ដាញ់ ហុង៖ អ្នកជំនាញគួររួមគ្នា រកវិធីឲ្យប្រព័ន្ធកុំព្យូទ័រស្គាល់អក្សរខ្មែរមិនប្រើ ZWSP

  • 2016-08-29 14:00:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្ថាបនិក​បង្កើត​ពុម្ព​អក្សរ​ខ្មែរ​យូនីកូដ លោក ដាញ់ ហុង ចង់មាន​ការ​បង្កើត​​​ប្រព័ន្ធ​កុំព្យូទ័រ​​ដែល​អាច​ស្គាល់​អក្សរខ្មែរ​ដោយ​មិន​បាច់​ប្រើ​ចន្លោះ​មើល​មិន​ឃើញ។

 

 

ចន្លោះ​មើល​មិន​ឃើញ (Zero-width Space-ZWSP) លោក ហុង ថា​ពុំ​មែន​ស្ថិត​ក្នុង​ស្តង់ដារ​ខ្មែរ​យូនីកូដ​ទេ។ ការ​ប្រើ ZWSP លើ​ក្តារ​ចុច​ខ្មែរ កើត​ឡើង​តាំង​ពី​យូរយារ​ណាស់​មក​ហើយ ដើម្បី​ឲ្យ​ប្រព័ន្ធ​កុំព្យូទ័រ​ស្គាល់​ពាក្យ​ខ្មែរ​លើ​បណ្ដាញ​អ៊ីនធឺណិត​បណ្ដោះ​អាសន្ន ហើយ​​អាច​ឲ្យ​អក្សរ​ដែល​វាយ​មក​អាច​ចុះ​បន្ទាត់​បាន​ត្រឹមត្រូវ។ ប៉ុន្តែ​ វា​បែរ​ជា​ត្រូវ​ប្រើ​ជាប់​រហូត​មក​ដល់​បច្ចុប្បន្ន ដោយ​​​មិន​មាន​ការ​អើពើ​បង្កើត​​ប្រព័ន្ធ​កុំព្យូទ័រ​ស្គាល់​ពាក្យ​ខ្មែរ​ ដែល​​មិនប្រើ ZWSP ឲ្យ​បាន​សម្រេច។

 

"មន្រ្តី​រដ្ឋាភិបាល​ទទួល​បន្ទុក​​ត្រូវ​យក​ចិត្តទុកដាក់​​ដោះ​ស្រាយ ​ដើម្បី​ឲ្យ​អ្នក​ជំនាញ​ព័ត៌មានវិទ្យា​មាន​ឱកាស​បង្កើត​ប្រព័ន្ធ​កុំព្យូទ័រ​​ស្គាល់​អក្សរ​ខ្មែរ ទោះ​បី​មិន​ប្រើ ZWSP"។

 

លោក ហុង បញ្ជាក់​ថា កន្លង​មក​មាន​ជំនួយ​​​​ខ្ទង់​លាន​ដុល្លារ​ពី USAID ​​ដើម្បី​​​អភិវឌ្ឍ​វិស័យ ICT នៅ​កម្ពុជា​រួម​ទាំង​បញ្ហា ZWSP តែ​​ដូច​មិន​ឃើញទទួល​លទ្ធផល​អ្វី​​សោះ។ បញ្ហា ICT ខ្លះ​ដូច ZWSP នៅ​មិន​ទាន់​ដោះស្រាយចេញ​ដដែល។

 

"អ្វី​ដែល​ខ្ញុំ​ចង់​បាន គឺ​សុំ​ឲ្យ​មាន​ក្តារ​ចុច​ខ្មែរ​យូនីកូដ ត្រឹមត្រូវ​តាម​ស្តង់ដារ ហើយ​រឿង​ប្រព័ន្ធ​អ៊ីនធឺណិត​មិន​ស្គាល់​ពាក្យ​ខ្មែរ​ដែល​មិន​ប្រើ ZWSP មន្រ្តី​រដ្ឋាភិបាល​ទទួល​បន្ទុក​ គួរ​យក​ចិត្ត​ទុក​ដាក់​ដោះ​ស្រាយ ដើម្បី​ឲ្យ​អ្នក​ជំនាញ​ព័ត៌មាន​វិទ្យា​ទាំងអស់​មាន​ឱកាសបង្កើត​ឲ្យជោគជ័យ"៕

 

អត្ថបទ៖ ប៉ែត ផាន់និត

អត្ថបទថ្មី