នេន សុធារ័ត្ន បង្ហាញ​​អារម្មណ៍​ទោះ​មិន​បាន​ជួយ​ក្រុម​ប៉ះ​ហុង​កុង​ក៏​គ្មាន​បញ្ហា

  • 2016-08-31 22:34:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ខ្សែ​ការពារ​ស្លាប​របស់​ក្រុម​ជម្រើស​ជាតិ​កម្ពុជា នេន សុធារ័ត្ន បាន​បង្ហាញ​ចំណាប់​អារម្មណ៍​របស់​ខ្លួន​ ទោះ​បី​​មិន​អាច​បង្ហាញ​ខ្លួន​លេង​នៅ​លើ​ទីលាន​ជួយ​ក្រុម​ជម្រើស​ជាតិ​កម្ពុជា​ដែល​ត្រូវ​ប្រកួត​មិត្ត​ភាព​អន្តរជាតិ​ជាមួយ​ ហុងកុង នា​ថ្ងៃ​ទី១ ខែ​កញ្ញា ឆ្នាំ​២០១៦ នៅ​ទឹក​ដី​ហុង​កុង​ស្អែក​នេះ​ក៏​ជា​រឿង​ធម្មតា​ សម្រាប់​គេ​តែ​អ្វី​ដែល​សំខាន់​គឺ​កម្ពុជា​ឈ្នះ។

 

​​

 

នេន សុធារ័ត្ន បាន​ចេញ​ដំណើរ​ទៅ​​​ហុងកុង ជា​មួយ​ក្រុម​ជម្រើស​ជាតិ​កម្ពុជា​ធម្មតា ក្នុង​នាម​ជា​កីឡាករ​ដែល​មាន​ឈ្មោះ​ក្នុង​បញ្ជី​​កីឡាករ២៣​នាក់​ចុង​ក្រោយ​កាល​ពី​ថ្ងៃ​ទី២៩ ខែ​សីហា ឆ្នាំ​២០១៦​​។ ប៉ុន្តែ​កីឡាករ​រូប​នេះ​បាន​រង​របួស​ចង្កេះ​នា​កំឡុង​​ក្រុម​របស់​ខ្លួន​ប្រកួត​មិត្ត​ភាព​ជាមួយ​ក្រុម​​ African All Stars ​កាល​ពី​ពេល​កន្លង​ទៅ។

 

​​​ខ្សែ​ការពារ​របស់​ក្លឹប​ព្រះ​ខ័ន​រាជ​ស្វាយរៀង​រូប​នេះ​បាន​ឲ្យ​ដឹង​ថា របួស​ចង្កេះ​​របស់​គេ​​ទំនង​ជា​មិន​អាច​ជាសះស្បើយ​ទាន់​ពេល​វេលា​​នា​ជំនួប​ជាមួយ​ហុង​កុង​នោះ​ទេ។ ពី​ព្រោះ​គ្រាន់​តែ​ដើរ​ក៏​នៅ​ឈឺ​នៅ​ឡើយ ប៉ុន្តែ​បើ​ទោះ​បី​មិន​អាច​លេង​​ប្រកួត​មិត្ត​ភាព​សាក​ជើង​ដ៏​សំខាន់​នេះ​ក៏​រូប​គេ​គ្មាន​អារម្មណ៍​សោក​ស្ដាយ​អ្វី​ដែរ។

 

កីឡាករ​មាន​ដើម​កំណើត​នៅ​ទីក្រុង​ភ្នំពេញ​​​រូប​នេះ​​បន្ត​ថា គ្រូ​បង្វឹក​ នឹង​​មាន​​កីឡាករ​ល្អៗ​​ផ្សេង​ទៀត​ដាក់​ជំនួស​​រូប​គេ ហើយ​អ្វី​ដែល​សំខាន់​គឺ​ទម្រង់​លេង​របស់​ក្រុម​ទាំង​មូល​ស៊ីចង្វាក់​គ្នា​ល្អ​ និង​អាច​យក​ជ័យ​ជម្នះ​​បាន។ ​បើ​សម្លឹង​ទៅ​មើល​ភាព​ស៊ីចង្វាក់​គ្នា​ក្រុម​​ក្នុង​ការ​ប្រមូល​ផ្ដុំ​លើក​នេះ​មាន​ភាព​ល្អ​ប្រសើរ​ច្រើន ដោយ​សារ​មាន​រយៈ​ពេល​ច្រើន​គួរសម​ដើម្បី​ហ្វឹកហាត់​ជុំ​គ្នា។

 

​ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​កម្ពុជា ​បាន​​ធ្វើ​ការ​ប្រមូល​ផ្ដុំ​ហ្វឹកហាត់​ត្រៀម​ប៉ះ ហុង​ កុង ​កាល​ពី​​ថ្ងៃ​​ទី២៤ ខែ​សីហា ឆ្នាំ​២០១៦​នៅ​ពហុ​កីឡដ្ឋាន​ជាតិ៕

 

អត្ថបទ​៖ ស្រី សុវណ្ណដារ៉ា​