អ្នក​ទស្សនា​​ថា​​​បាន​មក​​​ទស្សនា​ពិព័រណ៍​រថយន្ត​​​​ភ្នំពេញ​ទើប​ដឹង​​​​រថយន្ត​ប្លែកៗ​​​ឥត​ខ្វះ​មាន​លក់​ពេញ​ស្រុក​ខ្មែរ

  • 2014-11-02 01:19:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ព្រឹត្តិការណ៍​ពិព័រណ៍​រថយន្ត​អន្តជាតិ​នៅ​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​កោះ​ពេជ្រ​នៅ​ថ្ងៃ​ទី ៣ មាន​មនុស្ស​កាន់​តែ​ច្រើន​មក​ទស្សនា ដែល​ធ្វើ​ឲ្យ​សាល​ពិព័រណ៍​​មាន​ភាព​អ៊ូអរ។ អ្វី​ធ្វើ​ឲ្យ​ពួកគេ​ភ្ញាក់ផ្អើល​នោះ គឺ​ពួកគេ​មិន​ដឹង​ថា​មាន​ម៉ាក​រថយន្ត​ប្លែកៗ​ជា​ច្រើន​កំពុង​លក់​ពាស​ពេញ​ស្រុក​ខ្មែរ បើ​មិន​បាន​​ចូល​ទស្សនា​ពិព័រណ៍​ដ៏​អស្ចារ្យ​នេះ។

 

 

យុវតី ឆាយ​ ចាន់​សុភីវត្តី ជា​បុគ្គលិក​ក្រុម​ហ៊ុន​ឯកជន​មួយ​បាន​ប្រាប់​ Sabay ថា នេះ​ជា​លើក​ដំបូង​ហើយ​ដែល​កញ្ញា​បាន​ចូល​រួម​ពិព័រណ៍​រថយន្ត​​ដ៏​ធំ​បែប​នេះ។ កញ្ញា​មាន​ការ​ចាប់​អារម្មណ៍​​ជា​ខ្លាំង​ទៅ​លើ​​រថយន្ត​​​​​ថ្មីៗ​ជា​ច្រើន​ដែល​បាន​ដាក់​តាំង​បង្ហាញ ​ដែល​មួយ​ចំនួន​កញ្ញា​មិន​ដែល​បាន​ស្គាល់​​ពី​មុន​ទាល់​តែ​សោះ។

បើ​ទោះ​បី​នៅ​មិន​ទាន់​មាន​លទ្ធភាព​ទិញ​ប្រើប្រាស់​ក៏​ដោយ កញ្ញា​ឲ្យ​ដឹង​ថា ការ​ចូល​រួម​ពិព័រណ៍​​នេះ​ធ្វើ​ឲ្យ​កញ្ញា​អាចស្គាល់​​ពី​ម៉ាក​រថយន្ត​​​នានា​ដែល​​កំពុង​​ចរាចរ​លក់​នៅ​ក្នុង​ទីផ្សារ​​ប្រទេស​កម្ពុជា ជាពិសេស​ក៏​ទទួល​បាន​ព័ត៌មាន​ច្បាស់លាស់​សម្រាប់​ការ​ជ្រើសរើស​រថយន្ត​​​ដែល​សមស្រប​តាម​តម្រូវការ​ប្រើប្រាស់ ដោយ​មិន​ប្រថុយប្រថាន​ទិញ​រថយន្ត​ដែល​គ្មាន​ប្រភព​ច្បាស់លាស់ នាំ​ឲ្យ​ខាត​ពេល​វេលា ​លុយ​កាក់​និង​ខ្វះ​ទំនុក​ចិត្ត​។

 

ចំណែក​លោក​ គីម​ ថេង បុគ្គលិក​ទីផ្សារ​ក្រុម​ហ៊ុន​ឯកជន​មួយ​រូប​ទៀត​ឲ្យ​ដឹង​ដែរ​ថា ទើប​តែ​ថ្ងៃ​នេះ​ទេ ដែល​លោក​ទំនេរ​ដៃ​ពី​ការ​ងារ​មក​ចូល​រួម​ទស្សនា​ពិព័រណ៍​រថយន្ត​​នេះ​។

 

យុវជន​វ័យ​ ២៤ ឆ្នាំ​មានការ​​ពេញ​ចិត្ត​ជា​ខ្លាំង ​ក្នុង​ការ​​បាន​មក​ទស្សនា​​រថយន្ត​នានា​​ដែល​បាន​ដាក់​តាំង​បង្ហាញ។ "រថយន្ត​ខ្លះ​ខ្ញុំ​​មិន​បាន​ដឹង​ថា​មាន​លក់​នៅ​ទីផ្សារ​ប្រទេស​កម្ពុជា​ផង។ ការ​ចូលរួម​ពិព័រណ៍​នេះ ជា​ឱកាស​ដ៏​ល្អ​​ដែល​ខ្ញុំ​បាន​ស្គាល់​ម៉ាក​​រថយន្ត​ប្លែកៗ​ ថ្មីៗ ដែល​កំពុង​មាន​លក់​នៅ​ទីផ្សារ​ប្រទេស​កម្ពុជា"។

 

បែរ​មក​លោក ប៊ុន រ៉ាត់ វេជ្ជបណ្ឌិត​មួយ​រួប​ក៏​មាន​ការ​ចាប់​អារម្មណ៍​រថយន្ត​ប្លែកៗ​ដែល​តាំង​បង្ហាញ​នៅ​ក្នុង​ពិព័រណ៍​រថយន្ត​ភ្នំពេញ​នេះ​ដែរ។

 

លោក​បង្ហាញ​ការ​ចាប់​អារម្មណ៍​ថា៖ "ពិត​ជា​​អស្ចារ្យ​ខ្លាំង​ណាស់ ​​ដែល​ខ្ញុំ​បាន​ឃើញ​​ម៉ាក​រថយន្ត​ប្លែកៗ​ក្នុង​ពិព័រណ៍​រថយន្ត​ភ្នំពេញ"។ លោក​ចង់​ឲ្យ​ឆ្នាំ​ក្រោយៗ​​ឲ្យ​មាន​ការ​រៀបចំ​ពិព័រណ៍​បែប​នេះ​ទៀត ជាពិសេស​ឲ្យ​មាន​​​ក្រុមហ៊ុន​កាន់​តែ​ច្រើន​​ថែម​ទៀត​ចូលរួម។

 

ពិព័រណ៍​រថយន្ត Phnom Penh International Auto Show 2014 បាន​បើក​ដំណើរការ​ចំនួន ៣ ថ្ងៃ​ហើយ។ ថ្ងៃ​ស្អែក​នេះ​ជា​ថ្ងៃ​បញ្ចប់ សម្រាប់​ប្រិយមិត្ត​មិន​ទាន់​បាន​មក​ទស្សនា អាច​មក​ចូលរួម​បាន​ដើម្បី​ទស្សនា​រថយន្ត​ម៉ូដ​ប្លែកៗ ជាពិសេស​ឱកាស​ថត​រូប​ជាមួយ​រថយន្ត​ដែល​ប្រិយមិត្ត​ពេញចិត្ត​ រួម​ទាំង​តារា​ម៉ូដែល​ដ៏​ស្រស់ស្អាត​​ដែល​ឈរ​ចាំ​ញញឹម​ទទួល​ស្វាគមន៍​យ៉ាង​រីករាយ។

 

អត្ថបទ៖ ឆានី