ស្រី​ស្អាត អ៊ុន ម៉ាលីស មាន​ផែន​ការ​ថត​បទ "មហោរី" តម្កល់​លើ Youtube

  • 2016-09-10 18:23:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ចម្រៀង​ស្រី​ស្អាត​មក​ពី​ខេត្ត​ស្វាយ​រៀង ដែល​ទទួល​បាន​ការ​ចាប់​អារម្មណ៍​​ខ្លាំង​ដោយ​សារ​និយម​ច្រៀង​បទ​ពី​ដើម​ៗ​​បង្ហោះ​លើ​បណ្ដាញ​សង្គម​នោះ ថ្មី​ៗ​នេះ បាន​បង្ហាញ​មហិច្ឆតា​ថ្មី​មួយ​ទៀត ដោយ​នាង​ត្រៀម​ប្រមូល​បទ​ "មហោរី" មួយ​ចំនួន ថត​ ហើយ​បង្ហោះ​​​ចូល​ប្រព័ន្ធ Youtube។

 

 

ផែន​ការ​​នេះ ​សាមី​ខ្លួន​អះអាង​ថា ធ្វើ​តាម​និស្ស័យ​របស់​ខ្លួន​ដែល​ស្រឡាញ់​សិល្បៈ​នេះ ដើម្បី​តម្កល់​​ទុក​ នៅ​ទី​កន្លែង​មួយ​ដែល​គ្រប់​គ្នា​អាច​រក​បាន សម្រាប់​ការ​សិក្សា និង​ស្រាវ​ជ្រាវ​នា​ពេល​ខាង​មុខ ព្រោះ​ថា តាម​ធម្មតា មាន​ការ​ពិបាក​ណាស់ ក្នុង​ការ​ស្វែង​រក​សិល្បៈ​ចម្រៀង​ប្រភេទ​នេះ​នៅ​លើ​បណ្ដាញ​សង្គម​ទំនើប​​ដូច​ជា Facebook និង Youtube ជា​ដើម​។

 

ដូច្នេះ​ហើយ ផ្សំ​នឹង​នាង​មាន​និស្ស័យ​ស្រឡាញ់​ចូល​ចិត្ត​វិស័យ​សិល្បៈ​មួយ​​នេះ​ផង ស្រព​ពេល​មាន​មិត្តភក្ដិ​ជា​ច្រើន​សំណូម​​ពរ​ផង នាង​សម្រេច​ចិត្ត​ថា នឹង​ធ្វើ​កិច្ចការ​នេះ​តែ​ម្ដង ទុក​ជា​​ការ​ចូល​រួម​អភិរក្ស​សិល្បៈ​មហោរី​យើង។

 

តាម​គម្រោង យុវតី​វ័យ ២៣​ឆ្នាំ​រូប​នេះ នឹង​​ថត​បទ​ចម្រៀង មហោរី ​ចំនួន​១២ ដែល​បាន​មក​ពី​ការ​សិក្សា​ជាមួយ​លោក​គ្រូ អ្នក​គ្រូ​របស់​នាង។ យ៉ាង​ណា នាង​មិន​ទាន់​ច្បាស់​ថា នឹង​បញ្ចប់​នៅ​ពេល​ណា​នៅ​ឡើយ​ទេ។ "យើង​មាន​គម្រោង តែ​មិន​ទាន់​ច្បាស់​ថា​ចប់​ពេល​ណា ដោយ​ត្រូវ​ចាំ​បង​ យឹង យន ត្រឡប់​មក​ពី​អាមេរិក​​វិញ​សិន តែ​បើ​តាម​អាច គឺ​ក្នុង​១១"។

 

 

ក្រៅ​ពី​គម្រោង​​ប្រមូល​បទ​មហោរី​ថត​ហើយ​តម្កល់​ទុក​លើ​ប្រព័ន្ធ​ទំនើប ម៉ាលីស នៅ​បាន​បង្ហើប​ថា នាង​ក៏​គ្រោង​ផលិត Original Song ថ្មី​ៗ​ខ្លះ​ៗ​ដែរ ប៉ុន្តែ​មិន​ទាន់​អាច​បញ្ជាក់​ថា គម្រោង​នេះសម្រេច​បាន​នៅ​ពេល​ណា​នៅ​ឡើយ​ទេ។

 

អ៊ុន ម៉ាលីស ទើប​បាន​បញ្ចប់​ការ​​សិក្សា​ឆ្នាំ​នេះ​លើ​ឯកទេស​​ចម្រៀង​​មហោរី​​ពី​​សាកល​​ភូមិន្ទ​​វិចិត្រ​​សិល្បៈ ដែល​ចំណុច​នេះ នាង​ប្រាប់​ថា ដើម្បី​ចូល​រួម​ថែ​រក្សា​សិល្បៈ​កេរតំណែល​ដូន​តា​មួយ​ផ្នែក។ ដោយ​ឡែក​ផែន​ការ​ថ្មី​របស់​នាងនេះ ក៏​ដើម្បី​ចូល​រួម​អភិរក្ស​សិល្បៈ​មហោរី​មួយ​នេះ​ដែរ បន្ថែម​ជាមួយ​​គោល​បំណង​​មួយ​ទៀត​ ធ្វើ​ឲ្យ​សិល្បៈ​ខ្មែរ​យើង​កាន់​តែ​សម្បូរ​បែប ហើយ​អាច​ងាក​ចេញ​ពី​ការ​ប្រើ​ប្រាស់​របស់​គេបាន​៕

 

អត្ថបទ៖ ទារិកា

អត្ថបទថ្មី