សម្ដេច ហ៊ុន សែន កំណត់ពេលជួបសិស្សនិទ្ទេស A ទាំង ៤០៥នាក់
- 2016-09-13 19:22:32
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សម្ដេច ហ៊ុន សែន កំណត់ពេលជួបសិស្សនិទ្ទេស A ទាំង ៤០៥នាក់
ចន្លោះមិនឃើញ
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានបង្ហោះនៅលើ Page ផ្លូវការរបស់សម្ដេច ថានឹងជួបសិស្សនិទ្ទេស A ទាំង៤០៥នាក់ នៅវិមានសន្តិភាពក្នុងថ្ងៃ ២១ កញ្ញា ២០១៦ វេលាម៉ោង៨:៣០ព្រឹក ។
សម្ដេចបានអំពាវនាវសូមក្រសួងអប់រំយុវជននិងកីឡា ព្រមទាំងអភិបាលរាជធានី ខេត្ត ទាំងអស់ដែលមានសិស្សប្រឡងជាប់និទ្ទេសA រៀបចំឱ្យបានល្អនូវការធ្វើដំណើរ និងការស្នាក់នៅ ធានាឱ្យបាននូវសុវត្ថិភាព ពិសេសសិស្សមកពីខេត្ត។
គួររំលឹកថា សិស្សជាប់និទ្ទេស A ឆ្នាំនេះមានចំនួនច្រើនជាងឆ្នាំមុន ដែលឆ្នាំមុនមាន ១០៨នាក់។ តាំងពីមានកំណែទម្រង់ស៊ីជម្រៅលើការប្រលងបាក់ឌុបមក សម្តេចហ៊ុនសែន តែងធ្វើការជួបសំណេះសំណាលជាមួយសិស្សនិទ្ទេសA ព្រមទាំងផ្តល់រង្វាន់លើកទឹកចិត្តផងដែរ។
សិស្សនិទ្ទេស A ទាំង១០៨នាក់ក្នុងឆ្នាំ២០១៥ បានទទួលទឹកប្រាក់លើកទឹកចិត្ត ដែលបេក្ខជនម្នាក់ៗចំនួន ២ លានរៀល Samsung Tablet ម្នាក់ៗមួយគ្រឿងកាក់ប្រាក់អនុស្សាវរីយ៍ និងសៀវភៅអនុស្សាវរីយ៍មួយក្បាលផងដែរចំណែកអាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រគឺអាស្រ័យទៅលើសាកលវិទ្យាល័យក្នុងប្រទេស។ ដោយឡែកឆ្នាំនេះ សម្ដេចពុំទាន់បញ្ជាក់ថានឹងផ្ដល់រង្វាន់អ្វីនៅឡើយទេ៕
អត្ថបទ៖ លីម សុនា