ សិល្បការិនី សិស្ស និស្សិត ទប់សំណើចមិនបាន។
ការផ្ទុះសំណើច រហូតដល់ម្នាក់ៗ ស្ទើរចេញទឹកភ្នែក ក៏ព្រោះតែភាពយន្តមួយនោះ មានលក្ខណៈកំប្លែងខ្លាំង និងមានភាពប្រទាក់ ក្រឡាគ្នាពី ឈុតមួយទៅឈុតមួយ។
ដំណាលរឿង "អាជ័យ មេគ្រត" ដោយសង្ខេបបន្តិច វាជាភាពយន្តមួយនិយាយពីស្នេហា រវាង នាយ ជ័យ និង នាងគ្រត ដោយគ្រួសារនាយជ័យជាគ្រួសារក្រីក្រខ្លាំងរកតែសំលៀកបំពាក់ ស្លៀកមិនបាន។ ចំណែកគ្រួសារ នាងគ្រងគឺជាគ្រួសារ អ្នកមាន។ នាយជ័យ គឺជាតួអង្គដែលល្ងង់រកលេខដាក់គ្មាន ខណៈ នាងគ្រត គឺជាស្រីក្រមុំមានមាឌធំ ស្រលាញ់ប្ដី។ កំលោះៗក្នុងភូមិដែលជាកូនអ្នកមានទ្រព្យដូចគ្នាចូល ស្ដីដណ្ដឹង នាងគ្រតជាច្រើននាក់ ប៉ុន្តែមិនព្រមយក បែរជាជ្រើសរើសនាយជ័យ ។
ទំនៀមទម្លាប់ខ្មែរសម័យដើម មុនឲ្យកូនចៅរៀបការជាមួយគ្នា ត្រូវឲ្យកូនកំលោះ មកបម្រើខាងស្រីយ៉ាងតិចមួយឆ្នាំ។ ពេលមកបម្រើផ្ទះម្ដាយក្មេក នាយជ័យខំប្រឹងធ្វើការងារខ្លាំងណាស់ដើម្បីឲ្យ ឪពុកម្ដាយក្មេកពេញចិត្ត ប៉ុន្តែខ្លួនជាមនុស្សល្ងង់ ដូចនេះកិច្ចការដែលឪពុកក្មេកប្រើ ស្ដាប់អត់យល់ ធ្វើចេះតែខុស។ ភាពយន្តមួយនេះ មានភាពកំប្លែងតាំងពីដើមទីរហូតដល់ចប់ ហើយចុងក្រោយនៃ សាច់រឿង នាយជ័យ បានរៀបការ ជាមួយនាងគ្រង។
កម្មវិធីខាងលើរៀបចំដោយក្រុមអ្នកស្រាវជ្រាវភាពយន្តខ្មែរព្រះសុរិយា ក្រោមប្រធានបទ"មួយម៉ឺនអាល័យ" ដើម្បីជួយដល់សិល្បករសិល្បៈការិនីគ្រប់ទម្រង់ និង កិច្ចការស្រាវជ្រាវភាពយន្តខ្មែរបន្តទៀត។ កម្មវិធីនេះបានលើកយកភាពយន្តខ្មែរនៅសម័យដើមជាច្រើនរៀងយកមកចាក់បញ្ចាំង។
លោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្ប និង ឯកឧត្ដម សាយ សំអាល រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានចូលរួមជាគណៈអធិបតីក្នុងកម្មវិធីនេះ។ រដ្ឋមន្ត្រីទាំង២ខាងលើ មិនបានថ្លែងសន្ទរកថាទេ ពោលគ្រាន់តែ អញ្ជើញមកទស្សនាក៏ត្រឡប់ទៅវិញ។
កម្មវិធី"មួយម៉ឺនអាល័យ" បន្តនៅថ្ងៃអាទិត្យនេះ១ថ្ងៃទៀង ដោយនៅក្នុងនោះភាពយន្តខ្មែរនាសម័យដើមចំនួន៣រឿង និងត្រូវយកមកចាក់បញ្ចាំងមាន រឿង ព្រោះធិនវង្សនាងពៅ, រឿង គួរឲ្យចុកឈាម" និង រឿង អនអើយស្រីអន"។ ទស្សនិកជនដែលចង់ទៅទស្សនាត្រូវទិញសំបុត្រ ដោយក្នុង១សំបុត្រសម្រាប់មនុស្សម្នាក់ថ្លៃ២ម៉ឺនរៀល៕