ម៉ៅ ពិសិដ្ឋ ថា រំភើបចង់ស្រក់ទឹកភ្នែក ដឹងបានលេង U-19 ភ្លាម
- 2016-09-07 14:05:27
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ម៉ៅ ពិសិដ្ឋ ថា រំភើបចង់ស្រក់ទឹកភ្នែក ដឹងបានលេង U-19 ភ្លាម
ចន្លោះមិនឃើញ
ខ្សែប្រយុទ្ធក្នុងក្រុមជម្រើសជាតិក្រោមអាយុ១៦ឆ្នាំ ម៉ៅ ពិសិដ្ឋ បង្ហាញក្ដីរំភើបរបស់ខ្លួនចង់ស្រក់ទឹកភ្នែក ក្រោយទទួលដំណឹងបានលេងក្នុងក្រុមជម្រើសជាតិក្រោមអាយុ ១៩ឆ្នាំទៅប្រកួតពាន AFF U-19 Championship 2016 នៅប្រទេសវៀតណាមចន្លោះថ្ងៃទី១១ដល់២៤ខែកញ្ញាឆ្នាំ២០១៦ ខាងមុខនេះ។
ម៉ៅ ពិសិដ្ឋ រកគ្រាប់បាល់បានចំនួន ២គ្រាប់ជួយឲ្យ U-16 កម្ពុជាយកឈ្នះ U16 ទីម័រខាងកើត៣-០ក្នុងជំនួបលើកចុងក្រោយក្នុងពូល B នៃពានរង្វាន់ AFF U-16 Championsgip 2016 ដើម្បីបានឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជាប្រវត្តិសាស្ត្ររបស់កម្ពុជា។ ពេលនោះហើយដែលធ្វើឲ្យអ្នកគាំទ្រកម្ពុជាស្គាល់រូបគេយ៉ាងច្បាស់។
យុវជនលេងបាល់តាំងពីអាយុ៦ឆ្នាំរូបនេះបានឲ្យដឹងថា គ្រាន់តែទទួលដំណឹងមានឈ្មោះក្នុងក្រុមយុវជនក្រោមអាយុ១៩ឆ្នាំភ្លាមមានអារម្មណ៍រំភើបខ្លាំងចង់ស្រក់ទឹកភ្នែក។ មិនត្រឹមតែប៉ុណ្ណោះថែមទាំងមានឈ្មោះក្នុងបញ្ជី២៣នាក់ចុងក្រោយទៀតផង ពិតជារកអ្វីមកនិយាយមិនចេញមែន។ កាលប្រកួតមិត្តភាពជាមួយក្រុមណាហ្គាវើលដែលមានមាឌធំ ខ្សែប្រយុទ្ធវ័យក្មេងរូបនេះបានជួយឲ្យក្រុម U-19 កម្ពុជាតាមស្មើ១-១។
យុវជនជាកូនទី២ក្នុងគ្រួសាររូបនេះបន្ថែមថា ក្រោយចប់ភារកិច្ចជួយ U16 ពិសិដ្ឋ មិនធ្លាប់គិតថា បានជាប់ឈ្មោះក្នុងក្រុម U19 ទៀតឡើយ។ ឱកាសបង្ហាញខ្លួនជម្រើស ១១នាក់ដំបូងក្នុងការលេងពានខាងលើពិតជាមាន។
សម្រាប់បច្ចេកទេសយុវជនរបស់ក្លឹបភ្នំពេញក្រោនរូបនេះប្រាប់ថា ជាមួយនឹងការខិតខំប្រឹងប្រែងក្នុងកំឡុងហ្វឹកហាត់រូបគេត្រូវបានគ្រូបង្វឹកប្រាប់ចំណុចខ្វះខាតជាច្រើន ហើយមកដល់ពេលនេះចំណុចខ្វះខាតទាំងនោះត្រូវបានកែប្រែស្ទើរតែទាំងស្រុង។
ក្នុងពានរង្វាន់ AFF U19 Championship 2016 នេះដែរ ក្រុមកម្ពុជាស្ថិតក្នុងពូល B ជាមួយក្រុមខ្លាំងៗដូចជា ថៃ ឡាវ មីយ៉ាន់ម៉ា អូស្ត្រាលី និងឥណ្ឌូណេស៊ីជាដើម។ ក្រុមកម្ពុជានឹងចេញដំណើរទៅវៀតណាមនៅថ្ងៃទី៩ ខែកញ្ញាខាងមុខនេះវេលាម៉ោង ៥:៥០នាទីល្ងាច៕
អត្ថបទ៖ ស្រី សុវណ្ណដារ៉ា