គ្រូស៊ីម៉ាក់ថា ចាញ់ទ័ពម្សិលមិញ ព្រោះអាជ្ញាកណ្ដាលចាប់បាល់ប៉េណាល់ទីខុស
- 2016-08-22 16:03:10
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
គ្រូស៊ីម៉ាក់ថា ចាញ់ទ័ពម្សិលមិញ ព្រោះអាជ្ញាកណ្ដាលចាប់បាល់ប៉េណាល់ទីខុស
ចន្លោះមិនឃើញ
លោក កែវ សារិន គ្រូជំនួយក្លឹបបាល់ទាត់ស៊ីម៉ាក់ និយាយពីរឿងបរាជ័យក្រុមខ្លួនលោកក្រោមថ្វីជើងក្លឹបក្រសួងការពារជាតិម្សិលមិញ ដោយសារអាជ្ញាកណ្ដាលចាប់បាល់ប៉េណាល់ទីខុស សម្រាប់ការប្រកួតក្របខ័ណ្ឌកំពូលរបស់កម្ពុជាសប្ដាហ៍ទី១៧។
ការប្រកួតនៅតង់ទីមួយ ក្រុមទាំងពីរមិនបានបំប៉ោងសំណាញ់ទីគ្នាទេ។ ចូលដល់តង់ទីពីរទើបមានគ្រាប់បាល់។ គ្រាប់បាល់ដំបូងរបស់ក្លឹបក្រសួងការពារជាតិរកបាននៅនាទីទី៥១ ដែលជាការទាត់បាល់ប៉េណាល់ទីរបស់កីឡាករកូរ៉េខាងជើង Choe Myong Ho ក្រោយកីឡាកររបស់ស៊ីម៉ាក់បង្កកំហុសនៅតំបន់គ្រោះថ្នាក់។ ចំណែកគ្រាប់ទី២ ជាការរកបានដោយកីឡាករ កែ វណ្ណៈ នៅនាទីទី៨២។
លោក កែវ សារិន បានឲ្យដឹងថា ការចាប់កំហុសរបស់លោកអាជ្ញាកណ្តាលដោយបានផ្ដល់បាល់ប៉េណាល់ទីដល់ក្រុមទ័ពនោះពិតជាមិនត្រឹមត្រូវឡើយ។ កីឡាកររបស់លោកគ្មានកំហុសនោះទេ ដែលត្រូវផ្ដល់បាល់ប៉េណាល់ទីទៅទ័ពនោះ។
បុរសវ័យកណ្ដាលរូបនេះបន្ថែមថា កីឡាកររបស់លោកមានអារម្មណ៍បែកសាមគ្គីអស់រលីងនៅពេលអាជ្ញាកណ្ដាលសម្រេចផ្ដល់បាល់ប៉េណាល់ទីដល់ទ័ព ដែលជាបាល់មិនទំនងមួយនេះ។ លោកមិនមែនចង់យកលេស ចាញ់ទម្លាក់កំហុសទៅអ្នកណាម្នាក់ផ្សេងទៀតឡើយ ប៉ុន្តែវាជាការពិតដែលអ្នកទស្សនាមើលឃើញគ្រប់គ្នា។
លោកបញ្ជាក់ទៀតថា ការបង្ហាញចំណុចខ្វះខាតមួយ ដែលសម្ដែងចេញនូវភាពមិនច្បាស់សម្រាប់ជំនាញក្នុងការគ្រប់គ្រងការប្រកួតរបស់អាជ្ញាកណ្ដាល ដូច្នេះវាអាចឲ្យកីឡាករក្នុងក្លឹបតូចៗដូចជាលោក បាក់ទឹកចិត្តចង់ឈប់លេងអស់ហើយ។
ក្លឹបបាល់ទាត់ស៊ីម៉ាក់កំពុងស្ថិតនៅលេខ៨ក្នុងតារាងលីគកំពូលកម្ពុជា ដែលរកបាន ៨ពិន្ទុក្នុងចំណោម១៧ ប្រកួតកន្លងមក៕
អត្ថបទ៖ ស្រី សុវណ្ណដារ៉ា