ចាប់បានអ្នកលួច Live រឿង "ចន្ទ្រា" និង "រថភ្លើងទៅប៊ូសាន" នៅ Major Cineplex by Cellcard
- 2016-09-14 21:35:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចាប់បានអ្នកលួច Live រឿង "ចន្ទ្រា" និង "រថភ្លើងទៅប៊ូសាន" នៅ Major Cineplex by Cellcard
ចន្លោះមិនឃើញ
សៅ សុខនី នាយកប្រតិបត្តិរោងភាពយន្ត Major Cineplex by Cellcard បានឲ្យដឹងថា ថ្មីៗនេះក្រុមការងារលោកចាប់បានអ្នកទស្សនាពីរនាក់ដែលបានលួច Live រឿងកំពុងពេញនិយមទាំងពីរគឺរឿង"រថភ្លើងទៅប៊ូសាន" និង"ចន្ទ្រា" ។
GM នៃរោងភាពយន្តខាងលើបានបញ្ជាក់ថា លោកសុំមិនបង្ហាញអត្តសញ្ញាណអ្នកទាំងពីរឡើយ។ តែអ្វីដែលធ្វើឲ្យក្រុមការងារលោកមានភាពភ្ញាក់ផ្អើលខ្លាំងនោះ គឺពួកគេមិនត្រឹមតែជាការលួចចម្លងធម្មតានោះទេ តែហ៊ានប្រព្រឹត្តដោយប្រើគណនី Facebook Live ផ្ទាល់ពីរោងកុនតែម្ដង។ "រឿងទាំងពីរនោះជា រឿងពេញនិយមខ្លាំង ដូចនេះហើយក៏ជាគោលដៅនៃការលួចចម្លងនោះដែរ។”
នាយកប្រតិបត្តិរោងភាពយន្តរូបនេះបានបន្តទៀតថា បន្ទាប់ពីមានរឿងដូចនេះកើតឡើង រោងកុន Major Cineplex By Cellcard បានបន្ថែមបុគ្គលិកតាម Hall ដែលបញ្ចាំងរឿងពេញនិយមដើម្បីឃ្លាំមើល ហើយបង្កើតជាវីដេអូនិយាយពីភាពអវិជ្ជមាន និងការប្រឈម មុខតាមផ្លូវច្បាប់នៃអ្នកប្រព្រឹត្ត។ “យើងមិនចង់ធ្វើបែបនេះទេ យើងចង់ឲ្យការមកមើលកុនគឺជាការសម្រាកលំហែដោយដោយគ្មានសម្ពោធបំបាត់អារម្មណ៍សៅហ្មងទាំងពួង។ តែពេលមានរឿងនេះហើយ យើងនឹងបន្ថែមបុគ្គលិកនៅតាម Hall ដែលបញ្ចាំងរឿងដែលគេចាប់អារម្មណ៍ច្រើន។ ការធ្វើបែបនេះ គឺដើម្បីមិនឲ្យមានការលួចចម្លងកម្មសិទ្ធិបញ្ញាប៉ុណ្ណោះ។”
លោក បន្ថែមថាខាងក្រុមការងារលោកបានណែនាំទៅអ្នកប្រព្រឹត្ត និងពន្យល់ពីផ្លូវច្បាប់ ហើយពួកគេក៏បានសន្យាមិនឲ្យមានរឿងបែបនោះកើតឡើងម្ដងទៀតទេ។ "ពួកគាត់ប្រហែលជាគិតថាការលួច Live នោះគឺជារឿងលេងសើច តែមិនដូច្នោះទេ ហើយយើងមានវិធានការរួចរាល់អស់ហើយ បើមានជាលើកទី ៣ អ្នកប្រព្រឹត្តនឹងប្រឈមមុខចំពោះមុខច្បាប់”។
សម្រាប់រោងភាពយន្តដទៃទៀតបានឲ្យ Sabay ដឹងថា មិនទាន់ប្រទះដូចករណីរបស់រោងភាពយន្ត Major Cineplex by Cellcard ទេ។
ទិដ្ឋភាពនៃច្បាប់៖
ការផ្សព្វផ្សាយស្នាដៃបន្តដោយគ្មានការអនុញ្ញាត ទោះក្នុងមធ្យោបាយអ្វីក៏ដោយ ចាត់ជាបទល្មើសរំលោភកម្មសិទ្ធិបញ្ញារបស់អ្នកនិពន្ធ ដែលមានចែងក្នុងមាត្រាទី៦៤ នៃច្បាប់សិទ្ធិអ្នកនិពន្ធ និងសិទ្ធិប្រហាក់ប្រហែល ដែលត្រូវបានប្រកាសឲ្យប្រើដោយព្រះរាជក្រមលេខ នស/រកម០៣០៣/០០៨ ចុះថ្ងៃទី០៥ មីនា ឆ្នាំ ២០០៣។
តាមច្បាប់នេះ អ្នកប្រព្រឹត្តល្មើស នឹងត្រូវផ្ដន្ទាទោសដោយការផាកពិន័យពី ១លាន ទៅ ៥លានរៀល ឬនឹងត្រូវផ្ដន្ទាទោសជាប់ពន្ធនាគារពី១ខែ ទៅ៣ខែ។ ករណីបទល្មើសកើតឡើងច្រើនដង ការផ្ដន្ទាទោសត្រូវគុណនឹងចំនួននៃការប្រព្រឹត្ត។ ករណីមិនរាងចាល ត្រូវផ្ដន្ទាទោសទ្វេដងនៃទោសពីមុន៕
តួឯកប្រុស -ស្រី រឿង ចន្រ្ទា
poster រឿង "រថភ្លើងទៅប៊ូសាន"
ចុចអាន៖ម្ចាស់ផលិតកម្ម ប្រតិកម្មធ្ងន់ៗទៅលើបុគ្គលថារឿង ”ចន្ទ្រា” បានពិន្ទុ ២/៥
អត្ថបទ៖ទ្រី រ៉ាវី